29 C
Phnom Penh

នាយ​ទាហាន​ថ្មីដែល​ទើប​តែ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ទទួល​បាន​ឈ្មោះថា “តេជោអភិវឌ្ឍន៍​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​សេច​ក្តី​រាយ​ការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​គណ​​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​​ចំនួន​១១០​នាក់​ដែល​បាន​​​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ពី​រាជ​បណ្ឌិត្យសភា​យោធា​នៅ​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​សប្តាហ៍​មុន​​ទទួល​​​បាន​ឈ្មោះ​ជា​នាយ​ទាហាន​ “តេជោ​អភិ​​វឌ្ឍន៍​” ។

គេហទំព័រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​បានចុះ​ផ្សាយ​ថា មន្ត្រី​យោធា​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ពី​សាលានាយ​ទាហាន​សក​ម្ម​ (Ecole des Officer d’ Active) កាល​ពី​ថ្ងៃ​ពុធ​ គឺ​ជា​មន្ត្រី​​​យោធា​ជំនាន់​ទី​១៤​ ដែលបាន​បញ្ចប់​វគ្គ​បណ្តុះ​​​បណ្តាល​ពី​រាជ​បណ្ឌិត្យ​សភា​យោ​ធា​ហើយ​ត្រូវ​បាន​ផ្តល់​ឈ្មោះ​ជា​​នាយ​ទា​ហាន​​​តេជោ​អភិវឌ្ឍន៍នេះ​នៅ​ក្នុង​ពិធី​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​​ភាព​របស់​ឧត្តម​សេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេ​បញ្ជា​ការ​កង​យោ​ធពលខេមរភូមិន្ទ​។

សេចក្តី​រាយ​ការណ៍​នៅ​លើ​គេហទំព័រ​​របស​​​​់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែលមាន​ចំណង​ជើង​ថា ‘ នាយទាហាន​តេជោ​អភិ វឌ្ឍន៍​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​’ មាន​ខ្លឹម​សារ​ដូច្នេះ​ថា​ “ឧត្តម​សេនីយ៍​ ប៉ុល​ សារឿន​ បាន​ក្រើន​​​​​រំឭក​​​​​​​ថា ‘នាយ​ទាហាន​សកម្ម​ជំនាន់​​តេ​​ជោ​​​​​អភិ​​​វឌ្ឍន៍​​​​​​​​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​បំផុត​​​​​ចំពោះ​ជាតិ​ គោរព​និង​ស្រលាញ់ពល​រដ្ឋ​ ហ៊ាន​ពលី​ជីវិត​ដើម្បី​ការ​ពារ​ឯករាជភាព​ស្ថិរភាព​និង​បូរណ​​​​​​​​​​​​ភាព​ទឹក​ដី​​នៃ​ [ប្រទេស​កម្ពុជា​] និង​ការ​ពារ​រាល់​សមិទ្ធផល​សង្គម​ជាតិ​ទាំង​អស់​’ ”។​ “ពាក្យ​ថា​តេជោ​” គឺ​ជា​គោរម​ងារ​ដ៏​ខ្ពង់​​​​ខ្ពស់​ដែល​មាន​ន័យ​ថា “អំណាច​” ហើយ​ត្រូវ​​​បាន​​​គេ​ប្រើ​ប្រាស់​ដើម្បី​​សំដៅ​លើ​លោក​​​​​​នា​យ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​មន្ត្រី​និង​អ្នក​គាំ​ទ្រ​របស់​​​លោក​តែ​ង​តែ​ហៅ​លោក​ថា “សម្តេច​​​​​​​​​​​​​​​តេជោ​” នោះ​។

ស្ត្រី​ចំនួន​១០​រូប​ ក៏បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ចំណោម​នាយ​ទាហាន​ “តេជោ​អភិ​វឌ្ឍន៍” ទាំង​១១០​នាក់​ ដែល​សុទ្ធ​តែ​បាន​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​ដែល​មាន​រយៈពេល​បួន​ឆ្នាំនៅ​សាលា​នាយ​ទាហាន​សកម្ម​ផង​ដែរ​។

ឧត្តម​សេនីយ៍​ឯក​កង​យោធពល​ខេមរ​ភូមិន្ទ​ ផុន​ សុវ៉ា​ត​ ដែល​ត្រូវ​បាន​គេ​លើក​ឡើង​​​​ពី​ឈ្មោះ​របស់លោក​នៅ​ក្នុង​អត្ថបទ​​បង្ហោះ​លើ​គេ​ហទំព័រ​របស់​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ថា បាន​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ​ដែរ​នោះ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​​សារៈសំខាន់​នៃ​​​គោរម​ងារ​ “តេជោ​” នេះ​ឡើយ។

ចំណែក​ឯ​ឧត្តម​សេនីយ៍​ត្រី​កង​យោធពល​ខេមរ​ភូមិន្ទ​ នេត​​​​ ណាត​ ដែល​ជាអនុ​ប្រធាន​នៃ​រាជ​បណ្ឌិត្យ​សភា​យោធា​នៅ​ខេត្ត​កំពង់​ស្ពឺ​បាន​លើក​ឡើង​ថា​ ការ​​ផ្តល់​ឈ្មោះ​ជា​ “តេ​ជោ​​​​​​​អភិវឌ្ឍន៍​” នេះ​គឺ​ជា​រឿង​សាមញ្ញ។

ឧត្តម​សេនីយ៍​ត្រី​ នេត​ ណាត​ បាន​ពន្យល់​អំពី​ឈ្មោះ​ “ តេជោ​អភិវឌ្ឍន៍​” ​នេះ​ថា​ “វា​គឺ​ជា​​​​​ឈ្មោះ​របស់​ [នាយ​ទាហាន​ជំ​នាន់​នេះ​]។ ជំនាន់នីមួយៗ​ត្រូវ​បាន​ផ្តល់​ឈ្មោះ​ខុសៗ​គ្នា​”។ នៅ​ពេល​ត្រូវ​បាន​សួរ​ ថាតើ​ឈ្មោះ​ “​តេ​​ជោ​អភិវឌ្ឍន៍​” ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​យោ​ធា​ទើប​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​តំណាង​ទស្សន​ថ្មី​ដែល​ត្រូវ​បាន​បញ្ជ្រាប​​​​​​​​ដល់​ពួក​គេ​ ឬ​យ៉ាង​ណា​ ឧត្តម​សេនីយ៍​ឯក ផុន​ សុវ៉ាត​ បាន​លើ​ក​ឡើង​ថា លោក​មិន​ច្បាស់​នោះ​ទេ​។

ឧត្តម​សនីយ៍​ ប៉ុល​ សារឿន​ ក៏​បាន​លើក ឡើង​ថា​ លោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​លើ​ឈ្មោះនេះ​​ដែរ​​ ។​ ឧត្តម​សេនីយ៍​ ប៉ុល​ សារឿន​ ​មាន​ប្រសា​​សន៍​​​​​​​ដោយ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បា​យ​បន្ថែម​ថា “អ្វី​ដែល​អស់​លោក​ឃើញ​នៅ​លើ​គេហទំ​ព័រ​ អស់​លោក​អាច​ផ្សព្វ​ផ្សាយ​វា​បាន​”។

កាល​ពី​ខែ​មករា​ នាយ​ឧត្តម​សេនី​យ៍ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួងការ​ពារ​ជាតិ​បាន​ប្រើ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​លើក​ឡើង​​​​​​​ម្តង​ទៀត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គួរ​តែ​​រក្សា​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​ការ​ពារ​លោក​ ហ៊ុន​ សែន​ នៅ​ក្នុង​ជម្លោះ​កំពុង​តែ​បន្ត​រវាង​រដ្ឋាភិបាល​របស់​លោក​និង​គណ​បក្ស​សង្គ្រោះ​​​​​​​​​​​​​ជាតិ​៕ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស