លោក ធី ម៉ូហាន់ (T Mohan) ជនជាតិម៉ាឡេស៊ីដែលនិពន្ធកាសែតខេមបូឌាថែមស៍ (The Cambodia Times) និងកាសែត ឌឹ វីសិន (The Vision) នៅក្នុងសទវត្សរ៍ឆ្នាំ១៩៩០ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងគំរាមយកប្រាក់ពីប្រធានប្រតិបត្តិកាស៊ីណូម្នាក់ ជួសមុខឲ្យក្រុមមួយដែលត្រូវបានគេចោទប្រកាន់ថាបះបោរ កំពុងរៀបចំផែនការបោះពុម្ពកាសែតភាសាអង់គ្លេសថ្មីមួួយ។
លោក ម៉ូហាន់ បាននិពន្ធកាសែត ខេមបូឌាថែមស៍ ដែលមានមូលដ្ឋាននៅក្រុងកូឡាឡាំពួរ ក្នុងចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥មុនពេលធ្វើជាចាងហ្វាងនិពន្ធរបស់កាសែត ឌឹ វីសិន រហូតទាល់តែកាសែតនេះដួលរលំក្នុងខែ មិថុនា ឆ្នាំ២០០០។ លោកត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០០០ ពីបទប៉ុនប៉ងគំរាមទារប្រាក់ចំនួន៥.០០០ដុល្លារពីលោក សុង ម៉េងគង់ អនុប្រធានកាស៊ីណូណាហ្គាវើល ជួសមុខឲ្យក្រុមឧទ្ទាមស្រមោលមួយដែលគេស្គាល់ថា “ ខ្មែរសេរី”។
លោក ម៉ូហាន់ បានសរសេរនិងបោះពុម្ពផ្សាយកាសែតនេះយ៉ាងច្រើនទាក់ទងនឹង សកម្មភាពបះបោររបស់ក្រុមឧទ្ទាម នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ប៉ុន្តែអត្ថបទភាគច្រើនត្រូវបានបដិសេធជាទូទៅ។
កាសែតថ្មីរបស់លោក ដែលឈ្មោះថា ខ្មែរថែមស៍ (Khmer Times) ត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រុមប្រឹក្សា Virtus Group មានមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងបានបើកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនិងអត្ថបទផ្សព្វផ្សាយតាមអុិនធើណិតដោយលើកឡើងអំពីសម្តីពីប្រភពមួយដែលមិនបញ្ចេញឈ្មោះនៅគណបក្សហ្វុ៊នសីុនបិុច ដោយបាននិយាយអំពីការយាងត្រឡប់មកកាន់ឆាកនយោបាយវិញរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១។
សេចក្តីប្រកាសបេសកកម្មមួយនៅលើគេហទំព័ររបស់កាសែតនេះលើកឡើងថា ខ្លួននឹងខិតខំរក្សាឯករាជភាព ហើយនឹងចាប់ផ្តើមបោះពុម្ពផ្សាយរាល់ថ្ងៃក្នុងឆ្នាំនេះ។
សេចក្តីប្រកាសបេសកកម្មនេះបានឲ្យដឹងថា “ យើងជឿថា មុខងារដ៏សំខាន់របស់រដ្ឋាភិបាលគឺការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ សម្រាប់ប្រជាជន និងទ្រព្យសម្បត្តិ ហើយយើងជឿថា កិច្ចការដ៏សំខាន់មួយទៀតរបស់រដ្ឋាភិបាលគឺបង្កើតបរិយាកាសសម្រាប់ពង្រីកវិសាលភាពទំនិញ និងសេវាកម្មដែលមាន
ទីផ្សារ ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ហើយថែមទាំងកាត់បន្ថយជាបន្តបន្ទាប់នូវទំហំវិស័យសាធារណៈដែលមិនស្ថិតនៅលើទីផ្សារ”។
អត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រខ្មែរថែម៍ បានឲ្យដឹងកាលពីម្សិលមិញអំពីការប៉ុនប៉ងរបស់សហជីពរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងការរៀបចំវេទិកាសាធារណៈមួយកាលពីថ្ងៃសៅរ៍ នៅទីលានប្រជាធិបតេយ្យ ហើយអត្ថបទនេះបានចាត់ទុកព្រឹត្តិការណ៍នេះជាគំរូនៃសកម្មភាពធ្វើបាតុកម្មរបស់និន្នាការប្រឆាំង ហើយកូដកម្មរបស់កម្មកររោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញ ឥឡូវនេះបានទទួលបរាជ័យ។
អត្ថបទនោះមានខ្លឹមសារថា “ ប្រជាជនជាច្រើនរយនាក់បានប្រមូលផ្តុំគ្នាស្តាប់ប្រសាសន៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី និងលោក កឹម សុខា”។
អត្ថបទមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ក្រោមចំណងជើងថា “ ដៃអាថ៌កំបាំងរបស់លោក សម រង្ស៊ី” បានលើកឡើងអំពីប្រតិបត្តិការបង្ក្រាបយ៉ាងខ្លាំងក្លាទៅសកម្មភាពតវ៉ា និងកូដកម្ម កាលពីដើមខែមករា ដែលលើកឡើងថា រដ្ឋាភិបាល “ បានហាម
មិនឲ្យមានការតវ៉ា ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។
បន្ទាប់ពីត្រូវបានចាប់ខ្លួនលោក ម៉ូហាន់កាលពីឆ្នាំ២០០០ កាសែតញូវស្ត្រេតថែមស៍ (New Straits Times) បានចាត់ទុកស្នាដៃរបស់លោកកាលពីអតីតកាល ជាការគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ កាលពីម្សិលមិញ លោក ម៉ូហាន់ មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយទេ៕ សុធា