34 C
Phnom Penh

ចាង​ហ្វាង​កាសែត​​​​ជ​ន​​​​​ជាត​ិ​ម៉ា​​ឡេស៊ី​ស្និទ្ធ​​នឹ​ង​បក្ស​​ប្រជា​​​ជន​កម្ពុជា ​នឹ​ង​​​ចេញផ្សាយ​កា​​​សែត​​ភា​សា​អង់គ្លេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ធី ម៉ូហាន់ (T Mohan) ជន​ជាតិ​ម៉ាឡេស៊ី​ដែល​និពន្ធ​​កាសែត​ខេមបូឌាថែមស៍ (The Cambodia Times) និង​កាសែត ឌឹ វីសិន​ (The Vision) នៅ​ក្នុង​សទវត្សរ៍​ឆ្នាំ​១៩៩០ មុន​ពេល​លោកត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប៉ុន​ប៉ង​គំរាម​យក​ប្រាក់​ពី​​ប្រ​ធានប្រតិបត្តិ​​កាស៊ីណូ​ម្នាក់​ ជួស​មុខ​ឲ្យ​ក្រុម​មួយ​ដែលត្រូវ​បានគេ​ចោទ​ប្រកាន់​ថា​​បះ​បោរ​ កំពុង​រៀបចំផែនការ​បោះ​ពុម្ពកាសែត​ភាសា​អង់គ្លេស​ថ្មី​មួួយ​។

លោក ម៉ូហាន់ បាន​និពន្ធ​កាសែត​ ខេម​បូឌាថែមស៍ ដែលមាន​មូល​ដ្ឋាន​នៅ​ក្រុង​កូឡា​ឡាំពួរ​ ក្នុង​ចន្លោះ​ពីឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​​១៩៩៥​មុន​ពេល​​ធ្វើ​ជា​ចាង​ហ្វាង​និពន្ធ​របស់​កាសែត ឌឹ វីសិន រហូត​ទាល់តែ​កាសែត​នេះ​ដួល​រលំ​ក្នុង​ខែ មិថុនា ឆ្នាំ​២០០០។ លោក​​ត្រូវ​បាន​ចាប់​ខ្លួនកាលពី​ខែ​កញ្ញាឆ្នាំ​២០០០ ពី​បទ​ប៉ុន​ប៉ង​គំរាម​ទារ​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​ពី​លោក​ សុង​ ម៉េង​គង់ អនុ​ប្រធាន​កាស៊ីណូ​ណាហ្គាវើល ជួស​មុខ​ឲ្យ​ក្រុម​ឧទ្ទាម​ស្រមោល​​មួយ​ដែល​គេ​ស្គាល់​ថា​ “ ខ្មែរ​សេរី​”។

លោក ម៉ូហាន់ បាន​សរសេរ​និង​បោះ​ពុម្ព​ផ្សាយ​កាសែត​នេះ​យ៉ាង​ច្រើន​ទាក់ទង​នឹង​ សកម្មភាព​បះ​បោរ​របស់​ក្រុម​ឧទ្ទាម​ នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង ប៉ុន្តែ​អត្ថ​បទ​​ភាគ​ច្រើន​ត្រូវ​បាន​បដិសេធ​ជា​ទូទៅ​។

កាសែត​ថ្មី​របស់​លោក​ ដែលឈ្មោះ​ថា ខ្មែរ​ថែមស៍​​​​ (Khmer Times) ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រុម​ប្រឹក្សា​ Virtus Group មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​បើក​​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ជាមួយ​និង​អត្ថបទ​ផ្សព្វផ្សាយតាម​អុិន​ធើណិត​ដោយ​លើក​ឡើង​អំពី​សម្តីពីប្រភព​មួយដែល​មិន​បញ្ចេញ​ឈ្មោះនៅ​​​​គណបក្ស​ហ្វុ៊ន​សីុន​បិុច ដោយ​បាន​និយាយ​អំពី​ការ​យាង​ត្រឡប់​មក​កាន់​ឆាក​នយោបាយ​វិញ​របស់​​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ​ អតី​ត​នាយក​រដ្ឋមន្ត្រី​ទី​១​។​

សេចក្តី​ប្រកាស​បេសកកម្ម​មួយ​នៅ​លើ​គេហ​ទំព័រ​របស់​កាសែត​នេះ​លើក​ឡើង​ថា  ខ្លួន​​នឹង​ខិត​ខំ​រក្សា​ឯករាជភាព​​ ​ហើ​យ​នឹង​ចាប់​ផ្តើម​បោះ​ពុម្ព​ផ្សាយ​រាល់​ថ្ងៃ​ក្នុងឆ្នាំ​នេះ​។

សេចក្តី​ប្រកាស​បេសកកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា “ យើង​ជឿ​ថា មុខងារ​ដ៏​សំខាន់​របស់​រដ្ឋា​ភិបាល​គឺការ​រក្សា​សណ្តាប់​ធ្នាប់​ និង​សន្តិ​សុខ​ សម្រាប់​ប្រជាជន​ និង​ទ្រព្យ​សម្បត្តិ​ ហើយ​យើង​ជឿថា កិច្ចការ​ដ៏​សំខាន់​មួយ​ទៀត​របស់​រដ្ឋាភិបាល​គឺ​បង្កើត​បរិយាកាស​​សម្រាប់​ពង្រីក​​វិសាល​ភាព​ទំនិញ និង​សេវា​កម្ម​ដែល​មាន

​ទី​ផ្សារ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ផ្តល់​ផល​ចំណេញ​ ហើយ​ថែម​ទាំង​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​នូវ​ទំហំ​វិស័យ​សាធារណៈ​ដែល​មិន​ស្ថិត​នៅ​លើ​ទីផ្សារ​”។

អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​ខ្មែរ​ថែម៍​​ បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​អំពី​ការ​ប៉ុន​ប៉ង​របស់​សហជីព​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ក្នុង​ការ​រៀប​ចំ​វេទិកា​សាធារណៈ​មួយ​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​​ ហើយ​អត្ថបទ​នេះ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍នេះ​ជា​គំរូ​នៃ​សកម្មភាព​ធ្វើ​បាតុកម្ម​​របស់​​និន្នាការ​ប្រឆាំង​ ហើយ​កូដកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ក្នុង​រាជធានី​ភ្នំពេញ ឥឡូវ​នេះ​បាន​ទទួល​បរាជ័យ​។

អត្ថបទ​នោះ​មាន​ខ្លឹម​សារ​ថា “ ប្រជាជន​ជា​​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ស្តាប់​ប្រសាសន៍​របស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា”។

អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ចំណង​ជើង​ថា “ ដៃ​អាថ៌កំបាំង​របស់​លោក​ សម រង្ស៊ី” បាន​លើក​ឡើង​អំពី​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ខ្លាំង​ក្លា​ទៅ​សកម្មភាព​តវ៉ា និង​កូដកម្ម​ កាលពី​ដើម​ខែ​មករា​ ដែល​លើក​ឡើង​ថា រដ្ឋាភិបាល​ “ បាន​ហាម​

មិន​​ឲ្យមាន​ការ​តវ៉ា​ ក្នុង​គោល​បំណង​រក្សា​ស្ថិរភាព​នយោបាយ​ សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា”។

បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួនលោក ម៉ូហាន់​កាលពី​ឆ្នាំ​២០០០​ កាសែត​ញូវ​ស្ត្រេត​ថែមស៍ ​(New Straits Times) បាន​ចាត់​ទុក​ស្នាដៃ​របស់​លោក​កាល​ពី​អតី​តកាល​ ជា​ការ​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន។ កាលពី​ម្សិលមិញ លោក ម៉ូហាន់ មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទេ​៕ សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស