កាលពីម្សិលមិញ ក្រុមហ៊ុន RMA Cambodia បានបើកសាលតាំងរថយន្ត Jaguar Land Rover ដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនេនះនឹងក្លាយជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាកដ៏ល្បីរបស់ប្រទេសអង់គ្លេសនេះ ដែលក្រុមហ៊ុន Tata Motors របស់ប្រទេសឥណ្ឌាបានទិញយកកាលពីឆ្នាំ២០០៨។
ភ្នាក់ងារចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន RMA Cambodia នេះ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ហើយនៅមិនឆ្ងាយពីសាលតាំងបង្ហាញរថយន្តម៉ាក Ford ដែលជារបស់ក្រុមហ៊ុនក្នុងស្រុក RMA Cambodia ដែរនោះ នឹងលក់រថយន្ត Jaguar ក្នុងតម្លៃចន្លោះពី១៤៥.០០០ ដុល្លារដល់ ១៦៥.០០០ដុល្លារ នេះបើតាមការឲ្យដឹងពីលោក ហិន សុភាព អគ្គនាយករងទទួលបន្ទុកផ្នែករថយន្តរបស់ក្រុមហ៊ុន RMA Cambodia ។
លោក សុភាព បានមានប្រសាសន៍ថា “ យើងសង្ឃឹមថា នឹងអាចទាក់ទាញអតិថិជន ដែលចូលចិត្តប្រើរថយន្តម៉ាកទំនើបៗ ដោយកំណត់តម្លៃមធ្យមដែលយើងធ្លាប់បានកំណត់សម្រាប់រថយន្តម៉ាក [Ford] ហើយយើងសង្ឃឹមថា នឹងសម្រេចគោលដៅរបស់យើងដែលចង់ក្លាយជាក្រុមហ៊ុនលក់រថយន្តនាំមុខគេនៅក្នុងទីផ្សាររថយន្ត”។
លោក ស្ទីវ ម៉ាទីន (Steve Martin) នាយកប្រចាំតំបន់របស់ក្រុមហ៊ុន Guava International Ltd. ជាក្រុមហ៊ុនតំណាងឲ្យរថយន ្តJaguar Land Rover បានឲ្យដឹងថា ចំណុចសំខាន់ដែលអាចធ្វើឲ្យការលក់រថយន្តម៉ាក Jaguar នេះទទួលបានជោគជ័យនៅក្នុងប្រទេសមួយដែលមានរថយន្តជាច្រើនត្រូវបាននាំចូលតាមច្រករបៀងគឺត្រូវផ្តោតលើសេវាកម្មថែទាំរថយន្តក្រោយការលក់។
រថយន្ត Jaguar គឺជាចំណូលថ្មីនៅក្នុង ទីផ្សាររថយន្តរបស់ប្រទេសកម្ពុជា ប៉ុន្តែ Land Rover មិនមែនទេ ហើយការលក់ចែកចាយផ្តាច់មុខនូវរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន RMA នេះ ដែលនឹងចូលប្រឡូកជាផ្លូវការនៅដំណាច់ខែនេះ ត្រូវរង់ចាំក្រុមហ៊ុន Envotech Co. Ltd., ដែលធ្លាប់ទទួលបានសិទ្ធិផ្តាច់មុខលក់រថយន្តម៉ាក Land Rover អស់សិទ្ធិសិន។
ក្រុមហ៊ុន Guava International Ltd. បានផ្តល់សិទ្ធិផ្តាច់មុខក្នុងការលក់រថយន្តម៉ាក Land Rover ទៅឲ្យក្រុមហ៊ុន Envotech Co. Ltd., កាលពីឆ្នាំ២០០៥។
តែទោះជាយ៉ាងណា ចាប់តាំងពីក្រុមហ៊ុន RMA Group បានទិញយកក្រុមហ៊ុន Guava International Ltd. កាលពីឆ្នាំ២០០៧មក ក្រុមហ៊ុន Envotech Co. Ltd., នឹងបាត់បង់សិទ្ធិលក់រថយន្តម៉ាក Land Rover របស់ខ្លួនជាផ្លូវការ នៅពេលកិច្ច្សន្យាដែលមានរយៈពេលជិតមួយទសវត្សរ៍របស់ខ្លួន អស់សុពលភាពនៅដំណាច់ខែនេះ។
លោក ហ្វីន វិហ្គោ ហ្គាន់ដឺសេន (Finn Viggo Gundersen) អគ្គនាយករបស់ក្រុមហ៊ុន Envotech Co. Ltd., បានមានប្រសាសន៍កាលពីម្សិលមិញថា“ ជាការពិតណាស់យើងមិនសប្បាយចិត្តទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនៅតែទទួលបានសិទ្ធិលក់គ្រឿងបន្លាស់រថយន្តម៉ាក Land Rover និងអាចផ្តល់សេវាកម្មក្រោយការលក់បាន្ត”។
ទោះបីជាក្រុមហ៊ុន Envotech Co. Ltd., បាត់បង់សិទ្ធិលក់រថយន្តម៉ាក Land Rover ក៏ដោយ ក៏ទីផ្សារលក់រថយន្តទំនើបៗ របស់ក្រុមហ៊ុននេះមិនទាន់ចប់នោះទេ ព្រោះក្រុមហ៊ុននេះកំពុងទាក់ទងក្រុមហ៊ុន King Long ដែលជាក្រុមហ៊ុនលក់រថយន្តទំនើបៗរបស់ប្រទេសចិន ដើម្បីនាំរថយន្តទំនើបៗមកលក់នៅក្នុងប្រទេសកម្ពុជា។
លោក ហ្គាន់ដឺសេន បានលើកឡើងថា ការនាំចូលរថយន្ត Jaguar Land Rover ស៊េរីថ្មីនេះនឹងបន្ថែមរថយន្តសេ៊រីថ្មីនៅក្នុងទីផ្សាររថយន្តរបស់ប្រទេសកម្ពុជា ដែលមានរថយន្តម៉ាកទំនើបៗដូចជា មា៉កAudi មា៉កBMW មា៉កMercedes និង មា៉កPorsche។ ហើយរថយន្តម៉ាកថ្មីទំនើបៗទាំងនេះកំពុងប្រកួតប្រជែងដើម្បីយកចំណែកទីផ្សារនៅក្នុងទីផ្សារដ៏តូចរបស់ប្រទេសកម្ពុជា ដែលគួរឲ្យទាក់ទាញមួយនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថាទីផ្សារវាពិតជាមាន ប៉ុន្តែគ្រាន់តែវាតូច។ កាលពីមុនមិនសូវជាមានអ្នកវណ្ណៈក ណ្តាលនោះទេ ប៉ុន្តែឥឡូវនេះវាមានហើយ”៕ ស៊ុយឈាង