លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់យោបល់ដល់គ្រូបង្រៀនថ្មីៗរបស់ប្រទេសកម្ពុជាកំុឲ្យអន់ចិត្តចំពោះប្រាក់ខែទាបរបស់ខ្លួន ដោយលោកបានរំឭកថា ប្រសិនបើគ្រូបង្រៀនទាំងនោះចាប់ផ្តើមការងាររបស់ខ្លួននៅក្រោយរបបខ្មែរក្រហម ប្រាក់ខែរបស់ពួកគាត់នឹងជាអង្ករពីរ ឬបីការ៉ុងក្នុងមួយខែៗ។
ការរំឭកឡើងវិញរបស់លោកនាយករដ្ឋមន្ត្រីអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា កាលពី៣០ឆ្នាំកន្លងទៅនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការធ្វើបាតុកម្មទាមទារឲ្យដំឡើងប្រាក់ខែរបស់គ្រូបង្រៀននាពេលថ្មីៗនេះ និងការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឲ្យដំឡើងប្រាក់ខែដល់មន្ត្រីរាជការទាំងអស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចែករំលែកអនុស្សាវរីយ៍របស់លោក កាលពីម្សិលមិញមុនពេលចែកសញ្ញាបត្រដោយផ្ទាល់ឲ្យគ្រូបង្រៀនថ្មីៗប្រហែល១.០៣៨នាក់ នៅឯពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ ហើយបានរំឭកអ្នកចូលរួមថា ពិភពលោកមិនមែនជាទីកន្លែងមានភាពស្មើគ្នានោះទេ។លោកមានប្រសាសន៍ថា“ យើងគួរតែចងចំាអតីតកាលរបស់យើងនៅពេលដែលយើងបង្រៀនដូរអង្ករ”។
លោកមានប្រសាសន៍ថា “បន្ទាប់ពីបង្រៀនដូរអង្ករ យើងចាប់ផ្តើមបង្រៀនដូរទំនិញប្រាំបួនប្រភេទ” រួមទាំងប្រេងកាតផង។ លោកបានមានប្រសាសន៍រំឭកថា “តើវាលំបាកប៉ុណ្ណាទៅ” ។
ចាប់តាំងពីការដួលរលំរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩ប្រទេសកម្ពុជាបង្កើតគ្រូបង្រៀនសាលារដ្ឋបានត្រឹមតែជាង១១០.០០០នាក់ប៉ុណ្ណោះរហូតដល់បច្ចុប្បន្ននេះ។
លោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសរយៈពេល២៩ឆ្នាំមកហើយ ដោយ១០ឆ្នាំចុងក្រោយនេះមានកំណើនផលិតផលក្នុងស្រុកសរុបយ៉ាងច្រើន និងមានអ្នកមានទ្រព្យសម្បត្តិដ៏មហិមារនៅក្នុងប្រទេសនេះ ដែលភាគច្រើនមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលកំពុងកាន់អំណាច។
លោក ហ៊ុន សែន បានឲ្យដឹងថា ការដំឡើងប្រាក់ខែរបស់គ្រូបង្រៀន គឺជាការងារបន្តធ្វើបន្តិចម្តងៗ ហើយថា ការមានអ្នកមាននិងអ្នកក្រគឺជារឿងធម្មតាសម្រាប់ពិភពលោក។ លោក មានប្រសាសន៍ថា “យើងត្រូវតែទៅម្តងមួយជំហានៗ ជាមួយនឹងកំណែទម្រង់របស់រដ្ឋាភិបាល បើទោះបីជាប្រាក់ខែរបស់យើងមិនគ្រប់គ្រាន់ ឬមិនមែនជាអ្វីដែលយើងចង់បានក៏ដោយ”។
លោកបានលើកឡើងថា “ប្រសិនបើមនុស្សគ្រប់គ្នានៅលើពិភពលោកមានប្រាក់ខែដូចគ្នា មនុស្សគ្រប់រូបនឹងមានលុយដូច បៀល ហ្គេត(Bill Gates) ហើយពិភពលោកគ្មានបញ្ហានោះទេ”។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បានបន្ថែមថា “ពិភពលោកតែងតែមានអ្នកមាននិងអ្នកក្រ ហើយមានអ្នកមានប្រាក់ខែច្រើន និងអ្នកមានប្រាក់ខែតិច នេះគឺជារឿងធម្មតា”។
មុនពេលបញ្ចប់ លោក ហ៊ុន សែន បានចំអកឡកឡើយដាក់គណបក្សប្រឆាំង ដែលបាននិងកំពុងអំពាវនាវឲ្យដំឡើងប្រាក់ខែដល់គ្រូបង្រៀននិងមន្ត្រីរាជការផ្សេងៗទៀតឲ្យបានទាបបំផុត២៥០ដុល្លារក្នុងមួយខែ ចាប់តាំងពីការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំមុន ដោយលោកសំដៅដល់លោក សម រង្ស៊ីមេដឹកនាំគណបក្សសង្គ្រោះជាតិថា ជានាយករដ្ឋមន្ត្រី “ ឧទាហរណ៍” ។
លោកមានប្រសាសន៍ថា “ប្រសិនបើអ្នកឯងគ្រាន់តែជានាយករដ្ឋមន្ត្រីឧទាហរណ៍វាគ្មានបញ្ហានោះទេ។ ប៉ុន្តែនាយករដ្ឋមន្ត្រីពិតប្រាកដនិយាយហើយ ត្រូវតែធ្វើ” ។ លោក ហ៊ុន សែន តែងតែប្រៀបធៀបជាមួយសម័យខ្មែរក្រហម កាលពីបីទសវត្សរ៍កន្លងទៅ និងពេលវេលាក្រោយសម័យនោះដើម្បីធ្វើជាវិធានសម្រាប់វាស់វែងសមិទ្ធផលរបស់ខ្លួន។ លោកបានពឹងផ្អែកយ៉ាងខ្លាំងលើប្រវត្តិលំបាកតោកយ៉ាកនេះសម្រាប់ការបោះឆ្នោតជាតិឆ្នាំមុន ដែលគណបក្សរបស់លោកបានបាត់បង់សន្លឹកឆ្នោតយ៉ាងច្រើន។
ទោះបីជាគណបក្សរបស់លោកបានឈ្នះឆ្នោតជាផ្លូវការម្តងទៀតក៏ដោយ ក៏បក្សនេះទទួលបានការគាំទ្រតិចបំផុតនៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ ក្រុមអ្នកឃ្លាំមើលបានសន្មតថា ការបាត់បង់ប្រជាប្រិយភាព នេះគឺដោយសារអ្នកបោះឆ្នោតវ័យក្មេង ចំពោះពួកគេ ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះមានន័យតិចតួចណាស់។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិមានប្រសាសន៍ កាលពីម្សិលមិញថា ការនិយាយប្រៀបធៀបជាមួយពេលវេលាកាលពី៣០ឆ្នាំមុន “គ្មានន័យនោះទេ” ប៉ុន្តែវាគឺជាមធ្យោបាយតែមួយគត់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចផ្ដល់អត្ថន័យវិជ្ជមានចំពោះសកម្មភាពមិនបានគិតគូររបស់ខ្លួន។
លោក សម រង្ស៊ី បានមានប្រសាសន៍អំពីយោបល់របស់លោក ហ៊ុន សែន ទៅគ្រូបង្រៀនថ្មីទាំងនោះថា “ខ្មែរក្រហម [គឺជា] នរក ដូច្នេះ អ្វីៗទាំងអស់ល្អជាងនរក ហេតុនេះវាងាយស្រួលណាស់ដែលនិយាយថា [បច្ចុប្បន្ន]មានស្ថានភាពល្អជានរក វាងាយស្រួលពេកហើយ” ។
លោកបានបន្ថែមទៀតថា លទ្ធផលរបស់លោកអន់ណាស់ មិនអាចប្រៀបធៀបជាមួយប្រទេសជិតខាង ឬឧទាហរណ៍នាពេលថ្មីៗនេះបានទេ លោកនឹងមើលទៅអាក្រក់ណាស់”។
គណបក្សប្រឆាំងបានស្ដីបន្ទោសរដ្ឋាភិបាលជាយូរមកហើយអំពីការចំណាយថវិកាច្រើនពេកលើវិស័យការពារជាតិ និងសន្តិសុខសាធារណៈ ដោយចំណាយតិចតួចលើវិស័យអប់រំ និងសុខាភិបាល។ ទោះបីជាខ្ទង់ថវិកាជាតិចុងក្រោយបង្កើនការចំណាយខាងវិស័យអប់រំចំនួន២០ភាគរយក៏ដោយ ក៏ការចំណាយនេះនៅតែមិនទាន់ដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុបចំនួន១៧,២ពាន់លានដុល្លាររបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៤នៅឡើយ បើតាមការព្យាករណ៍របស់ធនាគារពិភពលោក។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានរៀបចំកូដកម្មទាមទារឲ្យដំឡើងប្រាក់ខែគោលឲ្យដល់២៥០ដុល្លារកាលពីខែមករា បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីគួរតែប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀត។ លោកលើកឡើងថា“ គាត់មិនគួរប្រៀបធៀបស្ថានភាពរបស់គ្រូបង្រៀនជាមួយ៣០ឆ្នាំមុននោះទេ។ យើងគួរតែប្រៀបធៀបវាជាមួយប្រទេសផ្សេងទៀតដូចជា ប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី”។
អ្នកស្រី គឹម ដារ៉ានី ក៏គិតថា ការលើកឡើងអំពីសម័យមុនរបស់លោក ហ៊ុន សែន គ្មានន័យដែរ។
អ្នកធ្វើការក្នុងប្រព័ន្ធអប់រំសាធារណៈរបស់ប្រទេសកម្ពុជា៣៣ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងបង្រៀននៅកម្រិតបឋមសិក្សាក្នុងខេត្តពោធិ៍សាត់ អាចចងចាំអំពីការទទួលបានប្រាក់ខែតិចតួចរបស់ខ្លួន ដោយមានការផ្ដល់អង្ករ និងប្រេងកាតបន្ថែមកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០។
ប៉ុន្តែអ្នកស្រីក៏មើលឃើញផងដែរថា គ្រូបង្រៀនមួយចំនួនមានភាពប្រសើរឡើងបន្តិច ខណៈដែលពួកអភិជនមួយចំនួនតូចនៅជំវិញគ្រួសាររបស់លោក ហ៊ុន សែន កាន់តែមានឡើងៗ។
អ្នកស្រីមានប្រសាសន៍ថា “ប្រសិនបើយើងប្រៀបធៀបលោក ហ៊ុន សែន និងក្រុមរបស់គាត់ជាមួយគ្រូបង្រៀនចាប់តាំងពីពេលមុនមក គាត់និងក្រុមរបស់គាត់កាន់តែមានឡើងៗ ប៉ុន្តែគ្រូបង្រៀននៅតែក្រដូចមុន។ កូនចៅរបស់អ្នកទាំងនោះអាចទៅរៀននៅបរទេសបាន ប៉ុន្តែកូនៗរបស់ខ្ញុំគ្មានលុយទៅរៀននៅសាកលវិទ្យាល័យទេ”៕ កុកទៀន
(រាយការណ៍បន្ថែមដោយ Zsombor Peter)