បុរសពីរនាក់ជិះម៉ូតូប៉ុនប៉ងលួចទូរស័ព្ទស្មាតហ្វូនរបស់ភ្ញៀវទេសចរជនជាតិកាណាដា សម្រេចបានលទ្ធផលច្រើនជាងអ្វីដែលពួកគេបានរំពឹងទុកជាមុនកាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានប្រជាជនតាមចាប់នៅក្បែរកន្លែងកើតហេតុ ហើយត្រូវបាននគរបាលវាយនិងចាប់ខ្លួន។

សាក្សីបានឃើញជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ មាស ឧត្តម អាយុ២៧ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ណុប សិប្រិយ អាយុ២៣ឆ្នាំ ត្រូវបានប្រជាជនតាមចាប់នៅផ្លូវលេខ៩ក្នុងខណ្ឌចំការមន។ ចោរទាំងពីរនាក់នោះព្យាយាមឆ្លងកាត់ចរាចរ ក៏ប៉ុន្តែ ត្រូវបានក្រុមប្រជាជនចាប់ខ្លួនភ្លាមៗ ហើយផ្តួលទៅលើដី។
បុរសជនជាតិកាណាដាដែលមានទូរស័ព្ទសាំស៊ុងកាឡាក់ស៊ីត្រូវបានចោរទាំងពីរនាក់នោះប៉ុនប៉ងលួចអំឡុងពេលកំពុងជិះរុឺម៉កម៉ូតូកង់បី បានចូលរួមជាមួយប្រជាជនមួយក្រុមដើម្បីវាយទាត់ធាក់ជនសង្ស័យទាំងពីរនាក់នេះ។
ភ្ញៀវទេសចរជនជាតិកាណាដារូបនេះបានយកទូរស័ព្ទរបស់ខ្លួនចេញពីហោប៉ៅរបស់ចោរមួយក្រុមនេះ មុនពេលនគរបាលធ្វើអន្តរាគមន៍ និងបាននាំខ្លួនចោរទាំងពីរនាក់នោះចេញទៅ។ គួរបញ្ជាក់ថា ទោះបីជាត្រូវបានវាយទាត់ធាក់ក៏ដោយចោរទាំងពីរនាក់នោះនៅតែអាចងើបឈរដើរដោយខ្លួនឯងបានដោយមិនបាច់មានជំនួយ។
លោក ហ៊ាង ធារិទ្ធ អធិការនគរបាលខណ្ឌចំការមន បានថ្លែងថា ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅតុលាការដើម្បីចោទប្រកាន់ភ្លាម។
លោក ធារិទ្ធ បានឲ្យដឹងថា “យើងកំពុងប្រមូលឯកសារ ហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក ឬថ្ងៃខានស្អែក”។ មន្ត្រីម្នាក់នៅគ្លីនិក SOS អន្តរជាតិបានឲ្យដឹងកាលពីម្សិលមិញថា នៅក្នុងខែមករាចំនួនអ្នករងបួសកើនឡើងខ្លាំង បន្ទាប់ពីការប៉ុនប៉ងឆក់កាបូបដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ។
មន្ត្រីរូបនេះបានឲ្យដឹងថា ក្នុងរយៈពេលពីរសប្តាហ៍នៃខែមករា មុនចូលឆ្នាំចិន ចំនួនអ្នករងរបួសក្នុងមួយសប្តាហ៍ដោយសារការឆក់ ដែលជាធម្មតាមានចំនួនតិចតួចក្នុងមួយខែ បានកើនឡើងបួនដង ប៉ុន្តែបានត្រឡប់មករកធម្មតាវិញ៕ប៊ុននី
(រាយការណ៍បន្ថែមដោយ Doug Steele)