34 C
Phnom Penh

សហជីព​​​ចំនួន​​​ប្រាំ​​​មួយ​​​ពន្យារ​​​ពេល​​​​​​ធ្វើ​​​កូដកម្ម​​​​​​ស្នាក់​​​នៅ​​​ផ្ទះ​​​​​​របស់​​​​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​ជីព​កម្មករ​រោង​ចក្រកាត់ដេរ​​​ភាគ​​​​ច្រើន​ដែល​រៀបចំ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​នៅ​ទូទាំង​ប្រទេស​​​​ជា​​​មួយ​​​​សមាជិក​របស់​ខ្លួន​ដែល​គ្រោង​ចាប់​ផ្តើម​នៅថ្ងៃ​នេះបាន​សម្រេច​​​​ពន្យារ​ពេល​ផែន​ការ​របស់​ខ្លួន​រហូត​ដល់​ខែ​ក្រោយ​ បន្ទាប់​ពី​មា​នកិច្ច​ប្រជុំ​​របស់​​មេដឹកនាំ​សហជីព​ កាល​ពីម្សិលមិញ​។

មាន​តែ​សហជីព​ពីរ​ប៉ុណ្ណោះក្នុង​ចំណោម​សហជីព​ដែល​បាន​គ្រោង​​ធ្វើ​​​​​កូដកម្ម​​​ទាំង​ប្រាំ​​​បី​នឹង​​​បន្ត​​​​ធ្វើ​កូដកម្ម​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ រីឯ​សហជីព​ប្រាំមួយ​ទៀត​បាន​សម្រេច​ពន្យារ ពេល​ការ​ធ្វើ​កូ​ដកម្ម​នេះ​រហូត​ដល់​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។បុណ្យចូល​ឆ្នាំ​ខ្មែរ​​ចាប់​ផ្តើម​នៅថ្ងៃ​ទី​១៤​ ខែ​មេសា​។ ​សហ​ជីព​​​​ទាំង​​​​ប្រាំបី​ដែល​គាំទ្រ​ការធ្វើ​កូដកម្ម​នេះ​ក៏​​​មាន​​​​ការ​ខ្វែង​គំនិត​គ្នា​​​​ដែរ​​​ថា តើ​ពួក​គេ​​នឹង​​​ស្នាក់​​នៅ​ផ្ទះ​ ឬអត់​​នៅថ្ងៃ​នេះ​​។

សហជីព​ដែល​បាន​សម្រេច​ផ្អាក​ធ្វើ​កូដ​កម្ម រួម​​​ទាំង​​​​សម័្ពន្ធ​សហជីព​ប្រជា​​​ធិប​​​តេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (សីុ​ខៅ​ឌូ) ជា​សហជីពឯករាជ្យ​ធំជាង​គេ​នៅកម្ពុជា​ និង​សហជីព​សេរីកម្មករ​​​ដ៏​​​មាន​​​ឥទ្ធិពល​​​​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​​គណ​បក្ស​ប្រឆាំង​​​​ផង​​​ដែរ​​​។

លោក អាត់​ ធន់ ប្រធាន​សហជីព​សីុ​ខៅ​ឌូ បាន​ទទួល​ស្គាល់ថា ប្រសិន​បើ​លោក​​​នៅ​​​តែ​​​បន្ត​​​​ធ្វើ​កូដ​កម្ម​នេះ​ សមាជិក​​​របស់​លោក​តិច​តួច​​​​ណាស់​​​នឹង​​​​​​ទៅ​​​​ចូល​រួម​។ លោក​ អាត់​ ធន់ បានមាន​ប្រសាសន៍​ថា “យើង​ធ្វើ​តាម​សំណើ​របស់​សមាជិក​យើង​ ហើយ​ប្រសិន​បើ​យើង​បន្ត​ធ្វើ​កូដកម្ម​នេះ​មាន​កម្មករ​ចូល​រួម​តិច​តួ​ច​ប៉ុណ្ណោះ​”។ លោក​​បាន​បន្ថែម​ថា សហជីព​សីុខៅ​ឌូ នឹង​ប្រាប់​ឲ្យ​កម្មករ​ស្នាក់​នៅ​ផ្ទះ​មួ​យ​សប្តាហ៍​​​​ជំនួស​​​វិញ​ បន្ទាប់​ពី​​ើបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

លោក​មាន​ប្រសាសន៍​ថា “ក្រោយ​បុណ្យ​ ចូល​ឆ្នាំ​ខ្មែរ​ កម្មករ​នឹង​ស្នាក់​នៅ​ផ្ទះ​ មិន​មក​ធ្វើ​ការ​ទេ​រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែ​មេសា”។ លោក អាត់ ធន់​ បានមាន​ប្រសាសន៍​ថា “យើង​ចង់​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាលដើម្បី​ចរចា​ និង​ដោះស្រាយ​បញ្ហា​ជាមួយ​រោង​ចក្រ​ ហើយ​ឥឡូវ​នេះ​អ្នក​ទិញ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​​”។

ទោះ​ជា​យ៉ាង​ណា​ អ្នកស្រី យ៉ាង សុភ័ណ្ឌ​​ ប្រធាន​សម្ព័ន្ធ​សហជីព​​​​​​មិត្ត​​​ភាព​​​កម្មករ​​​​ ន​​ិង​​​លោក ​ហ្វា សាលី​ ប្រធាន​​សម្ព័ន្ធ​សហជីព​ជាតិ​​បានមាន​ប្រសាសន៍​ថា ពួកគាត់​នឹង​ធ្វើ​កូដកម្ម​នេះ​ដូច​ការ​គ្រោង​ទុក​​​។

អ្នកស្រី សុភ័ណ្ឌ​ បានមាន​ប្រសាសន៍​ថា “គ្មាន​ហេតុផល​ត្រូវ​ពន្យារ​ពេល​ការ​ធ្វើ​កូដ​កម្ម​នេះ​ទេ​។ អ្នកស្រី​មាន​ការ​សោក​ស្តាយ​ដែល​​សហជីព​ប្រាំមួយទៀត​បាន​សម្រេច​ពន្យា​រ​ពេល​។ យើង​បាន​ជួប​ជាមួយ​កម្មករ​របស់​យើង​ ហើយ​ពួកគេ​ទាំង​អស់​យល់​ព្រម​តាម​ផែន​ការ​របស់​យើង​”។

អ្នកស្រី សុភ័ណ្ឌ​ បានមាន​ប្រសាសន៍​ថា សមាជិ​ក​មួយ​ចំនួន​របស់​អ្នកស្រី​នឹង​ស្នាក់​នៅ​ផ្ទះ​នៅថ្ងៃ​នេះ អ្នក​ផ្សេង​ទៀត​នឹង​ជួប​ជុំ​គ្នា​នៅ​​​​​មុខ​រោង​ចក្រ​ដើម្បីបញ្ចេញ​មតិ​គាំទ្រកូដ​កម្ម​​​នេះ​ រីឯសមាជិក​ផ្សេងទៀត​ចូល​រោង​ចក្រ​ ប៉ុន្តែ មិន​ធ្វើ​ការ​ទេ​។

លោក កែន លូ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​ដែល​តំណាង​ឲ្យ​រោង​ចក្រ​​​​កាត់​​​ដេរ​​​សម្លៀកបំពាក់​ និង​រោង​ចក្រ​​​​​​​ស្បែក​ជើង​ជាង​៤០០រោង​ចក្រ​​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ខ្វល់​ចំពោះការ​គំរាម​ធ្វើ​កូដកម្ម​នេះ​ទេ​។

លោកបាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ទន្ទឹង​រង់​ចាំមើល​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​នេះ​​ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ថា តើ​មាន​កម្មករ​ប៉ុន្មាន​នាក់​គាំទ្រ​ការ​អំពាវ​នាវ​នេះ។ ខ្ញុំ​ក៏​សន្និដ្ឋាន​ដែរ​ថា ហេតុ​ផល​ដែល​មេដឹកនាំ​សហជីព​ធ្វើ​បែប​នេះ​គឺ​ដោយសារ​​ពួក​គេដឹងថា ពួកគេ​កំពុង​បាត់​បង់​ការ​គាំទ្រ​ មាន​កម្មករ​តិច​តួច​ណាស់​គាំទ្រ​ការ​ទាម​ទារ​របស់​ពួក​គេ​”។

ការ​ខ្វែង​គំនិត​គ្នា​របស់​សហជីព​ទាំង​នេះ​កើត​មាន​ឡើង​ចំពេល​មាន​សម្ពាធយ៉ាង​ខ្លាំង​​​​ពី​​​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​​ និង​រដ្ឋា​ ភិបាល​ ដើម្បី​ទប់​ស្កាត់​កូដកម្ម​។

ក្នុង​រយៈ​ពេល​ជាង​​មួួ​យ​សប្តាហ៍​មក​នេះ រដ្ឋាភិបាល​​​​​​​ប្រកាន់​​​ជំហរ​​​មឺុង​​​ម៉ាត់​​​​ចំពោះការ​គំរាម​​ធ្វើ​កូដកម្ម​របស់​សហជីព​ទាំង​នេះ ដោយ​​កាល​ពីថ្ងៃ​ទី​៤​ ខែ​មីនា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ពី​គោល​នយោ​បាយ​មិន​អត់​ឱន​ចំពោះ​ទង្វើ​ខុស​ច្បាប់​របស់​សហជីព​ បន្ទាប់​ពី​មាន​​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ​តម្រូវ​ឲ្យ​មេដឹកនាំ​សហជីព​បង្ហាញ​លិខិត​ថ្កោល​ទោស​មុន​ពេល​ចុះ​បញ្ជី​សាខា​ថ្មី​។

កម្មករ​ជាង​៥០០នាក់​បានទៅចូល​រួម​វេទិ​កា​​​​​​​គ្រោង​​​ទុក​​​របស់​សហជីព​​កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​​សាលា​រាជធានី​ និង​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ថា ពួកគេ​នឹង​មិន​​អនុ​ញ្ញាត​​​ឲ្យ​ធ្វើ​វេទិកា​នេះ។មេដឹកនាំ​សហ​ជីព​ប៉ាន់​ប្រមាណ​ពី​ដំបូង​ថា ​មា​ន​កម្មករ​ចូល​រួម​៣០.០០០នាក់​។

ក្នុង​រយៈ​ពេល​ជាង​មួយខែ​មក​នេះ​លោក ហ៊ុន សែន និង​សហជីព​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក៏​បាន​​​​​ឆ្លើយ​​​​​​តប​​​ចំពោះ​​​​​​​ការធ្វើ​កូដកម្ម​នេះដែរ​ ដោយ​បញ្ចុះ​បញ្ចូល​កម្មករ​មិន​ឲ្យ​ចូល​រួម​​នៅក្នុង​ការធ្វើ​មហា​កូដ​កម្មនេះ​ដែល​លោក​ ហ៊ុន សែន បាន​ថ្លែង​កាល​​​​ពីថ្ងៃ​ទី ២៥​ខែ​កុម្ភៈ​ថា នឹងធ្វើ​ឲ្យ​ប៉ះ​ពាល​​់​ដល់​ឧស្សាហកម្មនេះ ព្រមទាំង​ធ្វើ​ឲ្យ​កម្មករ​អត់​ការងារ​ធ្វើ​។

​ពេល​ចុង​ក្រោយ​ដែល​សហជីព​បាន​​ធ្វើ​កូដក​ម្ម​ គឺ​នៅ​ចុង​ខែ​ធ្នូ​ដែល​មាន​កម្មករ​រាប់​មឺុ​ន​នាក់​​ចូល​រួម​ការធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិដើម្បីទាម​ទារ​ឲ្យលោក​ ហ៊ុន សែន លា​ឈប់​ពីតួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី​។

​កាល​ពីថ្ងៃ​ទី ៣ ខែ​មករា​​ កង​រាជ​អាវុធ​ហត្ថ​ បាន​បាញ់​កាំភ្លើង​​​អាកា​-៤៧ទៅលើ​កម្ម​ករ​តវ៉ា​មួ​យ​ក្រុម​​ដែល​បាន​គប់​ដុំ​ថ្ម និង​ដប​សាំង​នៅ​តាម​ផ្លូវ​វេង​ស្រេង​ ធ្វើ​ឲ្យ​កម្មករ​ប្រាំនាក់​ស្លាប់​ និងរង​របួស​យ៉ាង​តិច​៤០នាក់ទៀត​។​នៅ​កន្លែង​តវ៉ា​អហិង្សា​មួយ​ទៀត​នៅខាង​ក្រៅ​រោង​ចក្រ​ យ៉ាក​ជីន កាល​ពីថ្ងៃ​ទី​២ ខែ​មករា ទាហាន​មក​ពី​អង្គភាព​ឆត្រ​យោង​លេខ​៩១១​បាន​បង្ក្រាប​បាតុករ​ដោយ​​​​បាន​​​យក​​​ដំបង​​​និង​​​ដែក​​​បំពង់​​​ទីប​​​វាយ​ពួក​គេ​។

ម្ចាស់​រោង​ចក្រ​ប្រហែល​១៥០​នាក់​បាន​ធ្វើ​ពាក្យ​បណ្តឹង​ប្តឹង​មេដឹកនាំសហជីព​ដែល​បាន​រៀប​ចំ​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ដែល​នាំឲ្យ​មាន​ការ​បិទ​ទ្វា​រ​​​រោង​​​ចក្រ​​​បណ្តោះ​អាសន្ន​​​​រាប់​រយ​​​រោង​​​ចក្រ​។

អ្នក​តវ៉ា​ចំនួន​២៣​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​​ដែល​មាន​សន្តិសុខ​​តឹង​រឹុង​នៅ​ក្នុង ខេត្ត​កំពង់​ចាម​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​បាតុ កម្ម​កាល​ពីថ្ងៃទី​២ និង​ទី​៣​ ខែ​មករា​។​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​​​​ឃុំ រីឯមនុស្ស​​២១នាក់​ទៀត​ត្រូវ​បាន​បដិ​សេធ​​​​ចំនួន ​ពីរ​ដង​មិន​​​​ដោះ​​​លែង​​​ឲ្យ​នៅក្រៅ​ឃុំ​ ហើយ​​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​ង់ចាំ​ការ​បើក​​សវ​នា​ការ​​ជំនុំ​ជម្រះ​ពីបទ​ញុះញង់​ឲ្យ​​​មាន​អំពើ​ហិង្សា​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​៕ ​​​គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស