32 C
Phnom Penh

រោង​ចក្រ​កាត់​ដេរ​​​ចាប់​ផ្តើម​ដំណើរការ​កំណត់​តម្លៃ​ភាគ​ហ៊ុន​សម្រាប់​លក់​ជា​សាធារណៈ​លើក​ដំបូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​សម្លៀក​បំពាក់​ ហ្គ្រេន​ ធ្វីន អុីន​​ធ័រណេសិនណល (ខេមបូឌា) ភីអិលស៊ី  [Grand Twins International (Cambodia) Plc.] ដែលជា​ក្រុម​ហ៊ុន​កាត់​ដេរ​ខោ​ខ្លី ខោវែង  អាវ​ធំ ឈុត ហែល​ទឹក​ និង​អាវយឺត​ សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​កីឡា​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ច័ន្ទ សប្តាហ៍​ក្រោយ នឹង​ចាប់​ផ្តើម​សិក្សា​តម្រូវ​ការ​វិនិយោគិន​ ដើម្បី​កំណត់​​តម្លៃ​ភាគ​ហ៊ុន​របស់​ខ្លួន​ សម្រាប់​បើក​លក់​ជា​សាធារណៈ​លើក​ដំបូង​​ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ការ​ចុះ​បញ្ជី​នៅក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា​​ ក៏​ប៉ុន្តែ កាល​បរិច្ឆេទ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ។

នៅ​ពេល​ចុះ​បញ្ជី​រួម​ ក្រុម​ហ៊ុន​ ហ្គ្រេន ធ្វីន នឹង​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ទី​២​​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​​ តាំង​ពី​ផ្សារ​មូល​បត្រ​កម្ពុជា​ចាប់​ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០១២ ដែល​មាន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ជា​ក្រុម​ហ៊ុន​រដ្ឋ​ដំបូង​គេ​ដែល​បាន​ប្រកាស​លក់​ភាគ​ហ៊ុន​ជា​សាធា​រណៈ​លើក​ដំបូង​។

លោក ឡាមុន សូលែល (Lamun Soleil) នាយក​រង​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិការ​ទី​ផ្សារ​ នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “ ដំណើរការ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៧​ សម្រាប់​រយៈពេល​ពីរ​សប្តាហ៍​ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨​ ខែ​មីនា ។​កាល​បរិច្ឆេទ​​ពិត​ប្រាកដ​សម្រាប់​ចុះ​បញ្ជី​ក្រុម​ហ៊ុន​នេះ​មិន​ទាន់​កំណត់​នៅ​ឡើយ​”។

លោក សូលែល បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដំណើរការ​នេះ​បញ្ចប់​ ពោល​គឺ​ដំណើរ​ការ​ប៊ុក​បៀល​ឌីងចប់​រួច​រាល់​ ក្រុម​ហ៊ុន​មូល​បត្រ​​ភ្នំពេញ នឹង​ចាប់​ផ្តើម​ប្រមូល​ទិន្ន​ន័យ​​ និង​កំណត់​តម្លៃ​ភាគ​ហ៊ុន​។

លោក​បាន​មាន​ប្រសាសន៍​​​ទៀត​ថា “ រយៈ​ពេល​ពី​រសប្តាហ៍​បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​ និង​ការ​កំណត់​តម្លៃ​អាយភី​អូ និង​មាន​ដំណើរ​ការ​ដាក់​ពាក្យ​ទិញ​ភាគ​ហ៊ុន​ដែល​វិនិ​យោគ​ិន​ត្រូវ​ចុះ​ហត្ថលេខា​ និង​អនុវត្ត​តាម​កិច្ច​សន្យា​ ហើយ​បន្ទាប់​មក​ រយៈពេល​ពី​រ​សប្តាហ៍​មក​ទៀត​ ការ​​បរិច្ឆេទ​ចុះ​បញ្ជី​អាច​នឹង​ត្រូវ​បាន​កំណត់​”។

យោង​តាម​គេហទំព័រ​បស់​ក្រុម​ហ៊ុ​ន​មូល​បត្រ​ភ្នំពេញ​​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន កំពុង​ស្វែង​រក​ការ​ដាក់​ពាក្យ​ទិញ​ភាគ​ហ៊ុន​យ៉ាង​តិច​១.០០០ហ៊ុន ក្នុង​តម្លៃ​ពី​១,​៨០​ដុល្លារ​ទៅ​៣,៥ដុល្លារ​។ សេចក្តី​ប្រកាស​ក្នុង​គេ​ហ​ទំព័រ​នោះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​នៃ​ដំណើរការប៊ុក​បៀល​ឌីង​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែមេសាខាង​មុខ។

លោក សូលែល បាន​លើក​ឡើង​បន្ត​ថា ក្រោយ​ពេល​ក្រុម​ហ៊ុន ហ្គ្រេន​ ធ្វីន ​ចុះ​បញ្ជី​​លោក​រំពឹង​ថា ក្រុម​ហ៊ុន​ជាច្រើន​ទៀត​នឹង​ចុះ​បញ្ជី​តាម​នេះ​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​ឃើញ​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ចុះ​បញ្ជី​នៅ​ពេល​ឆាប់​ៗនេះ។ រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​នេះ ​មាន​ក្រុម​ហ៊ុន​កំពុង​រៀប​ចំ​ដំណើរ​ការ​ចុះ​បញ្ជី​។ យើង​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​កំពុង​រៀប​ចំ​ចុះ​បញ្ជី​”។

គេហទំព័រ​របស់​ក្រុមហ៊ុន ហ្គ្រេន ធ្វីន បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​១៩៩៧ និង​ផលិត​សម្លៀក​បំពាក់​ទុក​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​កីឡា​នៅ​អា​មេរិក​រួម​មាន ក្រុម​​ហ៊ុន​ អេឌី​ដាស់ (Adidas) រីក​បក់​ (Ree​​bok) និង​ក្រុម​ហ៊ុន​សាឡូមុន (Salomon) ជា​ដើម។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ឲ្យ​ដឹង​តាម​រយៈ​គេហទំព័រ​របស់​ខ្លួន​ថា ​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ម្ចាស់​របស់​ក្រុម​ហ៊ុន​នេះ​មក​ពីតំបន់​ Virgin Islands របស់​ចក្រ​ភព​អង់គ្លេស​។

លោក ភួង វុទ្ធី មន្ត្រី​ទំនាក់​ទំនង​​ក្រុម​ហ៊ុន​ ហ្គ្រេន ធ្វីន មិន​បាន​ឆ្លើយ​តប​ទៅ​នឹងការ​​​​ហៅ​ទូរស័ព្ទ​របស់​អ្នក​សារព័ត៌មាន​ទេ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស