31 C
Phnom Penh

តុលាការ​​អាមេរិកសម្រេច​ផ្តន្ទា​ទោស​មេដឹក​នាំ​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​ឲ្យ​ជាប់ពន្ធនាគារ​​មួយ​ជីវិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​មណ្ឌល​ទី​៩​របស់​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​អង្គារ បាន​សម្រេច​ផ្តន្ទា​ទោស​​ជន​ជាប់​ចោទ​ឈ្មោះ​ ឈុន យ៉ាសិទ្ធ​ ជន​ជាតិ​ខ្មែរ​​សញ្ជាតិ​អាមេរិក​ មេដឹក​នាំ​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​ ​​ជា​ក្រុម​ឧទ្ទាម​​ប្រឆាំងនឹង​លោក ហ៊ុន សែន ពី​បទ​វាយ​ប្រហារ​របស់​ជន​នេះ​កាលពី​ឆ្នាំ​២០០០​ ​មក​លើ​​រាជធានី​ភ្នំពេញ​ដែល​បណ្តាល​ឲ្យ​សមាជិក​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​យ៉ាង​តិច​ប្រាំ​ពីរ​នាក់​បាត់​បង់​ជីវិត​។

​​តុលាការ​មណ្ឌល​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​​កាត់​ឲ្យ​ជាប់​ទោស​អតីត​គណនេយ្យករ​​ពន្ធ​​រូប​នេះ​ កាលពី​ឆ្នាំ​២០០៨​ពី​បទ​រួម​គំនិត​ផ្តួល​រំលំ​រដ្ឋាភិ​បាល​កម្ពុជា​ និង​បាន​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ដោយ​មិន​មានលក្ខខណ្ឌ​។

ជន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ា​សិទ្ធ​ បាន​ចេញ​ពី​ការិយា​ល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ឡង​ប៊ិច ដែលមាន​សហគមន៍​ខ្មែរ​ធំបំផុត​នៅ​អា​មេរិក​ ដើម្បី​បង្កើត​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បង្កើត​មូល​ដ្ឋាន​ប្រតិបត្តិ​ការ​នៅ​ប្រទេស​ថៃ និង​បាន​រៀប​ចំ​ផែនការ​វាយ​ប្រហារ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០០០​ ក៏​ប៉ុន្តែ​ ផែន​ការ​នោះ​ទទួល​បរាជ័យ​។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន ជនជាប់​ចោទ​ឈ្មោះ ​ឈុន យ៉ាសិទ្ធ បាន​អះ​អាង​ថា ខ្លួន​មិន​មាន​ចេតនា​សម្លាប់​ និង​មាន​ផែនការ​វាយ​ប្រហារ​ដែលបណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​មួយ​ចំនួន​ទេ។

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ តុលា​ការ​​បាន​ច្រាន​ចោល​សេចក្តី​អះ​អាង​នេះ​ ដោយ​បានសំអាង​លើ​លិខិត​មួយ​ច្បាប់​ដែល​ជន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ាសិទ្ធ​ បាន​សរសេរ​​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ក្រុម​របស់​ខ្លួន​បញ្ជូន​សត្រូវ​របស់​ក្រុម​នេះ​ទៅ​ “ ឋាន​នរកក្នុង​ពេល​អនាគត​ដ៏​ខ្លី​” ព្រម​ទាំង​សំអាង​លើផែន​ការ​ដូចជា ដែល​ផ្តល់​ឲ្យ​កម្លាំង​ប្រយុទ្ធ​របស់​ខ្លួន​នូវ​ជម្រើស​ “ បាញ់​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​” ។

ដូច​គ្នា​​​នេះ​ដែរ ចៅ​ក្រម​ កាឡូស​ បៀ (Carlos ​Bea) បាន​សរសេរ​ថា “ មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​នៅ​ក្នុង​សំណុំ​រឿង​ សម្រាប់​ក្រុម​ប្រឹក្សា​តុលាការ​សម្រេច​ថា ជន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ាសិទ្ធ ពិត​ជាមាន​ចេតនា​សម្លាប់​សត្រូវ​របស់​ខ្លួន​ នៅ​ពេល​ខ្លួន​បាន​សម​គំនិត​ផ្តួល​រំលំ​លោក ហ៊ុន សែន។ ដូច្នេះ តុលាការ​មណ្ឌល​​មិន​បាន​រំ​លោភ​ឆន្ទា​នុសិទ្ធិ​របស់​ក្រុម​ប្រឹក្សា​តុលា​​​ការ​ ក្នុង​ការ​បដិសេធ​សំណូម​ពរ​របស់​ជន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ាសិទ្ធ ​ឲ្យ​ចេញ​សេច​ក្តី​សម្រេចដោះ​លែង​ និង​សវនាការ​កាត់​ក្តី​”។

ផ្អែក​លើ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​នេះ​ បាន​បង្ហាញ​ថា ភាគ​ច្រើន​បំផុត​ជា​កម្លាំង​ប្រយុទ្ធ​របស់​កង​ទ័​សេរី​ជាតិ​កម្ពុជា​។ តុលាការ​ដដែល​​​បាន​បដិសេធសំណើ​​របស់​ជន​ជាប់​ចោទ​រូប​នេះ​ដែល​ស្នើ​សុំ​ស្ថាន​ទម្ងន់​ទោស​ស្រាល​ជាង​មុន​។

ចៅ​ក្រម​ កាឡូស បៀ បាន​សរសេរ​បន្ត​ថា “ តុលាការ​បាន​បដិសេធ​សំណើ​សុំ​សេចក្តី​អត់​ឱន​របស់​ជន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ាសិទ្ធ។ ការ​គិត​ពិចារណា​ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ ដើម្បី​ផ្តន្ទា​ទោស​ជ​ន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ាសិទ្ធ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ការ​ផ្តន្ទា​ទោស​នេះ​ពិត​ជា​ត្រឹ​ម​ត្រូវ​ខ្លាំង​ណាស់​”។

​នៅ​ក្នុង​សៀវ​ភៅ អេឡិច​ត្រូនិក​កាល​ពី​ឆ្នាំ​២០១២​ ដែល​និយាយ​អំពី​កិច្ច​ការ​នេះ​ អ្នក​និពន្ធ​ឈ្មោះ អាដាំ ភូរ៉េ (Adam Piore) អតីត​អ្នក​សារព័ត៌មាន​កាសែត​ ខេមបូឌា ដេលី បាន​លាត​ត្រដាង​ថា ជន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ាសិទ្ធ ត្រូវ​បាន​ណែនាំ​ថា រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ នឹង​យល់​ព្រម​លើ​ផែនការ​របស់​ខ្លួន​ សម្រាប់​ផ្តួល​រំលំ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សៀវភៅ​របស់​លោក​ ភូរ៉េ មាន​សេច​ក្តី​កត់​សម្គាល់សត្រូវ​មួយ​ចំនួន​របស់​លោក ហ៊ុន សែន មាន​នៅ​សភាសហរដ្ឋ​​អាមេរិក​នៅ​ឡើយ​។ ក្រៅ​ពី​ជន​ជាប់​ចោទ​ឈ្មោះ ឈុន យ៉ាសិទ្ធ​ អតីត​សមាជិក​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​មួយ​ចំនួន ​ក៏​កំពុង​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​បំណង​អាក្រក​់​​នៅរាជធានី​ភ្នំពេញដែរ៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស