35 C
Phnom Penh

ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​​​​ច្រាន​​​ចោល​​​សេចក្ដី​​​រាយការណ៍​​​​​​ថា Cellcard ត្រូវ​​​ការ​​​វិនិ​​​យោគិន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​​​ប្រតិបត្តិ​​​​​​ក្រុមហ៊ុន​​​​​​រ៉ូយ៉ាល់​​​គ្រុប​​​ ដែល​​​​​​ជា​​​​​​ម្ចាស់របស់​​​​​​​​​ Cellcard ជា​​​​​​ក្រុម​​​ហ៊ុន​​​ប្រតិបត្តិករ​​​ទូរស័ព្ទ​​​ឈាន​​​មុខ​​​គេ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ បាន​​​ច្រាន​​​ចោលយ៉ាង​​​​​​​​​ដាច់​​​​​​អហង្ការ​​​​​​ចំពោះ​​​សេចក្ដី​​​រាយការណ៍​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ឡុង​​​ដ៍​​​​​​ កាលពី​​​ថ្ងៃ​​​សុក្រ​  ​ដែល​​​បាន​​​អះ​​​អាង​​​ថា ក្រុម​​​ហ៊ុន​​​​​​ទូរស័ព្ទ​​​នេះ​​​កំពុង​​​ស្វែង​​​រក​​​វិនិយោគិន​​​ ហើយ​​​ចង់​​​​​​លក់​​​អង់តែន​​​​​​ទូរ​​​គមនា​​​គមន៍​​​របស់​​​ខ្លួន​​​ ពីព្រោះ​​​ក្រុមហ៊ុន​​​នេះ​​​គ្មាន​​​លទ្ធ​​​ភាព​​​​​​បង្កើន​​​​​​​​​ដើម​​​ទុន​​​ថ្មី​​​​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ទស្សនាវដ្ដី​​​ TMT Finance ជា​​​ទស្សនាវដ្ដី​​​​​​ចុះ​​​ផ្សាយ​​​ពាក់ព័ន្ធនឹង​​​ទូរគមនា​​​គមន៍​​​និង​​​ហិរញ្ញវត្ថុ​​​ បាន​​​ចុះ​​​ផ្សាយ​​​​​​អត្ថបទ​​​​​​ដ៏​​​វែង​​​មួយ​​​លើក​​​ឡើ​​​ង​​​​​​ពីប្រភព​​​​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​នានា​​​ដែល​​​បាន​​​​​​អះអាង​​​ថា ភាគី​​​ឯក​​​ជន​​​ “ មួយ​​​ចំនួន​​​” កំពុង​​​​​​សម្លឹង​​​​​​​​​ចង់​​​បាន​​​​​​ភាគ​​​ហ៊ុន​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​ Cellcard​។

អត្ថបទ​​​ចុះផ្សាយ​​​នេះ​​​​​​បាន​​​​​​​​​អះអាង​​​ថា “ប្រភព​​​នានា​​​​​​បាន​​​លើក​​​ឡើង​​​ថា ម្ចាស់​​​​​ក្រុម​​​ហ៊ុន​​​​​​​​​រ៉ូយ៉ាល់​​​គ្រុប​​​​​​របស់​​​កម្ពុជា​​​​​​  បាន​​​ព្យាយាម​​​​​​សាជាថ្មី​​​ម្ដង​​​ទៀត​​​​​​ដើម្បី​​​លក់​​​ចេញ​​​​​​ភាគ​​​ហ៊ុន​​​ ខ្លះ​​​របស់​​​​​​ខ្លួន​​​ឲ្យ​​​ទៅ​​​វិនិយោគិន​​​មួយ​​​រូប​​​​​​។ ក្រុម​​​ហ៊ុន​​​ត្រូវ​​​ការ​​​ដើម​​​ទុន​​​ ដើម្បី​​​វិនិយោគ​​​លើ​​​បណ្ដាញ​​​របស់​​​ខ្លួន​​​ ប៉ុន្តែ​​​ម្ចាស់ឥណទាន​​​នា ពេល​​​បច្ចុប្បន្ន​​​​​​ រួម​​​ទាំង​​​ធនាគារចិន (​​​ Bank of China ​​​)​ ផង​​​នៅ​​​ពេល​​​នេះ​​​អស់​​​ប្រាក់​​​ឲ្យ​​​ខ្ចី​​​ហើយ​​​។ ក្រុមហ៊ុន​​​ CamGSM បាន​​​រៀប​​​ចំ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ឥណទាន​​​របស់​​​ខ្លួន​​​ឡើង​​​វិញ​​​ ហើយ​​​ពេល​​​នេះ​​​កំពុង​​​តែ​​​​​​​​​ខំពុះ​​​ពារបង់ការ​​​ប្រាក់​​​លើ​​​បំណុល​​​របស់​​​ខ្លួន”។

CamGSM គឺ​​​ជា​​​ក្រុមហ៊ុន​​​អាណាព្យាបាល​​​របស់​​​ក្រុមហ៊ុន​​​ Cellcard ដែល​​គ្រប់គ្រង​​​ដោយ​​​​​​ក្រុម​​​ហ៊ុន​​​រួម​​​​​​ដ៏​​​ធំ​​​នៅ​​​ក្នុង​​​ស្រុក​​​ គឺ​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប។​​​ ប្រធាន​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ គឺ​​​លោក​​​ គិត ម៉េង​​​ ដែល​​​ជា​​​មនុស្ស​​​ជំនិត​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន។ ​​​

គណៈ​​​គ្រប់គ្រង​​​របស់​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​​​​បាន​​​រិះគន់​​​​​​យ៉ាង​​​ខ្លាំង​​​​​​ចំពោះ​​​អត្ថបទ​​​ចុះផ្សាយ​​​នេះ។​​​ លោក​​​ អៀន វ៉ាត​​​សុន​​​ (Ian Watson) ប្រធាន​​​ប្រតិបត្តិ​​​របស់​​​ក្រុមហ៊ុន​​​​​​ Cellcard បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិនកំពុង​​​ស្វះស្វែង​​​​​​លក់​​​ផ្នែក​​​ណាមួយ​​​នៃ​​​ក្រុមហ៊ុន​​​នេះទេ​​​។ យើង​​​មិន​​​កំពុង​​​ចរចា​​​លក់​​​អ្វី​​​ឡើយ។​​​ គ្មាន​​​​​​អ្វី​​​កើត​​​ឡើង​​​ទេ​​​នៅ​​​ទីនេះ​​”។

លោក​​​ ម៉ាក ហាណា (Mark Hanna) នាយក​​​​​​គ្រប់គ្រង​​​ហិរញ្ញវត្ថុ​​​នៅ​​​ក្រុម​​​ហ៊ុន​​​​​​រ៉ូយ៉ាល់​​​គ្រុប ​​​​​​បាន​​​​​​​​​ចាត់ទុក​​​របាយការណ៍​​​នេះ​​​​​​ថា គ្មាន​​​ការ​​​ពិត។

​​​សេចក្ដីរាយការណ៍​​​ដើម​​​របស់​​​ទស្សនា​​​វដ្ដី​​​  TMT ​ដែល​​​ក្រោយ​​​មក​​​ត្រូវ​​​បាន​​​កែ​​​សម្រួល​​​ឡើង​​​វិញ​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​ បនា្ទប់​​​ពី​​​​​​មាន​​​សំណើ​​​ពី​​​​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ បាន​​​បន្ត​​​លើកឡើ​​​ង​​​ទៀត​​​ថា ពីមុន​​​ធនាគារ​​​ ANZ ធ្លាប់​​​ត្រូវ​​​បាន​​​​​​ជួល​​​​​​ឲ្យ​​​​​​ជួយ​​​ស្វែង​​​រក​​​អ្នក​​​ទិញ​​​ “ភាគហ៊ុន​​​ភាគច្រើន​​​នៅ​​​ក្នុង​​​អាជីវកម្មទាំង​​​មូល​​​របស់​​​​​​ក្រុមហ៊ុន​​​ CamGSM” ហើ​​​យ​​​ថា ក្រុមហ៊ុន​​​ CamGSM កំពុង​​​តែ​​​ព្យាយាម “កាត់​​​បន្ថយ” ​​​ចំនួន​​​បង្គោល​​​អង់តែន​​​ ទូរគមនាគមន៍​​​របស់​​​ខ្លួន​​​តាម​​​រយៈ​​​ការ​​​លក់​​​វា​​​​​​ចេញ​​​​​​ខ្លះ​​​​​​។

ទស្សនាវដ្ដី​​​ TMT បាន​​​អះអាងថា “ពេល​​​នេះ​​​វា​​​​​​​​​បាន​​​បញ្ចប់​​​ហើយ​​​ ទោះ​​​បី​​​ជា​​​​​​ក្រុមហ៊ុន​​​​​​ Orange និង​​​ក្រុមហ៊ុន​​​ PT Telkom Indonesia កំពុង​​​ព្យាយាម​​​ស្វះស្វែង​​​ចង់​​​បាន​​​​​​មុខ​​​ជំនួញ​​​នេះ​​​ក្ដី។នៅ​​​ទីបំផុត​​​​​​ការ​​​ចរចា​​​បាន​​​ជាប់​​​គាំង​​​អំឡុង​​​​​​ដំណើរ​​​ការ​​​ពិនិត្យ​​​​​​ផ្ទៀង​​​ផ្ទាត់​​​​​​ដោយ​​​យោង​​​លើ​​​ការ​​​​​​វាយ​​​តម្លៃ​​​​​​ ”។

របាយការណ៍​​​នេះ​​​បា​​​ន​​​ឲ្យ​​​ដឹង​​​ថា​​​ “ប្រភព​​​នានាក៏​​​​​​បាន​​​​​​លើក​​​ឡើ​​​ងថា ខណៈ​​​ពេល​​​ក្រុម​​​ហ៊ុន​​​ CamGSM ផ្ដោត​​​លើ​​​​​​ការ​​​កាត់​​​បន្ថយ​​​​​​ចំណាយ​​​​​​​​​លើ​​​អង់​​​តែន​​​របស់​​​ខ្លួន​​​​​​តាម​​​រយៈ​​​ការ​​​កាត់​​​បន្ថយ​​​ការ​​​ពឹង​​​ផ្អែក​​​របស់​​​ខ្លួន​​​​​​លើ​​​ប្រព័ន្ធ​​​ដើរ​​​ដោយ​​​ថាម​​​ពល​​​ប្រេង​​​ម៉ាស៊ូត​​​ និង​​​​​​ការ​​​ផ្លាស់​​​ប្ដូរ​​​​​​ទៅ​​​ប្រើ​​​ថាមពល​​​​​​ហាយ​​​ប្រ៊ីត ជាមួយ​​​នឹង​​​ប្រព័ន្ធ​​តាម​​​ដាន​​​ Remote Monitoring Systems ក្រុម​​​ហ៊ុន​​​នេះ​​​ក៏​​​បាន​​​​​​ចរចា​​​​​​​​​លក់​​​​​​អង់​​​តែន​​​របស់​​​ខ្លួន​​​ ដែល​​​មាន​​​សរុប​​​​​​​​​ចំនួន​​​៣.០០០​​​ទីតាំង​​​ផង​​​ដែរ​​​”។

របាយការណ៍​​​នេះ​​​បាន​​​​​​បន្ត​​​ទៀត​​​ថា “ក្រុម​​​ហ៊ុន​​​​​​មូលប័ត្រ​​​​​​ឯកជន​​​មួយ​​​​​​បាន​​​​​​បង្កើត​​​​​​មូល​​​និធិ​​​ហេដ្ឋារចនាសម្ព័ន្ធ​​​មួយ​​​ ដើម្បី​​​បញ្ចប់​​​ការ​​​ជួញ​​​ដូរ​​​​​​​​​អង់តែន​​​​​​ទាំង​​​អស់​​​របស់​​​​​​ក្រុមហ៊ុន​​​ CamGSM  ដោយ​​​ការ​​​ចរចា​​​នៅ​​​តែ​​​បន្ត​​​។​​​ គេ​​​គិត​​​ថា មាន​​​អ្នក​​​ទិញ​​​មួយ​​​ចំនួន​​​​​​ចង់​​​ទិញ​​​យក​​​​​​អង់តែន​​​​​​ទាំង​​​នោះ​​​​​​  ដោយ​​​កាល​​​ពីមុន​​​​​​ក្រុម​​​ហ៊ុន​​ Tower Bersama ធ្លាប់​​​បាន​​​​​​ពិនិត្យ​​​មើល​​​​​​ទ្រព្យ​​​សកម្ម​​​នេះ។ ក្រុម​​​ហ៊ុន​​​ Tower Bersama  បាន​​​ធ្វើ​​​ការ​​​​​​ពិនិត្យ​​​​​​ផ្ទៀង​​​ផ្ទាត់​​​ ប៉ុន្តែ​​​បាន​​​សម្រេច​​​ចិត្ត​​​មិន​​​ទិញ​​​ទេ​​​”។

លោក​​​​​​ ម៉ាក ហាណា នាយក​​​​​​ហិរញ្ញវត្ថុ​​​របស់​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​   ​ថា អត្ថបទ​​​នេះ​​​​​​​​​ស្មើនឹង​​​បង្ក​​​បញ្ហា​​​។​​​ លោក​​​បានបន្ត​​​ទៀត​​​ថា “ពួក​​​គេ​​​គ្រាន់​​​តែ​​​​​​ប្រឌិត​​​រឿង​​​ប៉ុណ្ណោះ​​​។ វា​​​មិនពិត​​​ទាល់​​​តែ​​​សោះ​”។

លោក​​​ ម៉ាក ហាណា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ពិត​​​ក្រុមហ៊ុន Cellcard កំពុង​​​តែ​​​ដំឡើង​​​អង់តែន​​​បន្ថែម​​​ទៀត​​​​​​ ហើយ​​​មិន​​​កំពុង​​​​​​កាត់​​​បន្ថយ​​​ការ​​​ពឹង​​​ផ្អែក​​​របស់​​​ខ្លួន​​​លើ​​​ប្រព័ន្ធ​​​ដើរ​​​​​​ដោយ​​​ថាម​​​ពល​​​​​​ប្រេង​​​ម៉ាស៊ូត​​​ឡើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​ Cellcard មាន​​​ប្រព័ន្ធ​​​ថាមពល​​​ពន្លឺ​​​ព្រះ​​​អាទិត្យ​​​​​​ដើម្បី​​​​​​ផលិត​​​អគ្គិសនី​​​​​​សម្រាប់​​​អង់តែន​​​នៅ​​​តាម​​​ខេត្ត​​​ឆ្ងាយៗ។

លោក​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​ [ព័ត៌មាន​​​] អំពី​​​ការ​​​ចំណាយ​​​លើ​​​អង់តែន​​​របស់​​​យើង​​​ គឺ​​​មិន​​​ពិត​​​ទាល់តែ​​​សោះ​​​។​​​ យើង​​​កំពុង​​​តែ​​​ដំឡើង​​​​​​អង់តែន​​​ចំនួន​​​៣០០​​​បន្ថែម​​​ទៀត​​​នៅ​​​ឆ្នាំ​​​នេះ​​​ ហើយ​​​ទីតាំង​​​បច្ចុប្បន្ន​​​របស់​​​យើង​​​ដែល​​​គ្មាន​​​បណ្ដាញ​​​អគ្គិសនី​​​ចូល​​​ទៅ​​​ដល់​​​​​​សុទ្ធតែ​​​​​​ដំណើរ​​​ការ​​​​​​ដោយ​​​ប្រើ​​​ថាមពល​​​ពន្លឺ​​​ព្រះអាទិត្យ​​​ និង​​​ម៉ាសីុន​​​ភ្លើង​​​”។

ប៉ុន្តែ​​​លោក​​​ពិត​​​ជា​​​បាន​​​ទទួល​​​​​​​​​ស្គាល់​​​ថា ក្រុម​​​ហ៊ុន​​​ CamGSM បាន​​​ជំពាក់​​​បំណុល​​​​​​ធនា​​​គារ​​​ពិត​​​ប្រាកដ​​​មែន​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​បំណុល​​​មួយ​​​ចំនួន​​​​​​​​​ជំពាក់​​​ធនាគារ​​​ចិន​​​។ ប៉ុន្តែ​​​វា​​​មិន​​​ច្រើន​​​ទេ”។

ឆ្លើយ​​​តប​​​នឹង​​​ការ​​​​​​អះអាង​​​របស់​​​ទស្សនា​​​វដ្ដី​​​ TMT ដែលលើក​​​ឡើង​​​​​​ថា ម្ចាស់​​​​​​ឥណទាន​​​របស់​​​​​​ក្រុម​​​ហ៊ុន​​​ CamGSM អស់​​​ទុន​​​​​​នោះ​​​ គឺ​​​មិន​​​ពិត​​​ទាល់​​​តែ​​​សោះ​​​។

ពាក់ព័ន្ធ​​​នឹង​​​ការ​​​ពិភាក្សា​​​ជាមួយ​​​ក្រុមហ៊ុន​​​ Tower Bersama ដែល​​​ចង់​​​ទិញ​​​យក​​​​​​អង់​​​តែន​​​របស់​​​​​​ក្រុមហ៊ុន​​​ CamGSM លោក​​​ ម៉ាក ហាណា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ពិភាក្សា​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ ប៉ុន្តែ​​​ថា ការ​​​ចរចា​​​បាន​​​បញ្ឈប់​​​ទៅ​​​វិញ​​​។​​​ លោក​​​ថ្លែង​​​ថា “យើង​​​​​​មិន​​​ដែល​​​ឈាន​​​ដល់​​​ដំណាក់​​​កាល​​​​​​​​​ចុះកិច្ចព្រម​​​ព្រៀង​​​ទេ”។ Cellcard គឺ​​​ជា​​​ក្រុមហ៊ុន​​​​​​ប្រតិបត្តិករ​​​​​​ទូរ​​​ស័ព្ទ​​​ធំបំផុត​​​​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ បើ​​​និយាយ​​​ពី​​​ប្រាក់​​​ចំណូល​​​ ប៉ុន្តែ​​​​​​បើ​​​និយាយ​​​ពីចំនួន​​​អ្នក​​​ចុះ​​​ឈ្មោះ​​​ប្រើប្រាស់​​​​​​​​​សេវា​​​ទូរស័ព្ទ​​​របស់​​​វា​​​ វា​​​ជា​​​ក្រុម​​ហ៊ុន​​​ធំបំផុ​​​តទី​​​៣៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស