30 C
Phnom Penh

​​​ប្រទេស​​​កម្ពុជា​​​​​​​​​ចាត់​​​វិធាន​​​ការ​​​បាន​​​ល្អ​​​បំផុត​​​​​​​​​ក្នុង​​​ការ​​​​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​​អ្នក​ជំនាញ​បាន​និយាយ​កាល​​ពីថ្ងៃ​សុក្រ​ នៅពេល​បិទ​សន្និ​សីទ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​​​​រាជធានី​​​​ភ្នំពេញ​ស្តី​ពី​​ចំណាក​ស្រុក​មិន​ទៀង​ទាត់​ និង​ការ​ជួញ​ដូរ​មនុស្សថា ប្រទេស​​​កម្ពុជា​បាន​​​​​​​ផ្តល់​​​​​​​​​​ជា​​​គំរូ​​​​​​​សម្រាប់​​​​​​ការ​​​អនុវត្ត​​​ដ៏​​​ល្អ​បំផុត​នៅ​​​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​សម្រាប់​​​​​អនុ​​​សញ្ញា​​​​អាស៊ាន​នៅពេល​ខាង​មុខ​នេះ​​​​ ​​​សម្រាប់​​​ប្រឆាំង​​​​នឹងការ​ជួញ​ដូរ​មនុស្ស​។

លោកស្រី អាណែត លីដ  (Annette Lyth) នាយក​គម្រោង​ប្រចាំតំបន់​នៃ​គម្រោង​អន្ត​រ ទីភ្នាក់​​ងារ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ការ​ជួញ​ដូរ​មនុស្ស​ (UNIAP) បាន​មាន​ប្រសាសន៍​ថា តំបន់​អាស៊ាន​ គឺជា​គោល​ដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ ​​​ និង​ប្រភព​​​​នៃ​មនុស្ស​ដែល​ត្រូវ​​​គេ​ជួញ​ដូរ​ធំៗ​នៅ​លើ​ពិភព​​លោក​ ហើយ​​កាល​ពី​ឆ្នាំ​២០១២​មាន​សេចក្តី​រាយការណ៍​ថា មាន​ការ​ជួញ​ដូរ​មនុស្ស​ចំនួន​​៩៥៩​ករណី​តែ​នៅកម្ពុជា​មួយ​ប៉ុណ្ណោះ​ និង​មាន​៣៦៤​ករណី​នៅ​ភូមា​ ៨៨៣​នៅ​វៀត​​ ណាម​ ៥៩៤​នៅ​ថៃ​ និង​១៩៣​នៅ​ឡាវ​។

លោក​ស្រី លីដ បានមាន​ប្រសាសន៍ថា “ទាំ​ងនេះគឺជា​ករណីដែល​ត្រូវ​បាន​រាយ​ការណ៍​ ហើយ​ករណី​​​ភាគ​​​​ច្រើន​​មិន​ត្រូវ​បាន​រាយការណ៍​​​​ទេ​ និងមិន​មាន​ការ​ប៉ាន់​ប្រមាណ​ដែល​គួរ​ឲ្យជឿ​ទុក​ចិត្ត​បាន​ឡើយ​”។

លោក​ស្រី​បានមាន​ប្រសាសន៍​ថា “  ឥឡូវ​នេះ​​​​យើង​កំពុង​​ផ្តោត​លើការ​អប់​រំ​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​ ប៉ុន្តែ យើង​ក៏​យល់​ដែរ​ថា ការ​​​យល់​​​​ដឹង​​​អំ​ពី​គ្រោះ​ថ្នាក់​​​​មិន​អាច​រារាំង​ពួក​គេ​មិន​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ ឬ​​​​​យូរ​ៗ​ម្តង​នោះ​បាន​ទេ​”។

លោក​ស្រី​ ឃីន ម្យែតឈីត(Khine Myat Chit) មន្ត្រី​ជាន់​ខ្ពស់​នៅ​​ផ្នែក​​សហ​ប្រតិបត្តិ ការសន្តិសុខ​​នៅ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាស៊ាន​បាន​មាន​ប្រសាសន៍​​​​ថា អនុសញ្ញា​អាសា៊ន​ស្តី ពីការ​ជួញ​ដូរ​មនុស្ស​នេះនឹង​ត្រូវ​អនុម័ត​​​​មុន​ដំណាច់​ឆ្នាំ​២០១៥​ ហើយ​ប្រទេស​កម្ពុជា​បាន​ផ្តល់​គំរូ​​សម្រាប់​អនុវត្ត​​មួយ​ចំនួន​​។

លោកស្រីបានមាន​ប្រសាសន៍ថា “ នៅ​ប្រទេស​កម្ពុជា​ នៅពេល​ជួយ​សង្គ្រោះ​ និង​រក​ឃើញ​ជន​រងគ្រោះ​ណា​ម្នាក់​ និង​នៅ​មុន​ពេល​ចាប់​ផ្តើម​កាត់​ទោស​ជន​ល្មើស​ ជន​រង​គ្រោះ​អាច​វិល​ត្រឡប់​ពី​មណ្ឌល​ដែល​ពួក​គេ​ស្នាក់​នៅ​ទៅ​ផ្ទះ​របស់ខ្លួន​វិញ​បាន​។ នេះគឺ​ជា​​​​ការ​​​រៀបចំដ៏​សំខាន់​ណាស់​”។

លោក​ស្រី​ ឃីន បានមាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ជាទូទៅ​ជន​រងគ្រោះ​ត្រូវ​ស្នាក់​នៅ​មណ្ឌល​រហូត​ដល់​តុលាការ​​បើ​សវនាការ​រឿង​ក្តី​របស់​ពួក​គេ​ ហើយ​កា​រ​ស្នាក់​នៅ​ក្នុង​មណ្ឌល​បែប​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ដូច​ជា​ត្រូ​វគេ​បង្ខាំង​ទុក​ និង​រារាំង​ដល់ការ​ស្តារ​នីតិ​សម្បទា​របស់​ពួកគេ​។

លោកស្រីបាន​មាន​ប្រសាសន៍​ថា “ យើង​សូម​កោត​សរសើរ​កម្ពុជា​ចំពោះការ​ផ្តល់​ជំនួ​យ​ដល់​ជន​រងគ្រោះ​​។ ការ​ផ្តល់​ជំនួយ​នឹង​​​​មាន​​​ចែង​​​​នៅ​ក្នុង​អនុសញ្ញា​នេះ​”។

លោកស្រី​បាន​មាន​ប្រសាសន៍ថា អំពើ​ពុក​រលួយ​នៅតែ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​​បញ្ហា​សំខាន់ៗ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​ពាក់​ព័ន្ធ​នឹង​ការ​​បង្ក្រាប​អ្នក​ជួញ​ដូរ​មនុស្ស​​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ ប្រទេស ​កម្ពុជា​មិនមែន​ជា​ករណី​​​លើ​កលែង​ទេ​។ នៅ​ពេល​ដែលមាន​ការ​ជួញ​ដូរ​មនុស្ស​ អំពើ​ពុក​រលួយ​គឺជា​បញ្ហា​ប្រឈម​ដ៏ធំ​។ នៅតាម​ព្រំដែន​ យើង​ឃើញ​រថយន្ត​ក្រុង​ដឹក​មនុស្ស​​​​ពេញៗ​​​ឆ្លង​ព្រំដែន​។​​​​តើ​ពួក​គេ​អាច​ឆ្លង​ដែន​​ដោយ​ខ្លួន​ឯង​យ៉ាង​មេ៉ច​កើត​បើ​គ្មាន​មន្ត្រី​ពុក​រលួយ​នោះ​?”៕​​គឹមហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស