នគរបាលចរាចរបាននិយាយកាលពីម្សិលមិញថា មនុស្សប្រាំនាក់បានស្លាប់ និងប្រាំពីរនាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
យោងតាមលោក សាត គឹមសាន នាយនគរបាលចរាចរខេត្តបានឲ្យដឹងថា គោយន្តដែលមានមនុស្សជិះ១៣នាក់ពេលត្រឡប់មកពីចូលរួមពិធីមង្គលការមួយនៅក្នុងឃុំជ្រៃនោះ បានព្យាយាមបើកកាត់ស្ពានទ្រុឌទ្រោមមួយ ប៉ុន្តែបានរេចង្កូតធ្លាក់ចូលទៅក្នុងស្ទឹងតែម្តង។
លោកបានមានប្រសាសន៍ថា គោយន្តនោះរអិល ហើយជ្រុលទៅបុកបង្កាន់ដៃស្ពាន ហើយធ្លាក់ចូលក្នុងស្ទឹងតែម្ដង។ លោកបានបន្ថែមថា “ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយបីនាក់ទៀតស្លាប់នៅមន្ទីរពេទ្យ”។
លោកបានមានប្រសាសន៍ថា អ្នកដំណើរដែលនៅសេសសល់ត្រូវបានជួយសង្គ្រោះ រួមទាំងអ្នកបើកបរគោយន្តផង។ លោកបន្ថែមថា ស្ទឹងដែលគោយន្តធ្លាក់ចូលនោះមានជម្រៅប្រហែល១០ម៉ែត្រ។ គ្រោះថ្នាក់នេះកើតឡើងដោយសារគោយន្តដឹកអ្នកដំណើរលើសទម្ងន់មិនមែនជារឿងចម្លែកទេនៅតាមផ្លូវក្នុងប្រទេសកម្ពុជា។
កាលពីសប្ដាហ៍មុន មនុស្សបួននាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី៕ សារុន