27 C
Phnom Penh

ម្ចាស់​អាជីវកម្ម​៖ អំពើ​ពុក​រលួយ​គឺ​ជា​កត្តា​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​​ចុះ​ស្រង់​មតិ​របស់​​និយោជក​ជា​ង​៣០០នាក់​ ដែល​អង្គការ​ពល​កម្មអន្តរជាតិ​ (International Labor Organization) ហៅ​កាត់​​ ILO បាន​អនុវត្ត​កាលពី​ឆ្នាំ​មុន​ ប៉ុន្តែ ចេញ​ផ្សាយ​លទ្ធផល​កាលពី​ម្សិលមិញ បាន​បង្ហាញ​ថា អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

យោង​តាម​របាយការណ៍​របស់​អង្គការ​ ILO ដែល​មាន​ចំណង​ជើង​ថា “បរិស្ថានល្អ​​សម្រាប់​​​សហគ្រាស​មាននិរន្ត​រភាព​” ដែល​បាន​បង្ហាញ​ថា ទោះ​បី​ជាមាន​ច្បាប់​ប្រឆាំ​ង​អំពើ​ពុក​រលួយ​ក៏​ដោយ​​ អំពើ​ពុក​រលួយ​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ជាកត្តា​គំរាម​កំហែង​ធំ​បំផុត​ចំពោះអាជីវ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​។

របាយការណ៍​មា​ន​ខ្លឹម​សារ​ថា “លទ្ធផល​ទទួល​បាន​ពី​សកម្មភាព​ចុះ​ស្ទង់​មតិ​នេះបាន​បង្ហាញ​ថា និយោជក​ជាញឹក​ញាប់​បំផុត​ចាត់​ទុក​អំពើ​ពុក​រលួយ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា”។

របាយការណ៍​ដដែ​ល​បាន​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “ វេទិកាសេដ្ឋកិច្ច​សាកល​លោក​បាន​ចាត់​ទុក​អំពើ​ពុក​រលួយ​ជា​បញ្ហា​ធំ​បំផុត​ដែល​បង្ក​ឧបស័គ្គក្នុង​ការ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជាគិត​ត្រឹម​ឆ្នាំ​២០១២ ហើយ​យោង​តាម​ទិន្នន័យ​បា៉ន់​ស្មាន​ បាន​បង្ហាញ​ថា ១០ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ដោយ​សារ​អំពើ​ពុក​រលួយ”។

បើ​ប្រៀប​ធៀប​ទិន្នន័យ​ប៉ាន់​ស្មាន​នេះជា​មួយ​ទិន្នន័យ​ផលិត​ផល​ក្នុង​ស្រុក​សរុប របស់​ប្រទេស​កម្ពុជា​ចំនួន​១៧,២ពាន់​លាន​ដុល្លារ​​​ក្នុង​ឆ្នាំ​២០១៤ ព្យាករណ៍​ដោយ​ធនាគារ​ពិភព​លោក​ (World Bank) ឃើញ​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប​​ជាង​១,៧ពាន់​ដុល្លារ​នឹង​ត្រូវ​បាត់​បង់ពី​​សេដ្ឋ​កិច្ច​ ដោយ​សារ​អំពើ​ពុក​រលួយ​ក្នុង​ឆ្នាំ​នេះ។

ទោះ​បី​ជា​របាយការណ៍​របស់​អង្គការ​ ILO មាន​ការ​កត់​សម្គាល់​ថា “ភាព​រីក​ចម្រើន​ខ្លះៗ ក្នុង​ការ​អភិវឌ្ឍ​​ស្ថាប័ន​ និង​កិច្ច​ប្រតិបត្តិ​​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​បង្កើត​បរិយាកាស​ស្ថិរភាព​ជាងមុន​សម្រាប់​វិស័យ​វិនិយោគ​ក៏​ដោយ​ ក៏​របាយការណ៍​នេះ​បាន​លើក​ឡើង​ថា “ អំពើ​ពុក​រលួយ​ជា​បញ្ហា​ដ៏​ធំ​មួយ”។

របាយការណ៍​ដដែល​នេះ​បាន​លើក​យក​ខ្លឹម​សារ​មួយ​ផ្នែក​របស់​អង្គភាព​តាម​ដាន​សេដ្ឋ​កិច្ច​ (Economic Intelligence Unit) ដែល​លើក​ឡើង​ថា “ លើស​ពី​នេះ​​ទៀត​ ការ​កើត​ឡើង​​នៃបទ​ល្មើស​ដែល​ត្រូវ​បាន​រៀប​ចំ និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ផ្នែក​យោធា​ និង​នគរបាល​​បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​​សកម្មភាព​ធ្វើ​អាជីវកម្ម”។

របាយការណ៍​នេះ​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “ ប្រាក់​សំណូក​ជា​ទូទៅ​ត្រូវ​បាន​បង់​ ដើម្បី​ធានា​ប្រសិទ្ធ​ភាព​សេវា​កម្ម​ ក៏​ប៉ុន្តែ មូល​ហេតុ​សំខាន់​មួយ​ដែល​ក្រុម​ហ៊ុន​តូច​ៗ​ជា​ច្រើនបង់​ប្រាក់​សំណូក​ គឺ​ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយមន្ត្រី​មូល​ដ្ឋាន”។

យោង​តាម​លទ្ធផល​នៃ​ការ​ចុះ​ស្ទង់​មតិ​របស់​និយោជក​នេះ​​ បាន​បង្ហាញ​ទៀត​ថា អាជីវកម្ម​ប្រហែល​មួយ​ភាគ​បី​បាន​ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​ពុក​រលួយ​ ដោយ​មិន​បាន​ធ្វើ​អ្វី​ទេ​ ក៏​ប៉ុន្តែ ម្ចាស់​រោង​ចក្រកាត់​ដេរ​​សម្លៀក​បំពាក់ និង​ស្បែក​ជើង​បាន​បង្ហាញ​ថា ខ្លួន​​មិន​សូវ​ជា​មាន​ប្រតិកម្ម​ទៅ​នឹង​អំពើ​ពុក​រលួយ​ទេ ដែល​នេះ​ជា​របក​គំហើញ​មួយ​ដែល​អង្គការ ILO ចាត់​ទុក​ថា “គួរ​ឲ្យ​បារម្ភ”។

យោង​តាម​របាយការណ៍​របស់​អង្គការ​ ILO មួយ​នេះ​បាន​បង្ហាញ​ទៀត​ថា ៣៣ភាគ​រយ​នៃ​ចំនួន​អាជីវកម្ម​ដែល​ត្រូវ​បាន​ចុះ​ទៅ​សម្ភាស​មិន​បាន​ចាត់​វិធានការ​កាត់​បន្ថយ​ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ​ទេ​ ១៩ភាគ​រយ​បាន​បង្កើត​គោល​ការណ៍​ជាក់​លាក់​​សម្រាប់​បង្ក្រាប​អំពើ​ពុក​រលួយ​ក្នុង​សហគ្រាស​របស់​ខ្លួន​ ១៦​ភាគ​រយ​បាន​បណ្តុះ​បណ្តាល​បុគ្គលិក​របស់​ខ្លួន​អំពី​របៀប​ដោះ​ស្រាយ​ស្ថានភាព​មា​ន​អំពើ​ពុក​រលួច​ ហើយ​មាន​តែ​៥ភាគ​រយ​ប៉ុណ្ណោះ​ ដែល “ ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​ថា សហគ្រាស​របស់​ពួកគេ​នឹង​មិន​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​បន្ថែម​ទៀត​ទេ”។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងការ​លុប​បំបាត់​អំពើ​ពុក​រលួយ​មាន​ការ​កើ​ន​ឡើ​ង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ចំណោម​សមាជិ​ក​របស់​សហព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជក ម្មកម្ពុជា​​ (CAMFEBA)​ ​ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វិបុល​ភាព​កាលពី​ម្សិលមិញ​ ដែល​មាន​ខ្លឹម​សារ​ស្រប​គ្នា​នឹង​របាយការណ៍​របស់​អង្គការ​ ILO។

សហព័ន្ធ​ CAMFEBA បាន​ឲ្យ​ដឹង​ថា របាយ​ការណ៍​របស់​ខ្លួន​ ដែល​បាន​បង្ហាញ​ពី​សកម្មភាព​ចុះ​ស្ទង់​មតិ​តំណាង​សហគ្រាស​ជាង​៣០០​ បាន​បង្ហាញ​ថា “អាជីវកម្ម​នានា​ចាត់​ទុក​អភិបាល​​កិច្ច​ល្អ​ជាង​មុន​ជា​វិធី​ដ៏​សំខាន់​បំផុត​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា”។

របាយការណ៍​របស់​សហ​ព័ន្ធ CAMFEBA មាន​ខ្លឹម​សារ​ថា “ លទ្ធផល​​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​​បាន​បង្ហាញ​ថា ផល​វិបាក​នៃ​ការ​បដិសេធ​មិន​បង់​ថ្លៃ​សេវា​សម្រប​សម្រួលគឺ​សេវា​កម្ម​សម្រាប់​សហគ្រាស​​៧០​ភាគ​រយ​ត្រូវ​បានពន្យារ​ពេល​ ឬ​ក៏​ទទួល​បរា​ជ័យ​”។

នៅ​ក្នុង​ផ្នែក​អនុសាសន៍​គោល​នយោបាយ​របស់​ខ្លួន​ សហព័ន្ធ CAMFEBA ​បាន​លើក​ឡើង​ថា ចាំ​បាច់​បំផុត​ត្រូវ​លើក​កម្ពស់​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១២ និង​ត្រូវ​មាន​ការ​ខិត​ខំ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហ​គ្រាស​នានា​ ដាក់​ពាក្យ​បណ្តឹង​អំពី​អំពើ​ពុក​រលួយ​នៅ​ពេល​អំពើ​នេះ​កើត​ឡើង​។

សហព័ន្ធ CAMFEBA ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ដែល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ស្ម័គ្រ​ស្មោះចំពោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្សកំពុង​គ្រប់​គ្រង​អំណាច​​នោះ “ត្រូវ​អនុញ្ញាត​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ធ្វើ​ជា​តំណាង​កាន់​តែ​ច្រើន”។

សហព័ន្ធ CAMFEBA ក៏​បាន​ផ្តល់​អនុ​សាសន៍​ឲ្យ​មាន​ការ​បង្កើត​យន្ត​ការ​មួយ​សម្រាប់​វាយ​តម្លៃ​សេចក្តី​សម្រេចរបស់​តុលាការ​ ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ពុក​រលួយ”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា របាយការណ៍​ទាំង​នេះ​មិន​បាន​លើក​ឡើង​ពី​កំណើន​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេសនេះ​ទេ។  លោក​បាន​គូស​បញ្ជាក់​ថា អំពើ​ពុករលួយ​មិន​ជា​កត្តា​គំរាម​កំហែង​ធំ​មួយ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​ពួកគេ​លើក​ឡើង​គឺ​ជា​អ្វី​ដែល​ពួកគេ​លើក​ឡើង​ ក៏​ប៉ុន្តែ អ្វី​ដែល​យើង​ឃើញ​គឺ​ថា ទឹក​ប្រាក់​កាន់​តែ​ច្រើន​ដុល្លារ​ត្រូវ​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ”៕ សុធា 

(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស