27 C
Phnom Penh

តុលាការ​​​កំពូល​​​បង្គាប់​​​ឲ្យ​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​សើុប​​​អង្កេត​​​​​​រឿង​​​ក្តី​​​លោក ជា វិជ្ជា​​​ ឡើង​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ឃឹម ប៉ុណ្ណ ចៅក្រម​​​តុលាការ​​​កំពូល​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា តុលា​​​​​​​​​ការ​​​កំពូល​​​បាន​​​បង្គាប់​​​ឲ្យ​​​​​​លោក យ៉េត ចរិយា ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​សើុប​​​អង្កេត​​​ឡើង​​​វិញ​​​រឿង​​​ក្តី​​​​​​ធ្វើ​​​​​​ឃាត​​​លោក​​​ ជា​​​ វិជ្ជា ប្រធាន​​​សហ​​​ជីព​​​សេរី​​​កម្មករ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៤​​​។

សេចក្តី​​​សម្រេច​​​ក្នុងការ​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះទៅ​​​ឲ្យ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិញ ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​តុលាការ​​​កំពូល​​​បាន​​​ដោះ​​​លែង​​​ ប៊ន សំណាង និង​​​ សុខ សំអឿន ដែល​​​មជ្ឈដ្ឋាន​​​ទូទៅ​​​ជឿ​​​ថា ជា​​​មនុស្ស​​​ដែល​​​ត្រូវ​​បាន​​​រដ្ឋា​​​ភិបាល​​​​​​ទម្លាក់​​​កំហុស​​​​​​ចំពោះ​​អំពើ​​​ឃាត​​​កម្ម​​​នេះ​​​ ហើយ​​​ពួកគេ​​​ទាំង​​​ពីរ​​​បាន​​​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ប្រាំឆ្នាំ​​​រួច​​​ហើយ​​​ ចំពោះ​​​បទ​​​ល្មើស​​​ដែល​​​ខ្លួន​​​មិន​​​បាន​​​ប្រព្រឹត្ត​​​។

សាល​​​ដីកា​​​ចុង​​​ក្រោយ​​​របស់​​​តុលាការ​​​កំពូល​​​ដែល​​​ទទួល​​​បាន​​​កាល​​​ពីម្សិលមិញ​​​ មាន​​​ខ្លឹម​​​សា​​​រថា “ [ តុលាការ​​​កំពូល​​​​​​ ] សូម​​​បង្គាប់​​​​​​ឲ្យ​​​ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ចាប់​​​ផ្តើម​​​សើុ​​​បអង្កេត​​​សំណុំ​​​រឿង​​​នេះ​​​​​​ឡើង​​​វិញ​​​​​​ដើម្បី​​​រក​​​​​​អ្នក​​​សម្លាប់​​​លោក ជា​​​ វិជ្ជា”។

លោក​​​ចៅក្រម​​​ ឃឹម​​​ ប៉ុណ្ណ មាន​​​ប្រសាសន៍​​​​​​ថា ហេតុ​​​ផល​​​ចំពោះ​​​កា​​​របញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​​​​​​​ឲ្យសាលា​​​ដំបូង​​​​​​វិញ​​​គឺ​​​​​​គ្មាន​​​អ្វី​​​ចម្លែក​​​ទេ​​​​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ យើង​​​ចង់​​​ឲ្យសាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​រក​អ្នក​​​សម្លាប់​​​លោក ជា​​​ វិជ្ជា​​​ ពិត​​​ប្រាកដ មិន​​​​​​មែន​​​ឲ្យ​​​​​​បិទ​​​សំណុំ​​​​​​​​​រឿង​​​នេះ​​​ទេ​​​”។

លោក ជា​​​ មុនី ជា​​​ប្អូន​​​ប្រុស​​​របស់​​​លោក ជា​​​ វិជ្ជា និង​​​ជា​​​ប្រធាន​​​សហជីព​​​សេរីកម្មករ​​​បច្ចុប្បន្ន​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា មិនមាន​​​យុត្តិធម៌​​​សម្រាប់​​​បង​​​ប្រុស​​​របស់​​​លោក​​​ទេ​​​ព្រោះ​​​លោក​​​មិន​​​ជឿ​​​ថា សាលា​​​ដំបូង​​​​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​​​​​ការ​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ឃាត​​​ករ​​​ទេ ដោយ​​​សារ​​​ឃាត​​​ករ​​​ពិត​​​ប្រាកដ​​​​​​​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​​​​នរណា​​​ម្នាក់​​​​​​នៅ​​​ក្នុង​​​រដ្ឋាភិបាល​​​ជួល​​​ឲ្យ​​​​​​ធ្វើ​​​ឃាត​​​បង​​​ប្រុស​​​របស់​​​លោក​​​ចំពោះការ​​​ដឹកនាំកម្មករ​​​តវ៉ា​​​សំុ​​​ដំឡើង​​​ប្រាក់​​​ខែគោល​​​។

លោក​​​ ជា​​​ មុនី បាន​​​មាន​​​ប្រសាសន៍​​​ថា “បង​​​ប្រុស​​​របស់​​​ខ្ញុំ​​​ លោក ហ៊ី វុទ្ធី និង​​​លោក រស់​​​ សុវណ្ណារ៉េត ត្រូវ​​​បាន​​​​​​បាញ់សម្លាប់​​​ចំពោះ​​​ការ​​​ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែគោល​​​នេះ​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា មន្ត្រី​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​បាន​​​ជួល​​​ឃាត​​​ករ​​​ឲ្យសម្លាប់គាត់​​​”។

មាន​​​តែ​​​​​លោក​​​ ហេង​​​ ពៅ អតី​​​ត​​​​​​ស្នង​​​ការ​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ដែល​​​ធ្លាប់​​​ធ្វើ​​​ជា​​​ទី​​ប្រឹក្សា​​​របស់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​ដែល​​​ក្រោយមក​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​រួម​​​ទាំង​​​​​​បទ​​​មនុស្ស​​​ឃាត ហើយ​​​ឥឡូវ​​​នេះកំពុង​​​អនុវត្ត​​​ទោស​​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​​​​​​រយៈ​​​ពេល​​​១០០ឆ្នាំ​​​នោះទេ ​​​ទើប​​​ដឹង​​​ថា ឃាត​​​ករ​​​ពិត​​​ប្រា​​​កដ​​​ជា​​​នរណា​​​។

លោក​​មាន​​​ប្រសាសន៍​​​ថា “សាក្សី​​​សំខាន់​​​ៗ​​​នៅក្នុង​​​រឿង​​​ក្តី​​​នេះ​​​គឺ​​​លោក ហេង​​​ ពៅ​​​​​​ ដែល​​​កាល​​​ពី​​​១០​​​ឆ្នាំ​​​មុន​​​មិនបាន​​​ចាប់​​​ខ្លួន​​​នរណា​​​​​​ម្នាក់​​​​​​ទេ​​​នៅក្នុងការ​​​ស្វែង​​​រក​​​ឃាត​​​ករ​​​ពិត​​​ប្រាកដ​​​ ដែល​​​បាន​​​បាញ់សម្លាប់​​​លោក​​​ ជា វិជ្ជា​​​ នោះ​​​”។

លោក យ៉េត ចរិយា​​​ ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​ ហើយថា លោក សុខ​​​ រឿន ព្រះរាជអាជ្ញា​​​រង​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ពី​​​រឿង​​​នេះទេ​​​៕​​​គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស