26 C
Phnom Penh

សម រង្សុី​ ព្រមាន​​ធ្វើ​មហា​បាតុកម្ម​ថ្មី​ ប្រសិន​បើ​មិន​កែ​ទម្រង់គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា គណ​បក្ស​សង្គ្រោះជាតិ​នឹង​បន្ត​ធ្វើ​មហា​បាតុកម្ម​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ច្រាន​ចោល​សំណើ​សុំ​​​ដាក់​​សមាជិក​​ថ្មី​​ថែម​ទៀត​របស់​​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប.)។

ពេល​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ដែល​​ទើប​បង្កើត​ថ្មី​ចេញ​ពី​ភាគ​ខាង​ជើង​​នៃ​ខេត្ត​កំពង់​ចាម​ លោក សម រង្ស៊ី បាន​ព្រមាន​ធ្វើ​បាតុកម្ម​ បន្ទាប់​ពីកិច្ច​ប្រជុំ​លើក​ទី ២​របស់​គណបក្ស​ទាំង​ពីរ​កាល​ពីថ្ងៃ​ច័ន្ទ ស្តី​ពី​ការ​កែទម្រង់​ការ​បោះឆ្នោត​​បាន​បរាជ័យ​ ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​មាន​​សមាជិក​សភា​ពីរ​ភាគ​បី​​ដើម្បី​អនុ​ម័ត​លើក​ការតែង​តាំង​សមាជិក​ គ.ជ.ប.​ ថ្មី ។

ថ្នាក់​ដឹក​នាំ​ គ.ជ.ប. បច្ចុប្បន្ន​ត្រូវ​បាន​ជ្រើ​ស​​រើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​​និយាយ​ថា ខ្លួន​នឹង​មិន​ពិចារណា​ សំណើ​របស់​គណបក្សប្រឆាំង​ដែល​​អាច​បញ្ចប់​​ការ​ត្រួត​ត្រា​របស់​ខ្លួន​លើ​សមាស​ភាព​​របស់​ស្ថាន​ប័ន​រៀប​ចំការ​បោះឆ្នោត​នេះ​ទេ​។

លោក សម រង្ស៊ី ក៏បានមាន​ប្រសាសន៍​ផង​ដែរ​ថា គណបក្ស​របស់​លោក​នឹង​មិន​ចូល​រួម​​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ​​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ​ ប្រសិន​​បើ​មិន​មាន​​ការ​ទទួល​យក​សំណើ​សុំ​​កែទម្រង់​ គ.ជ.ប. ។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​​វីដេអូ​ពី​ពិធី​នោះដែល​ត្រូវ​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា “ដំបូង​យើង​ឈប់​ចរចា។ គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ខ្ជះ​​ខ្ជាយ​ពេល​វេលា​របស់​យើង​ដើម្បី​ឆបោក​ជន​បរទេស​ មិន​​អាច​ឆបោក​​ខ្មែរ​បាន​ទេ​ ព្រោះ​​ប្រជាជន​ខ្មែរ​ដឹង​រឿង​នេះ​ច្បាស់​ណាស់​”។

លោក​បានមាន​ប្រសាសន៍​ថា “ពួក​គេ​ធ្វើ​ឲ្យជន​បរទេស​​យល់​ច្រឡំ​ថា យើង​ត្រូវ​រ៉ូវ​គ្នា​ និង​កំពុង​ដំណើរការ​ចរចា​ ដូច្នេះ​ពួកគេ​​អាច​​សុំ​ជំនួយ​ពី​បរទេស​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ដូច្នេះ​យើង​ឈប់​ចរចា​​ និង​ប្រាប់​បរទេស​កុំ​ឲ្យផ្តល់​​ជំនួយ​ឲ្យ​ចោរទាំង​នេះ​។ ប្រសិន​បើ​ពួក​ គេ​មិន​​ព្រម​ផ្លាស់​ប្តូរ​ គ.ជ.ប. ទេ វា​មាន​ន័យ ​ថា ពួកគេ​ចង់​លួច​ឆ្នោត​ ដូច្នេះ​​មិន​អាច​មាន​ការ​ចរចាទេ​។​ នៅពេល​​ណា​ពួក​គេ​ផ្លាស់​ប្តូរ​ គ.ជ.ប.​ យើង​នឹង​ចរចា​”។

លោក សម រង្ស៊ី បាន​បន្ថែម​ថា បាតុកម្ម​គឺ​ជា​ជម្រើស​តែ​មួយគត​់។ លោក​បានមាន​ប្រសាសន៍​ថា “យើង​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ទៀត​។ នៅពេល​ធ្វើ​បាតុ​កម្ម​លើក​ក្រោយ​ ខ្ញុំគិត​ថា យ៉ាង​តិច​ក៏​មាន​​មនុស្ស​២លាន​នាក់​ដែរ​។ ដូច្នេះ​​សូម​ឲ្យ​​បង​​ប្អូន​ត្រៀម​ធ្វើ​បាតុកម្ម​ជា​ប្រវត្តិ​សាស្ត្រ​ជា​មួយ​មនុស្ស​២​លាន​នាក់​”។

​លោក​ សម រង្ស៊ី បានមាន​ប្រសាសន៍​ថា ដើម្បី​ធានា​ឲ្យមាន​អព្យាក្រឹតភាព​របស់​​គ.ជ.ប.​ តម្រូវ​ឲ្យគណបក្ស​នយោបាយ​ទាំង​ពីរ​ព្រម​ព្រៀង​លើ​សមាជិក​របស់​ គ.ជ.ប.។ លោក​បានមាន​ប្រសាសន៍ថា  ការ​មិន​ពិចារណា​សំណើ​នេះ ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​​មិន​ចង់​កែទម្រង់​ឡើយ​។

លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​​គណបក្ស​កាន់​អំណាច​ដែល​​បាន​ចេញ​ពី​កិច្ច​ប្រជំុ​​ដែល​បរាជ័យ​េនះ​កាល​ពីម្សិលមិញ ជាមួយ​​គណ​​បក្ស​សង្គ្រោះជាតិ​ កាន់​​​​ផែន  ការ​​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​ហាម​ឃាត់​អ្ន​ក​មាន​​សញ្ជាតិ​ពីរ​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋ​មន្ត្រី និងបាន​រិះគន់​សម្តី​របស់​លោក សម រង្ស៊ី ។

លោក ជាម យៀប​ បាន​មាន​ប្រសាសន៍​ថា “គាត់​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ ប៉ុន្តែ ខ្ញុំ​គិត​ថា គាត់​ត្រូវ​តែ​ណែ​នាំសមាជិក​សភា​៥៥​រូប​របស់​គាត់​ឲ្យ​ចូល​រដ្ឋ​សភា​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ ប្រសិន​បើ​គាត់​ក្លាហាន​។ បាតុកម្ម​មិន​មែនជា​ដំណោះ​ស្រាយ​ទេ​”។

លោក ជាម យៀប ក៏បានថ្លែងសាជាថ្មី​​​ ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពិចារណា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សុំកែ​ទម្រង់ ​គ.ជ.ប.​ ទេ​ ​ដោយ​លើក​ឡើង​ថា គណៈ​កម្មាធិការជាតិ​​​រៀប​ចំការ​បោះឆ្នោត​ដែល ​រង​ការ​រិះគន់​ច្រើន​នេះ​​មិន​ត្រូវ​ការ​ការ​កែ​​ទម្រង់​​ណា​មួយទេ​​។

​ដោយ​ឡែក​កាល​ពីម្សិលមិញ​នេះដែរ​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​ (ERA) ជា ក្រុម​​ចម្រុះ​នៃ​អង្គការ​សិទ្ធិមនុស្សចំនួន​២០​បាន​ជួប​ពិភាក្សា​គ្នា​ ហើយ​បាន​រិះគន់​ការ​បរា​ជ័យ​នៃ​ការ​ចរចា​អំពី​កំណែ​​ទម្រង់ការ​បោះ​ឆ្នោត​របស់​បក្ស​ទាំង​ពីរ​នៅពេលថ្មី​ៗ​នេះ​ បន្ទាប់​ពីមាន​កិច្ច​ប្រជុំ​លើក​ទី ២​កាល​ពី​ថ្ងៃ​ច័ន្ទ​។

នៅ​ឯកិច្ច​ប្រជុំ​កាល​ពីថ្ងៃច័ន្ទ នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ពី​បញ្ហា​អព្យាក្រឹតភាព​របស់​​ គ.ជ.ប.​ គណ​បក្ស​ប្រជា​ជនកម្ពុជា​បែរ​ជា​និយាយ​អំពី​អព្យា​ក្រឹត​ភាព​របស់​អង្គការ​សង្គម​សីុវិល​ទៅ​វិញ​។

លោក គល់​ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការដើម្បី​​ការ​បោះឆ្នោត​​​ដោយសេរី​ និង​យុត្តិធម៌​នៅកម្ពុជា​បានមាន​ប្រសាសន៍​ថា សំណើ​របស់​គណបក្ស​សង្គ្រោះជាតិដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​ទាំង​ស្រុង​នេះ​​គួរតែ​គណបក្ស​ប្រជាជនកម្ពុជា​​យក​ទៅ​​ពិចារណា​ព្រោះវា​នឹង​ផ្តល់​ផល​​​ប្រយោជន៍​ដល់​គណបក្ស​ទាំង​ពីរ​។

លោក​ គល់​ បញ្ញា បាន​បង្ហាញថា គ.ជ.ប.​អព្យាក្រឹត​អាច​ជួយ​ធ្វើ​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​នាពេល​អនាគត​ស្រប​ច្បាប់​។ លោក​បានមាន​ប្រសាសន៍ថា “ដើម្បី​ធ្វើ​ឲ្យមាន​ទំនុក​ចិត្ត​លើ​ គ.ជ.ប. គណបក្ស​នយោ​បាយ​ធំៗ​ដែលមាន​អាសនៈ​ក្នុង​រដ្ឋ​សភា​គួរតែ​​ជួប​ពិភាក្សា​គ្នា និង​ព្រម​ព្រៀង​ជា​ឯក​ច្ឆន្ទ​​​លើ​​នីតិ​វិធី​សមាជិក គ.ជ.ប.”។

លោក​ យ៉ុង គឹម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ដែល​តស៊ូ​មតិ​​​ដើម្បី​នីតិរដ្ឋ​ និង​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​បាន​មាន​ប្រសា សន៍​នៅ​ឯកិច្ច​ប្រជុំ​របស់​​សម្ព័ន្ធកំណែ​ទម្រង់​ការ​បោះឆ្នោត​នេះ​ថា ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ពិត​ជាមាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​​ការ​កែទម្រង់​មែន​នោះ​ពួក​គាត់​គួរ​តែ​ផ្តោតលើ​​ចំណុច​ណា​ដែល​គណ​បក្ស​ទាំង​ពីរ​​បាន​ព្រម​ព្រៀង​គ្នា​នៅក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួនដែល​បាន​ធ្វើ​​កាល​ពីថ្ងៃទី​៣​ ខែ​មីនា​។

លោក​បានមាន​ប្រសាសន៍ថា “កិច្ច​ប្រជុំ​របស់​គណបក្ស​ទាំង​ពីរ​មិនត្រូវ​ធ្វើ​តែមួយ​ដង​ក្នុងមួយសប្តាហ៍​នោះ​ទេ។ ប្រសិនបើ​ពួក​គាត់​​មិន​អាច​ព្រម​ព្រៀង​គ្នា​នៅពេល​ព្រឹក​​​ ពួក​​គាត់​​ត្រូវ​តែ​ជួប​គ្នា​នៅពេល​រសៀល​ទៀត​ និង​នៅ​​ថ្ងៃ​បន្ទាប់​​ គឺ​ជួប​គ្នា​ម្តង​ហើយ​ម្តង​ទៀត​​រហូត​ដល់​ទទួល​បាន​លទ្ធ​ផល​ផ្លែផ្កា”៕​គឹម​ហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស