31 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​ប្រាប់ថា ​​​ខ្លួន​​​​​​កំពុង​​​រៀប​​​ចំ​​​​​​វេទិកា​​​សាធារណៈ​​​​​​ស្តី​​​ពី​​​​​​ការ​​​កែ​​​ទម្រង់​​​​​​នៅ​​​តាម​​​​​​ខេត្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយា​យ​កាល​ពីម្សិលមិញ​ថា វេទិកា​សា​ធារ​ណៈ​ដែល​លោក​ ហ៊ុន សែន បាន​ប្រកាស​កាល​ពី​​​ដើម​​​​ខែ​នេះ​​ កំពុង​​​តែ​ដំណើេរ​​​ការ​​​​នៅ​ទូទាំង​ប្រទេស​ ហើយ​លោក​បាន​មាន​​ប្រសាសន៍​ថា វេទិកា​នេះ​នឹង​ជួយ​ប្រមូល​ព័ត៌​មាន​សម្រាប់​ផែនការ​ដែល​លោក​បាន​សន្យា​​​​ធ្វើ​​​​​ដើម្បី​កែ​ទម្រង់​នយោបាយ​ឲ្យបាន​ច្រើន​។

ផែនការ​សម្រាប់​ការ​កែទម្រង់​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក ហ៊ុន សែន អំឡុង​កិច្ច​ប្រជុំបិទទ្វារ​​ជាមួយក្រុម​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​នីមួយ​ៗ​កាល​ពីថ្ងៃទី​២៩​ខែ​មករា​​ដែល​នៅក្នុងនោះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងសុន្ទរកថា​ជា​ហូរ​ហែ​រយៈពេល​ប្រាំមួយ​ម៉ោង​ មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​ត្រូវ​បាន​កោះ​ប្រជុំ​កាល​ពីខែកញ្ញា។

លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់ក្រុម​មន្ត្រី​ឲ្យ​ដុស​លាង​​ខ្លួន​ និងព្យាបាល​ជំងឺ​​​របស់​យើង​បន្ទាប់​ពី​គណបក្ស​នេះ​បាត់​បង់​សំឡេង​គាំទ្រយ៉ាង​ច្រើន​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​កាល​ពីខែ​កក្កដា​។

លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តំណាង​ឲ្យ​គណបក្ស​កាន់​អំណាច​​​នៅក្នុងការ​ចរចា​ មិន​បានសម្រេច​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​អំពីការ​ែកទម្រង់​ការ​បោះឆ្នោត​បាន​មាន​​ ប្រសាសន៍ថា គណបក្ស​កាន់​អំណាច​ចាប់​​ផ្តើម​​​​បញ្ជូន​​​​​រដ្ឋ​​​មន្ត្រី​ឲ្យចុះ​ទៅតាម​ខេត្ត​នីមួយ​ៗ​​​​កាល​ពីដើម​ខែ​កុម្ភៈ​។

លោក​បានមាន​ប្រសាសន៍ថា “នេះ​គឺ​ជា​ការ​​​កែ​ទម្រង់​មួយ​ក្នុងចំណោម​ការ​កែទម្រង់​សីុ​ជម្រៅ​របស់​រដ្ឋាភិបាល​​។ យើង​នឹង​យក​យោ​បល់​របស់​ប្រជាជនមក​ពិចារណា​”។

លោក​ ជាម យៀប បានមាន​ប្រសាសន៍​ថា លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​វេទិ​កា​​​មួយ​នៅក្នុង​ខេត្ត​បាត់​ដំបង លោកឧប​នា​យក​រដ្ឋមន្ត្រី​ សុខ អាន បាន​រៀប​ចំវេទិកា​មួយ​ក្នុងខេត្ត​តាកែវ​ លោក ទៀ បាញ់​  រដ្ឋ​មន្ត្រី​ក្រសួងការ​ពារជាតិ​បាន​រៀបចំ​វេទិកា​​ មួយ​ក្នុងខេត្ត​សៀម​រាប និង​លោក​ឧប​នាយក​រដ្ឋមន្ត្រី ប៊ិន ឈិន បាន​រៀបចំ​វេទិកា​មួយ​នៅ​ក្នុងខេត្ត​កណ្តាល​។

លោក​ សក់​​​ សេដ្ឋា រដ្ឋលេខា​​​​ធិការ​​​ក្រសួង​មហា​ផ្ទៃ​ទទួល​បន្ទុក​វិមជ្ឈការ​បាន​ពន្យល់​ប្រាប់​ថា រដ្ឋមន្ត្រី​ទាំង​នេះបាន​រៀប​ចំ​វេទិកា​​ជាមួយ​​មន្ត្រី​​ខេត្ត​​ ស្រុក និង​ឃុំ​​។ លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ការ​បង្កើត​វេទិកាទាំង​នេះ​គឺ​ប្រសើរ​ជាង​មិន​បង្កើត​។ មន្ត្រីរបស់​យើង​​នឹង​យល់​ពីស្ថាន​​ភា​ព​​​​របស់​ប្រជាជន​​”។

លោក ជាម យៀប បានមាន​ប្រាសាសន៍​ថា មាន​​​ប្រធាន​​​បទ​​​សំខាន់​ៗ​ដូចគ្នាមួយ​ចំនួន​នៅក្នុងវេទិកាទាំង​នោះ​​​។ “ ពួក​គេ​បាន​ប្រាប់​​​​យើង​ពី​បញ្ហា​​ក្នុងការ​ផ្តល់​សេវា​សាធារណៈ​ អំពើ​ពុក​រលួយ និង​ការ​បាត់​បង់​ព្រៃ​ឈើ​”។

លោក យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​​វេទិកា​នេះជា​ការ​ល្អ​ ប៉ុន្តែ លោក​បាន​ក្រើន​រំឭក​រដ្ឋាភិបាល​កំុឲ្យ​ធ្វើ​មិន​ដឹង​មិនឮ​ចំពោះ​ដំបូន្មាន ​ដែល​ខ្លួន​ទទួល​បាន​។ លោក​បានមាន​ប្រសាសន៍​ថា “ កុំគ្រាន់​តែ​ធ្វើ​ឲ្យល្អមើល​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អន្តរជាតិ​ ខណៈ​ដែល​​ប្រទេស​ស្ថិត​នៅក្នុងស្ថានភាព​មិនល្អ”៕​​​គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស