27.5 C
Phnom Penh

អនុវត្ត​​​បម្រាម​​​​​​ធ្វើ​​​បាតុកម្ម​​​យ៉ាង​​​តឹង​​​រុឹង​​​​​​នៅ​​​ទិវា​​​សិទ្ធិនារី​​​អន្តរជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​ក្រុង​ភ្នំពេញ បានបិទ​ទីលាន​ប្រជា​​​​​ធិបតេយ្យ​​​​​​​ និង​​​បាន​​​​រារាំង​មិន​ឲ្យ​សកម្ម​​​ជន​សិទ្ធិ​ដីធ្លី​ហែក្បួន​កាលពីព្រឹកថ្ងៃសៅរ៍ ដើម្បី​​​​​​​ទប់​​​ស្កាត់​​​​​​កុំ​​​​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​​​​ដោយ​​​អហិង្សា​ដូច​ដែល​បាន​គ្រោង​ទុក​នៅ​ទិវា​សិទ្ធិនារី​អន្តរ​​​ជាតិ​។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្ហាញ​​​ថា លោក​បាន​​​​​ផ្ដល់​សិទ្ធិ​ជួប​ជុំគ្នា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​វិញ​ហើយ ដោយ​កែ​ប្រែ​បម្រាម​មិន​ឲ្យ​ធ្វើបាតុ​កម្ម​ដែល​ក្រសួង​មហាផ្ទៃ​បាន​ចេញ កាលពី​ថ្ងៃ​ទី​៤ ខែមករា ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​បង្ក្រាប​បាតុកម្ម​ដែល​រិះគន់​រដ្ឋាភិបាល និង​ជួន​កាល​បង្ក្រាប​ដោយ​ហិង្សា​ទៀត​ផង​។

នៅ​ម៉ោង​ប្រហែល​៧​ព្រឹក​ថ្ងៃ​សៅរ៍ នគរ​បាល​ចាប់​ផ្ដើម​ដាក់​រនាំង​ដែក​កម្ពស់​ពីរ​ម៉ែត្រ​បិទ​ទីលាន​ប្រជា​ធិបតេយ្យ​ពី​ខាង​កើត និង​ខាង​​​លិច និង​បិទ​ផ្លូវ​ចូល​ទីលាន​ប្រជា​ធិបតេយ្យ​ពី​ខាង​ជើង​ និង​ខាង​ត្បូ​ង​។

នៅ​មុន​ម៉ោង​៨ព្រឹក​បន្តិច​ សន្តិសុខ​ខណ្ឌ​ដូន​ពេញ ជា​​​បុរស​​​ពាក់​មួក​សុវត្ថិភាព​ពណ៌​​​​ខ្មៅ​ដែល​​បង្ហាញ​ពីការ​មិនអត់​ឱន​របស់​រដ្ឋា​ភិបាលចំពោះ​ការ​ជួប​ជុំគ្នា​ជា​​សាធារណៈ​​​​នោះ ​​បាន​ចាប់​ផ្ដើម​ដេញ​អ្នក​កាសែត និង​អ្នក​​​​សង្កេត​​ការណ៍សិទ្ធិមនុស្ស​ដែល​បាន​ជួប​​ជុំគ្នា​នៅ​​​​​​ជិត​​​​​​នោះ ឲ្យ​​​​​​ចេញ​​​​​​ពី​​​​សួន​នេះ​​​។

មន្ត្រី​ក្រុង​ម្នាក់​ដែល​ស្រែក​តាម​ឧបករណ៍​​បំពង​សំឡេងពីលើ​រថយន្ត​នគរ​បាល​បាន​ជំរុញ​ប្រជា​ពល​រដ្ឋមិន​ឲ្យ​សាក​ល្បង​កម្លាំង​អាជ្ញាធរ​នៅ​ថ្ងៃ​ឈប់​សម្រាក​។

បុរសរូប​នោះ​បាន​និយាយ​ថា “បង​ប្អូនគួរ​នាំប្រពន្ធកូន​ទៅកម្សាន្ត​នៅ​កន្លែង​ផ្សេង​វិញ​ កុំមកទីនេះអី​។ ប្រសិន​បើ​បង​ប្អូន​មិន​ស្ដាប់​ទេ យើង​នឹង​ចាត់​វិធានការ​”។

មន្ត្រី​នេះ​បាន​បន្ត​ទៀត​ថា “នេះគឺ​ជា​ទិវា​សិទ្ធិ​នារីអន្តរជាតិ​ មិន​មែន​តែ​ប្រជា​ពល​រដ្ឋ​ទេដែល​​ត្រូវ​ការ​សម្រាក​ ប៉ុន្តែ​អាជ្ញាធរ​ក៏​ត្រូវ​កា​រ​សម្រាក​ដែរ​ ប៉ុន្តែ​បង​ប្អូន​មិន​ប្រើ​ខួរ​ក្បាល​​ទេ ហើយ​បាន​មក​បង្ក​ភាព​អនាធិបតេយ្យ​”។ លោក​បន្ថែម​ថា “យើង​មិន​រំលោភ​សិទ្ធិ​បង​ប្អូន​ទេ ប៉ុន្តែ​បង​ប្អូន​រំលោភ​សិទ្ធិយើង​”។

ប៉ុន្មាន​នាទីក្រោយមក​ដោយ​មាន​កម្មករ​រោងចក្រ​កាត់ដេរ​ជាច្រើននាក់​ប្រមូល​ផ្ដុំគ្នា​នៅ​ជិត​ស្ពាន​នាគ​តាម​មហាវិថីព្រះ​នរោ​ត្តម​នោះ សន្តិសុខ​ខណ្ឌ​បាន​ឡោម​ព័ទ្ធ​អ្នកស្រី​ យ៉ាង ​​​សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ជា​សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដែល​រៀបចំ​វេទិកា នៅទីលាន​ប្រជា​ធិបតេយ្យ​។

អ្នកស្រី សុភ័ណ្ឌ បាន​ប្រាប់​សន្តិសុខ​ថា ពួក​គេ​កំពុង​បំពាន​ច្បាប់​ចំពោះការ​រារាំង​សិទ្ធិ​ជួប​ជុំគ្នា​របស់​ប្រជា​ពល​រដ្ឋ​។ អ្នកស្រី​ សុភ័ណ្ឌ បាន​មាន​ប្រសាសន៍ទៅ​កាន់​បុរស​ពាក់​មួក​សុវត្ថិភាព​ពណ៌ខ្មៅ​ទាំង​នោះ​ថា “លោក​មិន​អាច​បំពាន​ច្បាប់​បាន​ទេ។​​ឥឡូ​វនេះ​ទីលាន​ប្រជា​ធិបតេយ្យ​បាន​ក្លាយ​ជា​សមរភូមិ​របស់​អ្នក​មាន​អំណាច​។

អ្នកស្រី​ សុភ័ណ្ឌ បាន​ប្រាប់​សន្តិសុខ​ទាំង​នោះ​ថា យើង​ត្រូវ​ក្រោក​ឈរ​​​​រួប​​​រួម​​​​គ្នា ដើម្បី​​​​ឲ្យ​មានការ​ដោះ​លែង​មនុស្ស​ទាំង​២១​នាក់​ ហើយ​យើង​ចង់​ឲ្យ​កម្មករ​របស់​យើង​​ទទួល​បាន​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ ដូច្នេះ​យើង​តស៊ូ​ជាមួយគ្នា​”។

បន្ទាប់​មក​សន្តិសុខ​ខណ្ឌ​បាន​ចាប់​ផ្ដើម​រុញ​អ្នកស្រី សុភ័ណ្ឌ និង​សហការី​មួយ​ក្រុម​តូច​ឲ្យចេញពីចិញ្ចើម​ផ្លូវ​ទៅលើ​មហាវិថីព្រះ​នរោត្តម និង​​​បាន​ដេញ​តាម​បុរស​ម្នាក់​ទៀត ហើយ​​​សន្តិសុខ​ម្នាក់​បាន​គប់​ដំបង​​​​​​របស់​​​គាត់​​​ចំខ្នង​បុរស​នោះ​ ប៉ុន្តែ​សន្តិសុខ​ខណ្ឌ​បាន​ដក​ចេញ​វិញភ្លាមៗ​ ហើយ​បាន​ស្ថិត​នៅ​ជាមួយ​នគរ​បាល​នៅ​ក្នុង​ទីលាន​ប្រជា​ធិបតេយ្យ។

លោក អុឹម វុត្ថា ប្រធាន​សន្តិ​​​សុខ​​​ខណ្ឌ​ដូន​ពេញ បាននិយាយ​ថា គាត់​គ្រាន់​តែ​បំពេញ​ការ​​​​ងារ​របស់​គាត់​ប៉ុណ្ណោះ។ ​​​លោក​​​​និយាយ​ថា “បងប្អូន​​​មិន​អាច​ឈរ​នៅទីនេះ​ទេ”។

មាន​នគរ​បាល​បង្ក្រាប​បាតុកម្ម​រាប់​រយ​នាក់​​កំពុង​ហាត់​សម​នៅ​ចុង​ខាង​លិច​នៃ​​ទីលាន​នេះ​​​​ពេញ​មួយព្រឹក​ និង​មាន​​កង​រាជ​​​​អាវុធ​ហត្ថ​​រាប់​រយ​នាក់​នៅ​ជិត​ស្ថានីយរថ​ភ្លើង​​ ក្រោយ​​​មក​អ្នក​តវ៉ា​ពី​៣០០​ទៅ​៤០០​នាក់​បាន​​​​ទៅចូលរួម​វេទិកានោះ​ ដែ​លអ្នក​រៀប​ចំ​បាន​​​និយាយ​ថា មាន​កម្មករ​ចូល​រួម​ប្រហែល​៣០​.០០០​​​​នាក់​។

ទាំង​សាលា​រាជ​ធានី និង​ក្រសួង​មហាផ្ទៃ​បាននិយាយ​ថា មិន​អនុញ្ញាត​ឲ្យ​រៀប​ចំវេ​ទិ​កា​​នេះទេ ព្រោះ​​​វា​​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ ដែល​អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធា​រណៈ​។

ពេញមួយ​ព្រឹក​នោះ មេដឹកនាំ​សហជីព​នានា​រួមទាំង​លោក រ៉ុង ឈុន ប្រធាន​សមា​គម​​​​​​​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ និងលោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីពចលនា​កម្មករ​បាន​ឈរ​នៅលើ​ជើង​ម៉ា​នៅ​ក្នុង​ទីលាន​នេះ​ដើម្បី​ថ្លែង​ទៅកាន់​ក្រុម​អ្នក​ចូល​រួម​ដែល​មាន​ចំនួន​ប្រហែ​ល​គ្នា​​និងចំនួន​អ្នក​តវ៉ា​​​​ដែល​​​​ជា​​​​​សមា​ជិក​​​អង្គការ​សិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

ថ្នាក់​ដឹកនាំ​សហជីព​បាន​​បង្ហាញពីការ​ទាម​ទារ​របស់​ខ្លួន​​​​នៅ​​​ក្នុង​​​​ការ​ធ្វើ​កូដកម្ម​​ដែល​គ្រោង​​​ធ្វើ​នៅពាក់​កណ្ដាល​សប្ដាហ៍​នេះ​ គឺ​​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ ការ​ដោះលែង​អ្នក​តវ៉ា​ទាំង​២១​នាក់​ដែ​ល​បាន​ជាប់​ពន្ធនាគារ​បន្ទាប់​ពីមាន​ការ​បង្ក្រាប​ដោយហិង្សា​​ទៅលើការ​ធ្វើ​បាតុកម្ម​របស់កម្មករ​រោងចក្រកាត់ដេរ​កាល​ពីខែមករា​ ការ​ផ្ដន្ទាទោស​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​បាញ់​សម្លាប់​កម្មករ​ប្រាំ​នាក់ និង​ធ្វើ​ឲ្យ​ពួកគេ​រង​របួស​ជាង​៤០​នាក់​ទៀត​ និង​ការ​បញ្ចប់​ការ​គំរាម​ប្ដឹង​ថ្នាក់​ដឹកនាំ​សហជីព​។

លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹកនាំគណបក្ស​ប្រឆាំង​បាន​ឈប់​មួយ​ភ្លែត​នៅ​តាម​មហាវិថី​ព្រះនរោត្តម ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​​ខ្លួន​ចំពោះ​កម្មករ​មុនពេល​​ឡើង​ជិះរថយន្ត​ម៉ាក​ទំនើប​ពណ៌ស​មួយ​គ្រឿង​​​​ចេញទៅ​។

លោក មឿន តុលា​ ប្រធាន​កម្មវិធីការ​ងារ​នៅ​មជ្ឈមណ្ឌល​​​​អប់រំ​​​ច្បាប់​សម្រាប់សហ​គមន៍ បាន​​​មាន​ប្រសាសន៍​ថា មានមនុស្ស​តិច​ចូល​រួម​​វេទិកា​នេះ​​គឺ​ដោយ​សារ​មាន​វត្ត​មាន​នគរ​បាល​​​​​​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​សៅរ៍ និង​ដាក់​កន្លែង​ត្រួត​ពិនិត្យ​ជាច្រើន​កន្លែង​​​​នៅ​​ទូទាំង​ទីក្រុង​​ ហើយ​រថ​យន្ត​​​និង​ម៉ូតូ​រ៉ឺម៉ក​កង់​​បី​ដែល​ដឹក​មនុស្សពេញៗ​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​​​ទេ ប្រសិន​បើ​គ្មានការ​ចុះ​​​​បញ្ជី​​​ត្រឹម​ត្រូវ​។

សកម្មជន​សិទ្ធិដីធ្លី​មួយ​ក្រុម រួម​ទាំង​ព្រះ​សង្ឃ​ អតីត​ប្រជា​ពល​រដ្ឋ​មកពី​សហគមន៍​បឹង​កក់ និង​បុរីកីឡា ក៏ត្រូវ​បាន​រារាំង​មិន​ឲ្យ​ហែ​ក្បូន​​​ទៅកាន់​ក្រសួង​កិច្ច​ការ​នារី ដើម្បី​ដាក់​ញត្តិ​​​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើ​អំពើ​ហិង្សា​​​​​​​​លើ​ស្ត្រី ​​ហើយ​បង្កើន​ការ​ខំប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​​ការ​ពារ​ស្ត្រី​ពីការ​រំលោភ​បំពាន​។

បន្ទាប់ពីការ​​ប្រឈមុខ​ដាក់គ្នា​អស់​រយ​ៈ​ពេល​ប្រហែល​១ម៉ោង​ជា​មួយ​នគរ​បាល​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​ជិត​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ក្រុម​នេះ​បាន​សម្រេច​ត្រឡប់ទៅ​សហគមន៍​របស់ ពួកគេ​វិញ ហើយ​បាន​​ប្រគល់​ញត្តិ​​​របស់​ខ្លួន​ទៅ​ឲ្យ​តំណាង​សាលា​រាជ​ធានីម្នាក់​ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រសួ​ង​កិច្ច​ការ​នារី។

នៅ​ពេល​រសៀល​ ការ​ប្រគំតន្ត្រី​ដែល​​មាន​​តារា​ល្បីៗ​ចូល​រួម​​របស់​ក្រសួង​កិច្ច​ការ​នារី​នៅ​ពហុកីឡាដ្ឋានជាតិ​អូឡាំពិក​ ជា​កន្លែង​ដែល​នគរ​បាល​រាប់​រយនាក់​បាន​ហាត់​សម​កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយ​សង្ឃឹម​ថា អាច​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​វេទិកា​​​របស់​សហជីព​​​កាលពីថ្ងៃ​សៅរ៍ ដែល​មិន​បាន​ដំណើរ​ការ​៕ គឹមហឿន 

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស