សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដើម្បីអបអរសាទរសេចក្តីសម្រេចរបស់ក្រសួងការងារថ្មី នឹងចាប់ផ្តើមតម្រូវឲ្យមេដឹកនាំសហជីពបង្ហាញថា ពួកគេមានលិខិតថ្កោលទោស មុនពេលពួកគេចុះឈ្មោះសាខាថ្មីរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បង្ហោះតាមគេហទំព័ររបស់សមាគម GMAC ឲ្យដឹងថា “ GMAC សូមសម្តែងសេចក្តីពេញចិត្តយ៉ាងខ្លាំង និងគាំទ្ររាជរដ្ឋាភិបាល ជាពិសេសក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដាក់ចេញចំណាត់ការវិជ្ជមានសំដៅអនុវត្តច្បាប់ការងារនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការចុះបញ្ជីសហជីព”។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងនូវមាត្រា២៦៩នៃច្បាប់ការងារដែលត្រូវបានអនុម័តកាលពីឆ្នាំ១៩៩៧ ដោយចែងថា មេដឹកនាំអង្គការវិជ្ជាជីវៈ ដូចជា សហជីពជាដើមនោះ មិនត្រូវមានប្រវត្តិជាប់ទោសឡើយ។ សេចក្តីថ្លែងការណ៍របស់សមាគម GMAC មានខ្លឹមសារបន្តទៀតថា “ ការអនុវត្តយ៉ាងតឹងរឹុងលើច្បាប់ដែលមានស្រាប់ទាំងឡាយគឺជាការលើកស្ទួយនីតិរដ្ឋដែលប្រជាជនគ្រប់រូប រួមទាំងវិនិយោគិនក្នុងស្រុកកំពុងទាមទារ និងរង់ចាំ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តទៀតថា “ ចំណាត់ការវិជ្ជមានដែលមានចក្ខុវិស័យច្បាស់លាស់នេះ នឹងជួយបង្កើតបរិយាកាសសង្គម អាជីវកម្ម និងវិនិយោគ ដែលប្រាកដជាផ្តល់ភាពអំណោយផលដល់ដំណើរការនៃការអភិវឌ្ឍ”។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករដែលគាំទ្រគណបក្សប្រឆាំង បានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបដិសេធសំណើចុះបញ្ជីសាខាសហជីពថ្មីៗ ដោយទាមទារឲ្យមានលិខិតបញ្ជាក់ពីក្រសួងយុត្តិធម៌ ដែលបង្ហាញថា មេដឹកនាំសហជីពពិតជាមិនមានលិខិតថ្កោលទោសមែន។
លោក ជា មុនី បានលើកឡើងកាលពីម្សិលមិញថា បទបញ្ញត្តិដែលត្រូវបានអនុវត្តនាពេលថ្មីនេះ នឹងបង្កើតឱកាសសម្រាប់អំពើពុករលួយ និងការគំរាមមេដឹកនាំសហជីពតែប៉ុណ្ណោះ។ លោក ជា មុនី បានមានប្រសាសន៍ថា “ នេះគឺជាសកម្មភាពរើសអើងចំពោះសហជីព”។
លោក ជា មុនី បានលើកឡើងបន្តទៀតថា សហជីពនឹងទំនងជាត្រូវរង់ចាំរយៈពេលជាច្រើនខែដើម្បីទទួលបានលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ឬក៏ត្រូវសូកប៉ាន់ក្រសួងនេះដើម្បីពន្លឿនដំណើរការនេះ។
លោកបានលើកឡើងបន្ថែមទៀតថា មេដឹកនាំសហជីពដែលជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ក៏នឹងជួបការលំបាកក្នុងការចុះបញ្ជីសហជីពថ្មីៗផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីសម្រេចថ្មីនេះ បន្ទាប់ពីម្ចាស់រោងចក្រកាត់ដេរយ៉ាងតិច១៥០បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ដើម្បីប្តឹងមេដឹកនាំសហជីពប្រាំមួយ រួមមានទាំងសហជីពសេរីកម្មករដែលបានរៀបចំកូដកម្មទូទាំងប្រទេសកាលពីចុងខែធ្នូ ជាហេតុនាំឲ្យរោងចក្រជាច្រើនបិទទ្វារបណ្តោះអាសន្ន។
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទាក់ទងនឹងសេចក្តីសម្រេចរបស់ក្រសួងនេះ ក្នុងការចាប់ផ្តើមទាមទារលិខិតថ្កោលទោសពីមេដឹកនាំសហជីព តាំងពីលោក ជា មុនី បានត្អូញត្អែរអំពីបទបញ្ញតិ្តថ្មីនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕ សុធា