ស្ថានទូតបារំាងបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថ្ងៃនេះនឹងសម្ពោធអាគារស្រាវជ្រាវថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដែលនឹងប្រមូលផ្ដុំអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិដើម្បីធ្វើការស្រាវជ្រាវជំងឺឆ្លង ដែលកំពុងកើតមានឡើង។
លោក នីកូឡាស បូឌូអុីន (Nicolas Baudouin) លេខាធិការទី១នៅស្ថានទូតបារំាង បានមានប្រសាសន៍កាលពីម្សិលមិញថា សកម្មភាពនៅក្នុងប្រទេសកម្ពុជា(Active in Cambodia)រយៈពេលជាង៦០ឆ្នាំ ដែលជាអាគារស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានប៉ាស្ទ័រ នឹងផ្ដោតលើការស្រាវជ្រាវជំងឺឆ្លងដែលកំពុងកើតឡើងជាញឹកញាប់ ដូចជាជំងឺផ្ដាសាយបក្សី ឬ H5N1។
លោក បូឌូអុីន បានឲ្យដឹងថា “វិទ្យាស្ថានប៉ាស្ទ័រមិនមែនថ្មីនៅទីនេះទេ ពួកគេមានសកម្មភាពក្នុងការកម្ចាត់ជំងឺឆ្លង មានឱសថច្រើនឆ្នាំមកហើយ ហើយមជ្ឈមណ្ឌលនេះនឹងជួយបង្កើតការត្រួតពិនិត្យក្នុងតំបន់”។
បន្ទាប់ពីការសម្ពោធ ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើសិក្ខាសាលារយៈពេលពីរថ្ងៃដែលនឹងមានការចូលរួមពីសំណាក់លោកស្រី ប៉ារេ ស៊ីនូសស៊ី (Barre-Sinoussi)ពានរង្វន់ណូបែលដែលបានធ្វើការស្រាវជ្រាវច្រើនអំពីជំងឺអេដស៍ដោយមានជំនួយពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងជំនាញការល្បីៗផ្សេងទៀតមកពីប្រទេសចិន ហុងកុង កូរ៉េ បារាំង និងអង្គការសុខភាពពិភពលោក។
ស្ថានទូតបារំាងបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា “ការពិភាក្សាតុមូលមួយរៀបចំឡើងនៅថ្ងៃទី១១ ខែមីនា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនឹងផ្ដល់ឲ្យនិស្សិតកម្ពុជានូវឱកាសជជែកអំពីបញ្ហានិងការប្រឈមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ” ជាពិសេសស្ដីពីជំងឺអេដស៍៕ ប៊ុននី