កាលពីថ្ងៃសុក្រលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថា វេទិកាសាធារណៈដឹកនាំដោយសហជីពដែលគ្រោងធ្វើឡើងនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃសៅរ៍នឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើឡើយ ហើយការហែក្បួនរបស់សហជីពដែលគ្រោងនឹងធ្វើនៅសប្តាហ៍ ក្រោយក៏ត្រូវបានហាមឃាត់ផងដែរ។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះត្រូវបានធ្វើឡើងអំឡុងលោកថ្លែងទៅកាន់មន្ត្រីនគរបាលជាង៣.១០០នាក់នៅបរិវេណក្រសួងមហាផ្ទៃ ហើយអំឡុងពេលនោះលោកក៏បានសរសើរដល់ការឆ្លើយតបរបស់កងសន្តិសុខចំពោះកូដកម្មនិងការតវ៉ាដែលបានបណ្តាលឲ្យពលរដ្ឋស៊ីវិលយ៉ាងតិចប្រាំពីរនាក់បាត់បង់ជីវិតនិងរាប់សិបនាក់ទៀតរងរបួស ចាប់តាំងពីខែកញ្ញាមកផងដែរ។
លោក ស ខេង ក៏បានចែកប្រាក់ដល់មន្ត្រីនគរបាលក្នុងម្នាក់ៗចំនួន៧0.០០០រៀល (១៧.៥០ដុល្លារ) បើគិតជាទឹកប្រាក់សរុបចំនួន៥៤.៤៧៧ ដុល្លារ ដើម្បីជាការដឹងគុណចំពោះការងាររបស់ពួកគេនៅក្នុងការបង្ក្រាបការតវ៉ា។ លោក ស ខេង បានថ្លែងប្រាប់មន្ត្រី នគរបាលថា “យើងត្រូវតែចៀសវាងកំុឲ្យបញ្ហានេះ [ការតវ៉ា] កើតឡើងម្តងទៀត ហេតុដូច្នេះយើងត្រូវតែរួមដៃគ្នាដើម្បីការពារសន្តិសុខជាតិ ស្ថិរភាពនិងការពារលទ្ធផលនៃការបោះឆ្នោត រដ្ឋាភិបាលនិងរដ្ឋសភារបស់យើង”។
ហើយបន្ទាប់ទៀត នៅពេលថ្លែងទៅកាន់អ្នកយកព័ត៌មាន លោកបានលើកឡើងថា សហជីពនឹងត្រូវ “អនុញ្ញាតឲ្យប្រារព្ធពិធីតែនៅក្នុងកន្លែងរបស់ពួកគេប៉ុណ្ណោះ”។ លោក ស ខេង បានមានប្រសាសន៍ថា “ហើយ [យើង] មិនអនុញ្ញាតឲ្យមានការជួបជុំនៅទីលានប្រជាធិបតេយ្យ ឬការហែក្បួនឡើយ ព្រោះវាបង្កឲ្យមានការព្រួយបារម្ភអំពីសន្តិសុខសាធារណៈដែលយើងត្រូវតែបន្តពង្រឹងបន្ថែម”។
សហជីពគ្រោងនឹងធ្វើការហែក្បួនទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃពុធទៅដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែគោល និងការដោះលែងមនុស្សទាំង២១នាក់ដែលត្រូវបានចាត់ទុកជាអ្នកទោស ហើយត្រូវបានចាប់បញ្ចូលពន្ធនាគារអំឡុង ការធ្វើកូដកម្មកាលពីខែមករា។
លោក ស ខេង បានមានប្រសាសន៍បន្ថែម ថា “វាជាតួនាទី [របស់យើង] នៅក្នុងការរក្សាសន្តិសុខ ប៉ុន្តែ យើងត្រូវតែចៀសវាងអំពើហិង្សា”។
អំឡុងពេលថ្លែងទៅកាន់មន្ត្រីនគរបាលលោក ស ខេង ក៏បានលើកឡើងដែរថា លោក សម រង្សី មេដឹកនាំគណបក្សសង្គ្រោះជាតិគឺអ្នកដែលត្រូវស្តីបន្ទោសចំពោះការស្លាប់មនុស្សប្រាំនាក់ ដែលត្រូវមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់កាលពីថ្ងៃទី៣ ខែមករា អំឡុងការធ្វើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរនៅលើផ្លូវវេងស្រេង។
លោក ស ខេង បានមានប្រសាសន៍ថា “វាដោយសារតែលោក សម រង្ស៊ី ទើបការតវ៉ាក្លាយជាមានការប៉ះទង្គិចគ្នា ហើយអំពើហិង្សានេះ បានធ្វើឲ្យរបួសទាំងនគរបាលនិងកងរាជអាវុធហត្ថ ហើយមនុស្សប្រមាណបួននាក់បានបាត់បង់ជីវិត”។
បន្ទាប់ពីមនុស្សចំនួនប្រាំពីរនាក់ត្រូវនគរបាលនិងកងរាជអាវុធហត្ថបាញ់សម្លាប់ ចាប់តាំងពីខែកញ្ញាមក គ្មានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ណាមួយត្រូវបន្ត ឬ មន្ត្រីកងសន្តិសុខណាម្នាក់ត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសនោះទេ។
លោក ស ខេង បានលើកឡើងទៀតថា ទឹកប្រាក់ជាង ៥៤.០០០ដុល្លារដែលលោកចែកទៅឲ្យមន្ត្រីនគរបាល កាលពីថ្ងៃសុក្រគឺជាអំណោយផ្ទាល់ខ្លួនរបស់លោក របស់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងរបស់សហសេវិកមួយចំនួនទៀត។
លោកក៏បានសន្យាជាមួយមន្ត្រីនគរបាលដែលបានមកជួបជុំគ្នានេះផងដែរថា នៅមានប្រាក់បន្ថែមទៀតសម្រាប់ពួកគេ ប្រសិនបើមន្ត្រីនគរបាលនៅតែបន្តការងាររបស់ខ្លួននៅក្នុងការបង្ក្រាបការតវ៉ា។
លោក ស ខេង បានថ្លែងទៅកាន់មន្ត្រីនគរបាលយ៉ាងច្រើនទាំងនោះថា “ [យើង] បានរៀបចំប្រាក់បន្តិចបន្តួចជាអំណោយសម្រាប់អ្នកទាំងអស់គ្នាដែលមានចំនួនសរុប ៣.១១៣នាក់។
កាលពីលើកមុន ខ្ញុំបានចែកឲ្យក្នុងម្នាក់ៗ ១០០.០០០រៀល (២៥ដុល្លារ) ប៉ុន្តែថ្ងៃនេះអ្នកទាំងអស់ទទួលបាន៧០.០០០រៀលក្នុងម្នាក់ៗ។ តែទោះជាយ៉ាងណា វាមិនមែនជាលើកចុងក្រោយនោះទេ ហើយនឹងមានប្រាក់លើកទឹកចិត្តបន្ថែមទៀត”។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យួរសិទ្ធិសេរីភាពនៃការជួបជុំដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញតាំងពីថ្ងៃទី៤ ខែមករា មកម៉្លេះ នៅពេលនគរបាលនិងកងរាជអាវុធហត្ថដែលគាំទ្រដោយជនស៊ីវិលប្រដាប់ដោយដំបងដែក និងដំបងឈើ បានវាយប្រហារអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីបោសសម្អាតពួកគេចេញពីទីលានប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានអះអាងកាលពីសប្តាហ៍មុនថា បម្រាមរបស់លោកនេះបានដកចេញវិញហើយ តែទោះជាយ៉ាងណាមនុស្សនៅតែរងការវាយប្រហារនិងចាប់ខ្លួននៅក្នុងសប្តាហ៍នេះ ដោយសារការជួបជុំនៅតាមផ្លូវហើយសំណើសុំធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យនិងកន្លែងផ្សេងៗទៀតត្រូវបានបដិសេធ។
ទោះបីជាមានការព្រមានពីលោក ស ខេង ក៏ដោយ ក៏លោក រ៉ុង ឈុន ប្រធានសហភាព សហជីពកម្ពុជា បានលើកឡើងកាលពីសុក្រ ថា សហជីពទាំង១៨ ដែលគ្រោងនឹងធ្វើវេទិកាសាធារណៈនៅទីលានប្រជាធិតេយ្យនឹងនៅតែបន្ត។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “ខ្មុំគិតថា វាគឺជាការរឹតបន្តឹងលើសិទ្ធិសេរីភាពនៃការជួបជុំនិងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលធ្វើអ្វីៗតាមតែសន្តិវិធីនោះ។ ប្រសិនបើរដ្ឋាភិបាលប្រើកម្លាំងមកបង្ក្រាបលើអ្នកតវ៉ាវាគឺជាការរំលោភបំពានសិទ្ធិមនុស្ស”។
ការលើកឡើងរបស់លោកត្រូវបានបន្ទរដោយលោក យា៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាដែលលើកឡើងថា ពលរដ្ឋមានសិទ្ធិធ្វើការជួបជុំ ដែលលោក ស ខេង មិនអាចយកពីពួកគេបានឡើយ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងរាជធានីភ្នំពេញ នៅវេទិកាដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រ លោក សម រង្ស៊ី បានលើកឡើងថា លោកនិងលោក កឹម សុខា អនុប្រធានបក្សមានបំណ ងទៅទីលានប្រជាធិបតេយ្យក្នុងនាមជាពលរដ្ឋធម្មតា មិនមែនជាមេដឹកនាំបក្សប្រឆាំងទេនៅព្រឹកថ្ងៃសៅរ៍។
លោកបានមានប្រសាសន៍ថា “ថ្ងៃស្អែក ខ្ញុំមិនមែនជាមេដឹកនាំ ឬក៏អ្វីផ្សេងនោះទេ។ ខ្ញុំនឹងទៅទីនោះក្នុងនាមជាភ្ញៀវដូចសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលនឹងរៀបចំពិធីនេះដែរ”។
ដោយខ្លាចជួបអំពើហិង្សាដែលអាចកើតមាននៅថ្ងៃសៅរ៍ ស្ថានទូតសហរដ្ឋអាមេរិកបានក្រើនរំឭកអំពីបញ្ហាសន្តិសុខដល់ពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយដាស់តឿនពួកគេឲ្យ “គេច ចេញពីកន្លែងមានមនុស្សកកកុញ និងកន្លែងជួបជុំផ្សេងៗទៀត ហើយចេញឲ្យឆ្ងាយភ្លាមៗពីកន្លែងដែលមនុស្សជាច្រើនកំពុងប្រមូលផ្តុំគ្នា”៕ស៊ុយឈាង