27 C
Phnom Penh

អ្នកភូមិ​តំបន់បឹងកក់​ត្រូវបាន​ស្នើឲ្យ​លះបង់​ដី​របស់ខ្លួន​មួយ​ផ្នែក​ជាថ្នូរ​នឹង​ការ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​ភូមិ​ជា​ច្រើន​គ្រួសារដែល​នៅតែ​រង់​ចាំ​កា​រ​ផ្ដល​​​​់​ប័ណ្ណ​កម្មសិទ្ធិដីដូចដែលបាន​​​​សន្យា​នៅ​តំបន​់​បឹង​កក់​ក្នុង​ រាជ​ធានី​​​ភ្នំពេញ​​​នៅ​​​ឡើយ​នោះ​​បាន​លើក​ឡើង​កាល​​​​​​ពីម្សិលមិញថា អាជ្ញា​​ធរ​រាជ​ធានី​​​​នឹង​​​ផ្ដល​់​ប័ណ្ណ​កម្មសិទ្ធិ​​​​ដី​​​​​​ដែល​​​​​​​ពួក​គា​​​​ត់​​​រង់​ចាំ​ជា​យូរ​មក​ហើយនោះ​​​​​​ឲ្យ​​​ពួក​​​គាត់​​​​​​ប្រសិន​​​បើ​​​ពួកគាត់​យល់​ព្រម​​​លះបង់​​​​​​​ដី​​​​​​មួយ​​​ផ្នែក​​​របស់​​​​ពួកគាត់​​​។

អ្នកភូមិ​តំបន់បឹង​កក់​ប្រហែល​១០០​គ្រួសារ​​​​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពីគម្រោង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​​កាលពីខែ​សីហា ឆ្នាំ​២០១១​ដើម្បី​​​​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដល់​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ដែល​ប្រឈម​នឹង​ការ​បណ្ដេញចេញ​ ​​​ពី​​​សំណាក់​​​​គម្រោង​អចលន​​​ទ្រព្យ​​​​ដែល​កាន់​កាប់​ដោយ​លោក ឡៅ ម៉េង​​​ឃិន​​​ ​សមាជិក​ព្រឹទ្ធសភា​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​។

ឥឡូវ​នេះ អ្នក​ភូមិ​ប្រហែល​១០០​គ្រួសា​រ​​នោះ​ ទទួល​បាន​កម្មសិទ្ធិ​ដី​ជា​បណ្ដើរៗ​​​ហើយ​​​​ ប៉ុន្តែ​​គ្រួសារ​មួយ​ចំនួន​ត្រូវ​បានស្នើសុំឲ្យ​លះបង់​ដី​របស់​ខ្លួន​ពាក់​កណ្ដាល​​ ឬជួនកាល​លើស​ពីនេះ​​​សិន​​​​។

អង្គុយ​នៅ​លើ​កន្ទេល​ ក្នុង​ផ្ទះ​ឈើ​​​ដែល​​​គ្មាន​​​​​​របស់​​​របរ​​​អ្វី​​​នៅ​​​តំបន​​​់​បឹង​កក់​ មុន​ពេល​តំបន់​នោះ​ត្រូវ​បាន​លោក​ ឡៅ ម៉េងឃិន បូម​​​ខ្សាច់​លុប​​​​​​​នោះ​​​ អ្នក​​​ស្រី​​​​គង់ សុខា បាន​​​ពិនិត្យ​​​​មើល​បែប​បទ​ដាក់ពាក្យ​សុំ​ប័ណ្ណ​កម្ម​​​សិទ្ធិ​ដែល​មន្ត្រី​សាលា​រាជ​ធានី​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​កាលពី​ខែ​មិថុនា ដោយ​បញ្ជាក់​ថា អ្នកស្រី​មាន​ដីទំហំ​១៣៣​ម៉ែត្រក្រឡា។

អ្នកស្រី​​​បាន​​​និយាយថា ប៉ុន្តែ​នៅ​ពេល​មន្ត្រី​សាលា​រាជ​ធានី​​បាន​​​ចុះមក​​​ចែក​​​ប័ណ្ណ​កម្មសិទ្ធិ​រយៈ​ពេល​ប្រហែល​១ខែមុន ពួកគេ​បាន​ស្នើ​ឲ្យ​អ្នកស្រី​ទទួល​យក​ដីទំហំ​តែ​៧២​ម៉ែត្រក្រឡា​ប៉ុណ្ណោះ ដោយ​​​ពន្យល់​ថា ដី​ដែល​​​នៅ​សេស​សល់​ត្រូវ​ទុក​សម្រាប់​ធ្វើ​ផ្លូវ​ ឬជា​ដីរបស់​រដ្ឋ​។

អ្នក​ស្រី​បាន​និយាយ​​​អំពី​​​សំណើ​ដែល​អ្នក​ស្រី​បាន​ច្រាន​ចោលទាំង​​​ស្រុង​ថា “ ខ្ញុំ​មិន​​​អាចពន្យល់​​​ពីកំហឹង​របស់​ខ្ញុំ​បាន​ទេ​ ខ្ញុំ​មាន​​​​ការ​​​អាក់អន់​ចិត្ត​ណាស់។ ខ្ញុំមិនព្រមទទួល​យក​​​ដី​​​ក្នុង​​​​ទំហំ​នោះ​បានទេ ព្រោះ​ខ្ញុំ​បាត់​បង់​ច្រើន​ណាស់​”។

អ្នកស្រី​ សុខា ដែល​អះអាង​ថា បាន​រស់​នៅ​លើដីនេះ​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍​មក​ហើយនោះ បាន​និយាយ​ថា អ្នក​ជិត​ខាង​គាត់​ប្រហែល​៣០​គ្រួសារ​ទៀត​ស្ថិត​ក្នុង​ស្ថាន​ភាព​​​​ដូច​គ្នា​នេះដែរ​។

នៅ​ក្បែរ​ផ្ទះ​គាត់ដែរ​ លោក​ ផន សុផល កំពុង​​​បីកូន​ស្រី​របស់​គាត់​ឈរ​នៅ​ខាង​ក្រៅ​ទ្វារ​​​​ផ្ទះ។ នៅ​លើ​ស៊ុំរូបថតគឺ​ជា​​​​រូប​​​សញ្ញា​​​​​​ផ្សព្វ​​​ផ្សាយ​​​​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​​​​​ក្រដាស​​​​​​​មួយ​ទៀត​​​ប្រកាស​​​ថា​​​ ផ្ទះឈើដ៏តូច​​​របស់​គាត់​គឺ​“ ជា​​​តំបន់​​​គ្មាន​​​ការ​​​បណ្ដេញ​ចេញ”​។

លោក សុផល បាន​និយាយ​ថា សាលា​រាជ​ធានី​បាន​ចុះ​វាស់វែង​ដី​របស់​គាត់គឺមាន​​​​ទំហំ​១៨០​​​​ម៉ែត្រក្រឡា​ ប៉ុន្តែ​កាលពីខែ​មុន​បាន​ប្រគល​​​់​ឲ្យ​លោក​តែ​៧២​ម៉ែត្រ​ក្រឡា​​​ប៉ុណ្ណោះ​​​ ហើយ​បាន​សុំ​ឲ្យ​លោក “ បរិច្ចាគ” ដី​​​ដែល​នៅ​​​​សេស​សល់ដើម្បី​​​អភិវឌ្ឍ​តំបន់​នោះ។​​​លោក​បាន​បដិ​​​សេធ​​​​ ដូច​អ្នកស្រី​ សុខា ដែរ ។

លោក​និយាយ​ថា “ វា​មិន​យុត្តិ​ធម៌​ទាល់​​​​តែ​សោះ​។ ខ្ញុំ​យល​់​ព្រម​បើ​ត្រឹម​បួន​ទៅ​ប្រាំ​ម៉ែត្រ​​​​ក្រឡា ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាត់​បង់​ដី​របស់​ខ្ញុំពាក់​កណ្ដល​នោះ​ខ្ញុំ​មិនព្រម​ឡើយ​​​​។

លោក ស្លេះ មូសា អ្នកភូមិ​តំបន់​បឹង​កក់​បាន​និយាយ​ថា កាលពីពីរ​បីសប្ដាហ៍មុន គាត់​ក៏ត្រូវ​គេ​ស្នើ​សុំ​ឲ្យ​កាត់​បន្ថយ​ដីរបស់​គាត់​ពី​ទំហំ​១៦៨​ម៉ែត្រក្រឡា​មក​​តែ​៧២​ម៉ែត្រ​ក្រឡា​​​​ដែរ ហើយគាត់បាន​បដិសេធ​ដូច​អ្នក​ដទៃ​ទៀត​ដែរ​ ។

គាត់​បាន​ចោទ​លោក ប៉ា សុជាតិវង្ស អភិ​បាល​​​​រាជ​ធានីភ្នំេពញថា មិនគោរព​ពាក្យ​សន្យា​​​ដែល​លោក​បាន​ធ្វើ​នៅ​កិច្ច​ប្រជុំជាមួយ​ក្រុម​អ្នក​ភូមិ​កាល​​​ពី​​​ប្រហែល​បីខែ​មុន​។

គាត់​បាន​និយាយ​ថា “ លោក​អភិបាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​នឹង​ទទួល​បាន​ទំហំដី​តាមទំហំដែលពួកគាត់​មាន មានន័យ​ថា ពួកគាត់​នឹង​មិន​បាត់​បង់​សូម្បី​​​តែ​មួយម៉ែត្រ​។ ប៉ុន្តែ​បន្ទាប់ពី​ពួកគេ​បាន​ចុះ​វាស់វែង​ដី​របស់ខ្ញុំ​បី​លើកមក ពួកគេ​បាន​ប្រែ​​ក្រឡាស់ ហើយ​​ធ្វើដូចនេះ​តែម្តង។ ខ្ញុំ​មិន​យល់​​ឡើយ”។

លោក ម៉ែន សុខា ប្រធាន​ភូមិ​២២​ បាន​មាន​ប្រសាសន៍ថា លោក​បាន​ឮពី​ការ​ត្អូញ​​​ត្អែរ​​​​របស់​អ្នក​ភូមិ​១៨គ្រួសារថា​ពួកគាត់​ត្រូវបាន​ស្នើឲ្យ​លះបង់​ដី​របស់ខ្លួន​មួយ​ផ្នែក​ជា​ថ្នូរ​នឹង​ប័ណ្ណកម្មសិទ្ធិដី ប៉ុន្តែ​លោក​បាន​បង្វែរ​សំណួរ​ទៅ​សាលារាជធានី។

លោក ហុក ហួលីម ដែល​ជា​ប្រធាន​​​នាយក​​​ដ្ឋាន​​​​ច្បាប់​និង​សិទ្ធិមនុស្ស​នៅ​សាលារាជ​ធានី​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​​ធិប្បាយ​ ពីព្រោះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​​​ជា​​មួយ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ៕​​​សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស