31 C
Phnom Penh

កូនស្រី​ទោល​របស់​ ប៉ុល ពត​​ នឹង​រៀប​កា​រ​នៅថ្ងៃអាទិត្យ​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​បន្ទាយ​មាន​ជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លិខិត​អញ្ជើញ​​ឲ្យ​ដឹង​ថា កូន​ស្រី​​​​​​​ទោលរបស់​ ប៉ុល ពត មេដឹក​នាំ​ខ្មែរ​ក្រហម​​​​​​​​នឹង​​រៀប​ការ​នៅ​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​ខេត្ត​បន្ទាយ​​​​​​​មាន​ជ័យ។ កញ្ញា ស ផត្ជតា គឺ​ជាកូន​ទោល​របស់​ ប៉ុល ពត ដែល​ឈ្មោះ​ពិត គឺ សាឡុត ស ជាមួយ​អ្នក​​​​​​​​​​​​ស្រី មាស សោម។ ក្នុង​លិខិត​អញ្ជើញ​​​​​​នោះ​​​គឺកូន​​កម្លោះ​ឈ្មោះ ស៊ី វិច្ឆិកា​។

លោក ទេព ឃុនណាល់ ដែលជា​ឪពុក​ចុង​របស​់​កញ្ញា ផត្ជតា បាន​និយាយ​ថា ឥឡូវ​នេះ​​កូន​ចុង​របស់​ខ្ញុ​ំ​មាន​អាយុ​២៦​ឆ្នាំ ហើយ​ថា ពួកគេ​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា​ពេល​រៀន​ជាមួយ​គ្នា​​​​នៅ​ប្រទេស​ម៉ាឡេស៊ី​។​ លោក   ទេព  ឃុនណាល់   ដែល​បាន​បដិ​​​សេធ​​​​​​​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​អំពី​មង្គល​​ការ​នោះ បាន​និយាយ​ថា “ កូនស្រី​របស់​​ខ្ញុំ​រៀន​ចប់ថ្នាក់​អនុបណ្ឌិត​អក្ស​រ​សាស្ត្រ​អង់​គ្លេស​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​កូ​ន​កម្លោះ​ក៏​បាន​រៀន​​​​​​​នៅ​ប្រទេស​ម៉ាឡេ​ស៊ីដែរ ដូច្នេះ​ពួក​គេ​បាន​ស្គាល់​គ្នា​ពេ​ល​​រៀន​ជាមួយ​គ្នា”​​​។

ប៉ុល ពត គ្មាន​កូន​ជាមួយ​ប្រពន្ធ​ទី១​​​របស់​​​គាត់​ គឺ​អ្នក​ស្រី ខៀវ ប៉ុណ្ណារី ទេ ហើយ​គាត់​បាន​រៀប​ការ​ជាមួយ​អ្នកស្រី មាស​ សោម នៅ​​​​​​​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៨០​បន្ទាប់​​ពី​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កង​ទ័ព​វៀត​ណាម​​ និង​​​នៅពេល​ដែល​គាត​់​ជាមេ​ដឹកនាំ​ចលនា​ឧទ្ទាម​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​​​​​​​កម្ពុជា-ថៃ​។

កញ្ញា ផត្ជតា ​ដែល​ឈ្មោះ​ដើម មាស សិទ្ធ នោះកើត​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ នៅ​​​​​​ពេល​ ប៉ុល ពត ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៩៨​​​ ​ដោយ​​​​សារ​ជំងឺ​គាំង​​បេះ​ដូង កង​ទ័ព​ខ្មែរ​ក្រហម​មាន​ចំនួន​​ជាង​១.០០០​នាក់​ប៉ុណ្ណោះ ហើយ​បាន​បែក​បាក់​គ្នាជាបន្តបន្ទាប់​​​​​​​នៅ​​​ពេល​​​មាន​​​ការ​​​ផ្តាច់​​​ខ្លួន​​​​ចុង​ក្រោយ​ចូល​រួម​ជាមួយរាជ​​រដ្ឋាភិបាល​។

លោក ទេព ឃុនណាល់ ដែល​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ខ្មែរ​ក្រហម​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​របប​ ប៉ុល ពត នោះ បាន​រៀប​ការ​ជា​​​មួយ​​​​អ្នកស្រី មាស សោម ក្នុង​ឆ្នាំដែល​ប្ដី​របស់​អ្នក​​​​​​ស្រី​ស្លាប់ ហើយ​ក្រោយ​មក​​លោក​បាន​​បម្រើ​ការ​ជា​​អភិ​បាល​​ស្រុក​ម៉ាឡៃ។

លោក សៅ ប៊ុន អធិការ​នគរ​បាល​ស្រុក​បាន​​​​​​​មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​​អញ្ជើញ​​​​ជា​ភ្ញៀវ​នៅ​ពិធី​មង្គល​ការ​នៅ​ថ្ងៃ​អាទិត្យ​ដែរ​។

លោក​បានមាន​ប្រសាសន៍​ថា“ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​មង្គល​ការ​កូន​ស្រី​របស់​​​​​​លោក ទេព ឃុន​ណាល់។ គាត់​គឺ​ជា​អតី​ត​អភិ​​​​​​បាល​​​​​​​ស្រុក​ម៉ាឡៃ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ភ្ញៀវចូល​រួម​ពិធី​នោះ​ច្រើន”។

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត ​ខេម​បូឌា ដេលី កាលពី​ឆ្នាំ​២០០៤ កញ្ញា​ ផត្ជតា បាន​​​​​​​និយាយ​ថា គាត​់​នៅ​ចង​ចាំ​ពី​ឪពុក​របស់​គាត់​ ប៉ុន្តែគាត់​គ្មាន​មហិច្ឆតា​ចង់​​សិក្សា​នៅ​បរទេសដូច​ឪពុក​គាត់​ទេ។ នៅ​ពេល​នោះ គាត​​​​​់​​​​​បាន​សិក្សា​នៅ​ទី​ប្រជុំជន​ស៊ីសុផុន ហើយគាត់​បាន​និយាយ​ថា គោល​បំណង​របស់​គាត់​គឺ​ត្រឡប​​​​​​់​មក​ស្រុ​ក​ម៉ាឡៃ​វិញ ដើម្បី​ជួយ​ម្ដាយ​ និង​ឪពុក​ចុង​របស់​គាត់គ្រប់​គ្រង​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ផ្ទះ​សំណាក់​។

មេដឹកនាំ​កំពូលៗក្នុង​​របប​ ប៉ុល ពត ដែល​នៅ​រស់​ គឺ​ នួន ជា និង​ ខៀវ សំផន ឥឡូវ​នេះ​កំពុង​ប្រឈម​នឹង​ការ​កាត់​ក្ដីពី​​បទឧក្រិដ្ឋ​សង្គ្រាម និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​​​​​ក្នុង​​​រយៈ​​​ពេល​​​​ប៉ុន្មាន​ខែ​ខាង​​មុខ​នេះ តុលាការ​នឹង​ប្រកាស​សាលក្រម​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​រឿង​ក្ត​ី​របស់ពួកគាត​់​ទាំង​ពីរ​​​​​ដែល​​​​ផ្ដោត​ទៅ​លើ​ការ​ជម្លៀស​ប្រជា​ជ​ន​​​​ទាំង​​​បង្ខំ​ចេញពី​ក្រុង​ភ្នំពេញក្នុង​ឆ្នាំ​១៩៧៥៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស