28 C
Phnom Penh

ទិវាសិទ្ធិនារី​​​ផ្តោត​លើ​ការ​​លើក​កម្ពស់​​ស្ត្រី​និង​កុមារី​ជាប់​ពន្ធ​នាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិវា​​​សិទ្ធិ​​​នារីអន្តរជាតិ​​​ត្រូវ​​​បាន​​​ប្រារម្ភ​​​ធ្វើ​​​​​​ទូទាំងពិភពលោក​​​កាលពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​មាន​​​ការ​​​​អំពាវនាវ​ឲ្យ​ផ្ដល់​​​ឱកាស​​​ស្ដារ​នីតិ​សម្បទា​​​ជា​​​ច្រើន​​​ទៀតសម្រាប់​​​​​​អ្នក​​​ទោស​​​ជាស្ត្រី​​​នៅ​​​​​​កម្ពុជា​​​ ហើយ​​​​​​​​​ករណី​​​​​​​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​នោះ ​​​​​​អំពាវនាវ​​​ឲ្យ​​​​​​មាន​​​ការ​​​​​​​​​តស៊ូ​​​និង​​​យក​​​​​​ជម្នះ​​​លើ​​​​​​ទំនៀម​​​ទម្លាប់​​​​​​​​​វប្បធម៌ដែល​​​ចាត់​ទុក​​​ស្ត្រី​​​មិន​​​​ស្មើបុរស​​​។

អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ ដែល​​​​​​ឃ្លាំ​មើល​​​​​​​ពន្ធនាគារ​​​ចំនួន​​​១៨នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​ត្រូវ​​​ផ្តល់​​​​​​​​​​ឱកាស​​​ស្ដារ​នីតិសម្បទា​​​​​​ឲ្យ​​​បាន​​​ច្រើន​​​ ដើម្បី​​​កសាង​​​ទំនុក​​​ចិត្ត​​​ និង​​​ផ្ដល់​​​ជំនាញ​​​​​​សមស្រប​​​​​​ដល​​​់​​​ពួក​​​គេ​​​ដើម្បី​​​រក​​​ការងារ​​​សមរម្យ​​​បាន​​​ធ្វើ​​​​​​នៅ​​​ពេល​​​​​​ចេញពី​​​ពន្ធនាគារ​​​​​​វិញ​​។

អង្គការ​​​លីកាដូ​​​ បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយ​​​ថា “បច្ចុប្បន្ន​​​នេះ ​​​​​​​​​អ្នក​​​ទោស​​​ជា​​​ស្ត្រី​​​​​​មាន​​​ចំនួន​​​ប្រាំបីភាគរយ​​​នៃ​​​អ្នក​​​ទោស​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា​​​ ហើយ​​​នៅ​​​តាម​​​ពន្ធនាគារ​​​ជាច្រើន​​​​​​ឱកាស​​​អប់រំ​​​និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​​​​សម្រាប់​​​ស្ត្រី​​​និង​​​ក្មេង​ស្រី​​​​នៅ​​​មិន​​​ទាន់​​​មាន​​​​​​គ្រប់គ្រាន់​​​ទេ”។

អង្គការ​​​នេះ​​​​​​​បាន​​​បញ្ជាក់​​​ទៀត​​​ថា ត្រឹម​​​ដំណាច់​​​​​​ឆ្នាំ​​​២០១៣​​​មាន​​​​​​ស្ត្រី​​​ជាប់​​​ពន្ធនាគារ​​​ចំនួន​​​​​​១.១៣៧​​​នាក់​​​និង​​​ក្មេង​​​ស្រី​​​​​​១៥​​​នាក់ ដែល​​​មាន​​​អាយុ​​​១៧​​​ឆ្នាំ​​​​និង​​ក្រោម​​​១៧ឆ្នាំ​​​ រី​​​ឯ​​​ត្រឹម​​​​​​ដំណាច់​​​​​​ខែ​​​មករា​​​មាន​​​ស្ត្រី​​​​​​មាន​​​ផ្ទៃ​​​ពោះ​​​ជាប់​​​ពន្ធនាគារ​​​ចំនួន​​​១១នាក់ និង​​​កុមារ​​​ចំនួន​​​៣៨​​​នាក់​​​។ “ជា​​​ពិសេស​​​​ក្មេង​ស្រី​គួរ​​​មាន​​​សិទ្ធិ​​​​ដូច​ក្មេង​ប្រុស​​​​ក្នុង​​​ការ​​​​​​ទទួល​​​​​​ការ​​​បណ្ដុះបណ្ដាល​​​វិជ្ជា​​​ជីវៈ​​​ ដើម្បី​​​ជួយ​​​ឲ្យ​​​​​​ពួកគេ​​​មាន​​​ការងារ​​​ធ្វើ​​​នៅ​​​ពេល​​​អនាគត​​​”។

លោក ង៉ែត​​​ សុគន្ធ ប្រធាន​​​គម្រោង​​​​​​ពន្ធនាគារ​​​របស់​​​អង្គការ​​​លីកាដូ​​​បានមាន​​​ប្រសាសន៍​​​ថា វគ្គបណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​ ​​​ភាគច្រើន​​​ជា​​​ជាង​​​ឈើ​​​និង​​​​​​​ជាង​ជួសជុល​​​គ្រឿង​​​ម៉ាសីុន​​​។

នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​មួយ​​​ មជ្ឈ​​​មណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ពី​​​ការ​​​វិវឌ្ឍ​​​ខ្លះៗ​​​​​​ចំពោះ​​​សមភាព​​​យេនឌ័រនៅ​​​កម្ពុជា​​​ទាំង​​​ផ្នែក​​​សេដ្ឋកិច្ច​​​​​​ និង​​​​​ក្នុងគ្រួសារ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​​​​លើកឡើង​​​ថា “ការ​​​វិវឌ្ឍនេះ​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​​​​ការ​​​បន្ត​​​អនុវត្ត​​​ទំនៀម​​​ទម្លាប់​​​វប្បធម៌​​​ ដែល​​​​​​ឲ្យ​​​តម្លៃ​​​បុរស​​​ជាង​​​ស្ត្រី​​​ និង​​​រើស​​​អើង​​​ចំពោះ​​​ស្ត្រី”។

មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា មិន​​​មាន​​​ស្ត្រី​​​ច្រើន​​​បម្រើ​​​ការងារ​​​នៅ​​​ក្នុង​​​​​​ជួរ​​​រដ្ឋាភិបាល​​​និង​​​នៅ​​​រដ្ឋសភា​​​ទេ​​​ ហើយ​​​ប្រឈម​​​នឹង​​​​​​ការ​​​រើសអើង​​​យ៉ាង​​​ខ្លាំងនៅ​​​​​​​​​​​​​​​ក្នុង​វិស័យ​​​​អប់រំ​​​ ការងារ​​​ ការ​​​គាំពារ​​​សុខភាព​​​ និង​​​ប្រព័ន្ធ​​​តុលាការ​​​ ជា​​​បញ្ហា​​​ដែល​​​ធ្វើ​​​ឲ្យ​​​កាន់តែ​​​ធ្ងន់ធ្ងរ​​​ឡើង​​​ដោយ​​​សារ​​​អត្រា​​​អំពើហិង្សា​​​ក្នុង​​​គ្រួសារ​​​និង​​​ការ​​រំលោភបំពាន​​​ផ្លូវ​​​ភេទ​​​ខ្ពស់​​​”។

លោក​​​ អ៊ូ វីរៈ​​​ ប្រធាន​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ស្ត្រី​​​មាន​​​ចំនួន​​​ជាង​​​ពាក់កណ្ដាល​នៃ​​​ចំនួន​​​ប្រជា​​​ពល​​​រដ្ឋ​​​សរុប​​​ទាំងអស់​​​ ប៉ុន្តែ​​​ពួក​​​គេ​​​នៅ​​​តែ​​​មាន​​​​​​តំណាង​​​​​​តិច​​​តួច​​​នៅ​​​គ្រប់វិស័យ​​​ទាំង​​​អស់​​​​​​ក្នុង​​​សង្គម​​​ខ្មែរ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​មាន​​​តែ​​​នៅ​​​ពេលផ្ដល់​​​​​​ឱកាស​​ដល់​​​ស្ត្រី​​​ស្នើ​​​នឹង​​​បុរស​​​ទេ​​​ ទើប​​​យើង​​​អាច​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ច្រើន​​​នៅ​​​ក្នុង​​​ស្ថានភាព​​​សិទ្ធិមនុស្ស​​​នៅ​​​កម្ពុជា”៕​​​ គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស