36 C
Phnom Penh

ភាព​​​ល​ម្អៀង​ត្រូ​​វ​បា​ន​​​អះ​​អាង​ ​​​ខ​ណៈរដ្ឋា​​​ភិ​បាល​​​បង្កើ​ត​​​គ​​ណៈកម្មា​​ធិ​​កា​រ​​​ដោះ​ស្រា​​យ​​​​វិវាទ​​​ដី​​ធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដ្ឋា​​ភិបា​ល​​​ខេត្ត​កំ​​ពង់​ឆ្នាំ​ង​​បា​ន​ប​ង្កើត​គណៈ​កម្មាធិការ​ថ្មី​មួយ​ដើ​ម្បី​ជួយ​ដោះ​ស្រាយ​​វិវាទ​ដី​ធ្លី​ដែល​កើត​ឡើង​ជា​យូរ​មក​ហើយ​រវាង​កសិករ​ និង​ក្រុម​ហ៊ុន​មួយ​ជា​របស់​ភរិយា​លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាម​ពល​ ក៏​ប៉ុន្តែ​ គ្មាន​​តំណាង​​អ្នក​ភូមិ​ណាមា្នក់ ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​គណៈ​កម្មាធិការ​នេះ​ឡើយ​។

អ្នក​ស្រី ជា ខេង ភរិយា​របស់​លោក​ ស៊ុយ សែម មាន​ក្រុម​ហ៊ុន​ KDC International ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដី​ធ្លី​មួយ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ចំនួន​៥២​គ្រួសារ​ជុំ​វិញ​ដី​ស្រែ​ចម្ការ​ទំហំ​១៤៥​ហិកតា​នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាច​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក។

ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៣ ខែមីនា និង​ទទួល​បាន​កាល​ពី​ម្សិលមិញ​ លោក ជូ ចាន់​ឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំង បាន​សម្រេច​យល់​ព្រម​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មាធិការ​នេះ​ “ ដើម្បី​ធ្វើ​ការ​សន្ទនា​ដោយ​ផ្ទាល់រវាង​ក្រុម​ហ៊ុន​ និង​ប្រជាពលរ​ដ្ឋ​ចំនួន​៥២​គ្រួសារ​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ ដោយ​អញ្ជើញ​គ្រួសារ​នីមួយៗ​មក​សម្រប​សម្រួល​ និង​បញ្ចប់​ជម្លោះ​រវាង​អ្នក​ភូមិ​ និង​ក្រុម​ហ៊ុន KDC”។

ទោះ​ជាយ៉ាង​ណា គណៈកម្មាធិការ​ដែល​មាន​សមាជិក​១៥​រូប​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​សំណើ​របស់​ក្រុម​ហ៊ុន KDC និង​ដឹក​នាំ​ដោយ​លោក ដោក សុធា អភិបាល​រង​ខេត្ត​ មិន​រាប់​បញ្ចូល​អ្នកភូមិ​ណា​ម្នាក់​ឡើុយ​។ មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​គណៈកម្មាធិការ​នេះ​មិន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ ឬ​ក្រុម​ហ៊ុន​នោះ​ គឺ​លោក សំ ចាន់គា អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​នៅ​ខេត្ត​នេះ​។

សមាជិក​ផ្សេង​ទៀត​រួម​មាន​អ្នកស្រី ជា ខេង លោក​ ផាត់ ពៅ មេ​ធាវី​របស់​ក្រុម​ហ៊ុន KDC ​លោក ថៃ ហ៊ី តំណាង​ឲ្យ​ក្រុម​ហ៊ុន​ KDC លោក ជួប ចាន់​ធឿន នាយនគរបាល​​ឃុំ តា​ជេស លោក ឡុំ​ ឡី និង​លោក កង ទ្រី​យ៉ា ជា​ក្រុម​ប្រឹក្សា​ឃុំ។

លោក ចាន់​គា នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​អភិបាល​ខេត្ត​កាលពី​ថ្ងៃ​សុក្រ ដោយ​សុំ​ឲ្យ​គាត់​ដក​សមាជិក​ចំនួន​បួន​រូប​ក្នុង​ចំណោម​សមាជិក​ទាំង​នោះ គឺ​លោក ថៃ ហ៊ី លោក ចាន់ ធឿន លោក ឡុំ ឡី​និង​លោក ទ្រីយ៉ា ចេញ ពីព្រោះ​អ្នក​ភូមិ​សង្ស័យថា ពួកគេ​មាន​ការ​លម្អៀង​ទៅ​រក​ក្រុម​ហ៊ុន KDC។ អ្នក​ភូមិ​គិត​ថា ទោះ​ជា​យ៉ាង​ណា វា​សម​រម្យ​ហើយ​ដែល​អ្នក​ស្រី ជា​ ខេង និង​មេធាវី​របស់​គាត់​ស្ថិត​នៅ​ក្នុង​គណៈ​កម្មា​ធិការ​នេះ​។

លោក ចាន់គា “យើង​កំពុង​តែ​ស្នើ​ឲ្យ​លោកអភិបាល​ខេត្ត​ដក​មនុស្ស​ទាំង​បួន​នាក់​នេះ​ចេញ​ពី​គណៈកម្មាធិការ​ដែល​ស៊ើប​អង្កេត​ជម្លោះ​ដី​ធ្លី​នេះ​ ពីព្រោះ​ពួកគេ​បាន​និង​កំពុង​តែ​ធ្វើការ​​​លម្អៀង​ទៅ​រក​ក្រុម​ហ៊ុន​នេះ​ចាប់​តាំង​ពី​ជម្លោះ​បាន​កើត​ឡើង​។ យើង​ស្នើ​ឲ្យ​តែង​តាំង​តំណាង​អ្នក​ភូមិ​​ឬ​យ៉ាង​ហោច​ណាស់​មេធាវី​របស់​ខ្លួន​ ដើម្បី​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​”។

អ្នក​ស្រុក​ម្នាក់​ឈ្មោះ រាជ សីមា បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​មិន​ដកអ្នក​​ទាំង​បួន​ទេ​ គ្រួសារ​ប្រជាជន និង​មិន​គោរព​សេចក្តី​សម្រេច​នោះ​ឡើយ​ ហើយ​នឹងធ្វើ​ពាក្យ​បណ្តឹងប្តឹង​​ក្រុម​ហ៊ុន KDC ។

លោក​បាន​ឲ្យ​ដឹង​ថា “យើង​មិន​ចង់​បាន​គណៈកម្មាធិការ​នេះ​ទេ ពីព្រោះ​សមាជិក​ស្ទើរ​តែ​ទាំង​អស់​គឺ​ជា​មនុស្ស​របស់​ក្រុម​ហ៊ុន​នេះ ដូច្នេះ យើង​នឹង​តស៊ូ​នៅ​ក្នុង​តុលាការ​ បើ​ទោះ​ជាតុលាការ​មិន​ឯករាជ្យ​ក៏​ដោយ​”។

លោក អ៊ុក ឌឹម ដែល​ដឹក​នាំ​អង្គភាព​អន្តរ​វិស័យ​របស់​រដ្ឋាភិបាល​ខេត្ត​បាន​បញ្ជាក់​អំពី​ខ្លឹម​សារ​លិខិត​របស់​អង្គការ​អាដហុក​​ដែល​ស្វែង​រក​គណៈកម្មាធិការមា​ន​​​តំណាងចូលរួម​​មួយ​ទៀត​ ប៉ុន្តែថា អភិបាល​ខេត្ត​មិន​ទាន់​ធ្វើ​សេចក្តី​សម្រេច​នៅ​ឡើយ​ទេ​។

លោក ចាន់​ធឿន ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​បួន​រូប​​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​​ចេញ​នោះ​បានមា​ន​ប្រសាស​ន៍​​បញ្ជាក់​ថា លោក​ជា​ភាគីអព្យា​ក្រឹត​​មួយ​មិន​មែន​កាន់​ខាង​ក្រុម​ហ៊ុន KDC នៅ​ក្នុង​ជម្លោះ​នេះ​ទេ​។

លោក​បាន​ឲ្យ​ដឹង​ថា “ ក្រុម​ហ៊ុន​នេះ​មាន​ឯកសារ​រឹង​ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​ដីស្រប​ច្បាប់​របស់​ខ្លួន​។ អ្នក​ភូមិ​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នេះ​យល់​ច្រឡំ​ចំពោះ​ខ្ញុំ​ហើយ  ​ព្រោះ​ខ្ញុំ​ចែក​ដីកា​តុលាការ​ឲ្យ​ពួកគេ ដូច្នេះ​ពួកគេ​សន្មតថា ខ្ញុំ​លម្អៀង​ទៅ​ខាង​ក្រុម​ហ៊ុន​”។ លោក ចាន់​ធឿន បាន​បន្ត​ថា លោក​នឹង​ចាក​ចេញ​ពី​គណៈកម្មាធិការ​នេះ ​ប្រសិន​បើ​អភិបាល​ខេត្ត​ស្នើ​សុំ​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស