35 C
Phnom Penh

សហភាពអឺរ៉ុប​ និង​រដ្ឋាភិបាល​មាន​ការ​ខ្វែង​គំនិត​​គ្នា​ជុំវិញ​ការ​ផ្តល់​សំណង​​​​ដល់​​​ប្រជា​ពលរដ្ឋបាត​់​បង់​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋា​ភិបាល​ និង​សហភាព​អឺរ៉ុប​នៅ​ខ្វែង​​គំនិត​គ្នា​នៅ​ឡើយ​កាលពីសប្ដាហ៍​មុន​អំពី​ថា​តើ​ត្រូវ​ផ្ដល់​សំណង​ដល់​គ្រួសារ​ដែល​​បាន​បាត់​បង់​ដី​ធ្លីទៅ​លើ​ក្រុម​ហ៊ុន​ចម្ការ​​អំពៅ​ដ៏​​​ចម្រូង​ចម្រាស​ក្នុង​ប្រទេស​កម្ពុជា​ដូច​ម្ដេច​ និង​ថាតើ​អ្នក​ភូមិ​ប៉ុន្មាន​គ្រួសារ​ត្រូវ​ទទួល​បាន​សំណង​នោះ ​ហើយ​ហាក​់​​​ដូច​​​ជា​​​ព្រម​ព្រៀង​​​​​​​​​ចង់ឲ្យ មាន​ភាគី​ខា​ង​ក្រៅ​​មក​ធ្វើការ​​សម្រប​សម្រួល​។

ការ​នាំចូល​ស្ករស​​​​​​ក៏​​​​បាន​​​គ្រោង​​លើក​យក​មកពិភាក្សា​នៅ​ជំនួប​ទ្វេភាគី​ស្ដីពី​ទំនាក់​ទំនង​​​​រវាង​​​សហភាព​អឺរ៉ុប​​​​និង​​​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ទីក្រុង​ព្រុច​សែល កាល​ពី​ម្សិល​​​មិញ​​​​​​ផងដែរ​។

កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ទី​៥ ខែមីនា នៅ​ក្នុង​រាជ​ធានីភ្នំពេញ រវាង​លោក ស៊ុន ចាន់​ថុល ​រដ្ឋ​​​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ហ្សង់ ហ្វ្រង់​ស័រ​កូតាំង ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​គឺ​ក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ចុង​ក្រោយ​សម្រាប់​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​ដែល​បាន​បាត់​បង់​ដីធ្លី​របស់​ខ្លួន​ទៅ​លើ​ចម្ការ​អំពៅ​ដែល​បាន​នាំចេញ​ស្ករ​ស​ទៅកាន​់ទីផ្សារ​​​​អឺរ៉ុប​ដោយ​រួច​ពន្ធ​ចាប់​តាំង​​ពីឆ្នាំ​២០១០​មក​​។

នៅ​​​​កិច្ច​ប្រជុំ​លើក​ទី​២ នៃ​គណៈ​​​កម្មា​​​ធិ​​​ការ​​​​ពិសេស​​កាល​ពីខែ​មុន ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ពី​លទ្ធ​​​ភាព​​ក្នុង​ការ​ឲ្យ​ភាគី​​​ទី​​​៣​​​​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ដំណើរ​ការ​ផ្ដល់​សំណង​ដល់​គ្រួសារ​ដែល​​​​រង​ផល​ប៉ះពាល់​ ​។ បន្ទាប់​​​ពី​​​កិច្ច​ប្រជុំ​កាលពី​​សប្ដាហ៍​មុន​ ក្រសួង​បាន​លើក​ឡើង​​​ថា ​ការ​ពិភាក្សា​​​​​​ភាគ​​​​ច្រើន​ផ្ដោត​​​​ទៅលើ​ការ​កំណត់​​​​​​​​​ថា តើ​​​​ភាគី​ទី​៣​គួរ​​ធ្វើ​​​​​​​​អ្វី​​​ខ្លះ​​​ក្នុង​​​នាម​​​ជា​អ្នក​សម្រប​សម្រួល​នោះ។

ក្រសួង​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​​​​​ថ្លែង​ការណ៍​ថា “ មាន​ការ​យល​់​ដឹង​ក្នុង​​ចំណោម​​​​អ្នក​ចូល​រួម​ថា មាន​ភាព​ខុស​គ្នា​​អំពី​ចំនួន​ និង​ប្រភេទ​​​​នៃ​​​​​​​​សំណង​​​​​​​​​​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​​​ការ​​​​ដោះស្រាយ​។

អ្នក​ចូល​រួម​បាន​ធ្វើ​កា​រ​ពិភាក្សា​យ៉ាង​ទូលំ​ទូលាយ​អំពីទំហំ និង​វិធីសាស្ត្រ​នៃ​ការ​វាយ​តម្លៃ​ពីខាង​ក្រៅ​មុន​​ពេល​កំណត់​នូវ​វិធាន​ការ​ស្វែង​រក​ដំណោះស្រាយ​តាម​ដែល​​អាច​ធ្វើ​ទៅបាន​។

លោក កែន រដ្ឋា អ្នក​នាំពាក្យ​ក្រសួង​ពាណិ​​​​ជ្ជ​​​​​កម្ម​ បាន​មាន​ប្រសាសន៍​ថា គណៈ​កម្មាធិ​​​ការ​នេះ​មិន​ទាន់​បាន​ចាប់​ផ្ដើម​ស្វែង​រក​ភាគី​ទី៣​ទេ និង​​​មិន​​​ប្រាប់​​​ថា រដ្ឋាភិបាល​ ឬ​សហ​ភាព​អឺរ៉ុប​​​​បាន​​​ដោះ​ស្រាយ​​​​​​សំណង​​​​​​ឲ្យ​​​​​​​​​​​អ្នក​ភូមិ​​​​បាន​​​ប៉ុន្មាន​គ្រួសារ​​​​ហើយ​​​​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​​បាន​​​ផ្លាស​់​ប្ដូរ​យោបល​់​គ្នាហើយ​ ប៉ុន្តែ​យើង​មិន​ទាន់​​​ឈាន​ដល​់​ការ​ព្រម​ព្រៀង​ថា  តើ​ត្រូវ​ជួយ​ដូច​ម្ដេច​នៅឡើយ​ទេ”។ លោក​បាន​បន្ថែម​ថា គណៈកម្មាធិការ​នេះ​ប្រហែល​ជា​នឹង​ត្រូវ​ជួប​ប្រជុំគ្នា​ម្ដង​ទៀត​នៅ​ពេល​ណា​​​មួយ​នៅ​ខែក្រោយ​នេះ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍នោះ លោក កូតាំង​ បាន​មាន​ប្រសាសន៍​ថា ភាគី​ទំាងពីរ “ បាន​ស្វែង​រក​វិធីសាស្ត្រ​ដ៏ប្រសើរ​បំផុត​ដើម្បី​ដោះស្រាយ​​តួលេខ​ដែល​បាន​មក​ពី​​រដ្ឋាភិ​​​បាល​ និង​សង្គម​ស៊ីវិល” ប៉ុន្តែ​លោក​បាន​បដិ​​​សេធ​មិន​និយាយ​លម្អិត​អំពី​តួលេខ​​​​​​នេះ​​​​ ឬ​ថាតើ​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​បាន​ចូល​រួម​នោះឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ការ​ពិភាក្សា​​​​នឹង​​បន្ត​នៅ​កិច្ច​ប្រជុំ​លើក​ក្រោយ​ទៀត”។

យោងតាម​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា​ដែល​បាន​តា​ម​ដាន​វិវាទ​ដីធ្លី​រវាង​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ និង​សហ​គមន៍​មូល​ដ្ឋាន​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ចម្ការ​អំពៅ​បាន​ចាប់​យក​ដី​អ្នក​ភូមិ​យ៉ាង​តិច​៣.៥០០​គ្រួសារ​ ឬ​អាច​ច្រើន​ជាង​នេះ​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​មាន​ខេត្ត​កោះកុង កំពង់​​​ស្ពឺ និង​ខេត្ត​ឧត្ត​រមាន​ជ័យ។

ក្រុមហ៊ុន​ចម្ការ​អំពៅ​មួយ​ចំនួន​ក៏បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​បណ្ដេញ​អ្នក​ភូមិ​ចេញ​ដោយ​ខុស​ច្បាប់​ បំពុល​ទឹក​ក្នុង​មូល​ដ្ឋាន​ និង​បាញ់​សម្លាប់​សត្វ​ពាហនៈ​ផងដែរ។

​យោង​តាម​តួលេខ​បឋម​របស់​សហ​ភាព​អឺរ៉ុប​បង្ហាញ​​​​ថា សហភាព​អឺរ៉ុប​បាន​នាំ​ចូល​ស្ករ​ស​​​​ចំនួន​​​៦៥​.០០០​តោន​ គិត​ជា​ទឹក​ប្រាក់​៥៣​លាន​ដុល្លារ​ពីប្រទេស​កម្ពុជា​ក្នុង​​ឆ្នាំ​២០១៣​។

អង្គការ​សិទ្ធិ​មនុស្ស​ និង​សមាជិក​សភា​សហភាព​អឺរ៉ុប​​បាន​អំពាវ​នាវ​ឲ្យ​ផ្អាក​​​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជកម្ម​សេរី​​​​ជា​​​មួយ​​​​ប្រទេស​​​​កម្ពុជា​​ ប៉ុន្តែ​សមាជិក​គណៈ​កម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប​​រហូត​មក​ទល់​ពេល​នេះ​បាន​បដិសេធ​មិន​ស៊ើប​​​អង្កេត​លើការ​ចោទ​ប្រកាន់​នោះទេ​។

ឥឡូវ​នេះ​ដំណោះស្រាយ​ដែល​ឯក​អគ្គ​​​រដ្ឋ​​​ទូត​សហភាព​អឺរ៉ុប​កំពុង​ព្យាយាម​ដោះ​ស្រាយ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជានោះ​​ទំនង​ជា​អាច​មាន​ការ​សម្រប​សម្រួល​៕ សារុន ​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស