29 C
Phnom Penh

​​​ក្រុម​​​ហ៊ុន​​​ចិន​​​​ឈូសឆាយដី​មាន​​វិវាទក្នុង​ខេត្ត​កោះ​កុង​​ម្ត​​ងទៀត​​​​ ដោយ​​​​​​មាន​​​ការ​​​ការ​​​ពារ​​​ពី​​​ទាហាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ភូមិ​និង​​អង្គការ​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹ​ង​កាលពីម្សិលមិញ​ថា បើ​ទោះ​​​​ណា​​​ជា​មាន​បទ​បញ្ជា​ឲ្យបញ្ឈប់​ការ​ឈូស​ឆាយ​ដី​ក៏​​​ដោយ ក៏ក្រុម​ហ៊ុន​ Union Development Group ដែ​ល​កាន់​កាប់​ដោយ​ជន​ជាតិ​ចិន​នៅ​តែ​បន្ត​ឈូស​ឆាយ​ដី​របស់​អ្នក​ភូមិ​ជា​ច្រើន​​គ្រួសារ​​នៅ​ក្នុង​ខេត្ត​កោះកុង ដើម្បី​យក​​កន្លែង​​​ធ្វើ​​​ការ​​​​សាង​សង់​រមណីយដ្ឋាន​ទេស​ចរណ៍​​ដ៏ធំ​មួយ​ដដែល​។

កាលពីថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​ចេញ​សារាចរ​ណែនាំ​មួយ​​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន UDG ដែល​កាន់​កាប់​​ដីសម្បទាន​ទំហំ​៤៥.០០០​ហិកតា ស្ថិត​​ក្នុង​ព្រំប្រទល់​ឧទ្យានជាតិ​បទុម​សាគរ​ បញ្ឈប់​បំផ្លាញ​ជម្រក​របស់​អ្នក​ភូមិ និ​ង​បញ្ឈប់ការ​​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​ទៀត​​​លុះណាតែ​មាន​​ការ​ព្រម​ព្រៀង​​លើ​ការ​ផ្ដល់​សំណង​​។

​លោក អុិន គង់​ចិត្រ អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​នេះ ​​មាន​​​ប្រសា​សន៍​​ថា ក្រុម​ហ៊ុន UDG បាន​​​យល់​ព្រម​ ប៉ុន្តែ​កាល​​ពី​ចុង​សប្ដាហ៍​បាន​​​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ស្រែ​​​របស់​អ្នក​ភូមិ​​​​ប្រហែល​៣០​គ្រួសារ​ស្ថិត​ក្នុង​ឃុំតានួន ស្រុក​​បទុម​សាគរ។

លោក​​មាន​​ប្រសាសន៍​ថា ត្រាក់​ទ័រ​​ឈូស​ឆាយ​ដី​ប្រាំមួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​ UDG ដែល​ការ​ពារ​ដោយ​ទាហាន​ប្រដាប់​អាវុធ​ពីរ​នាក់​ ឥឡូវ​នេះ​កំពុង​រាន​ដី​ស្រែ​​​​ចំនួន​​​​៣០០​ហិកតា បើទោះ​ជា​អ្នកភូមិ​ជា​ច្រើ​ន​គ្រួសារ​មិន​​​ទាន់​បាន​ទទួល​សំណង​ក៏ដោយ​។ លោក អុិន គង់ចិត្រ បាន​មាន​ប្រសា​សន៍​ថា ពួកគេ​មិន​ស្ដាប់​សម្ដី​អ្នក​ភូមិ​ទេ ពួកគេ​នៅ​តែ​ធ្វើការ​ឈូសឆាយ​ដដែល​។

អ្នកស្រី ស៊ុន គឹមសឿន អាយុ​៥៨​ឆ្នាំ ជា​អ្នក​​​​ភូមិ​នៅឃុំតានួន បាន​និយាយ​ថា ការ​ឈូស​ឆាយ​​បាន​បន្ត​រហូត​​ដល់​ល្ងាច​ម្សិល​​មិញ។​ អ្នកស្រី​ គឹម​សឿន ​បាន​និយាយ​ថា“ យើង​​​​​​​បាន​ប្រាប់​ពួកគេ​ថា មាន​បម្រាម​ ប៉ុន្តែ​ពួកគេ​មិន​​ស្ដាប់​យើង​ទេ ព្រោះ​ពួក​គេ​មាន​ទាហាន​​​ប្រដាប់​អាវុធ​ការ​ពារ​”។អ្នកស្រី​បាន​បន្ថែម​ថា“ ប្រសិន​បើ​ខ្ញុំ​បាត់​បង់​ដីស្រែ​របស់​ខ្ញុំ ខ្ញុំ​អស់​​សង្ឃឹម​ហើយ​”។

យោងតាម​លោក អន ភារក្ស អភិ​បាល​ស្រុក​​​​បទុម​​​សាគរ​​​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​បាន​អនុ​វត្ត​តាម​សារាចរណែនាំ​របស់​រដ្ឋាភិបាល​ ដែល​ចែង​ថា ក្រុម​ហ៊ុន UDG “ត្រូវ​ផ្អាក​ការ​ឈូស​ឆាយ​ដីរបស់​អ្នក​ភូមិ​ ប្រសិន​បើ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​​ពី​ការ​ផ្ត​ល់​សំណង​រួច​​​រាល់​​​ទេនោះ”។

លោក ភារក្ស បាន​អះអាង​ថា “ ក្រុម​ហ៊ុន​ឈូសឆាយ​តែ​​​​ដី​​​​​​ដែល​​​​អ្នកភូមិ​ទទួល​បាន​សំណង​ហើយ​ប៉ុណ្ណោះ”។ លោក​បាន​បន្ថែម​ថា មានគ្រួសារ​មួយ​ចំនួន​តូច​​​ប៉ុណ្ណោះ​​​​​ដែល​​​មិន​ទាន់​យល់​ព្រម​ទទួល​យក​សំណង​។

លោក វ៉ាង ចាវ ប្រធាន​​ផ្នែក​ទំនាក់​ទំនង​នៅ​ក្រុម​ហ៊ុន​ UDG បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយទេ​ ដោយ​លើក​ឡើង​ថា លោក​មិន​ដឹង​ពីការ​ឈូស​ឆាយដីស្រែ​នៅ​ក្នុង​ឃុំតានួន​ទេ។ លោក​បាន​មាន​ប្រសា​សន៍​ថា “ខ្ញុំ​មិន​ដឹង​ពីហេតុការណ៍​នោះ​ឡើយ​”។

ក្រុម​អ្នកភូមិ អង្គការ​សិទ្ធិមនុស្ស​ និង​គណ​បក្ស​សង្គ្រោះជាតិ បាន​ចោទ​​ក្រុម​ហ៊ុន​ UDG ថា បាន​ដាំដំឡូង​មី​ជំនួស​ឲ្យ​ការ​សាង​សង់​​​​រមណីយដ្ឋាន​ដ៏ប្រណីត​​ក្នុង​ខេត្ត​កោះកុង។

កាលពីចុង​ខែ​មុន លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ត្រូវ​បានរងការ​​​​រិះ​គន់​ចំពោះ​ការ​ចុះ​ទៅ​ជួប​តំណាង​ក្រុម​ហ៊ុន​នៅ​​ខេត្ត​កោះ​​​កុង ប៉ុន្តែ​មិន​បាន​ទៅ​ជួប​ជាមួយ​តំណាង​អ្នក​ភូមិ​ដែល​បាន​បាត់​បង់​ដីធ្លី​របស់​ខ្លួន​ឡើយ​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស