សហជីពពីរដែលបានអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរធ្វើកូដកម្មស្នាក់នៅផ្ទះ កាលពីម្សិលមិញ ទទួលបានជោគជ័យបន្តិចបន្តួច ក្នុងការចាត់ចែងការធ្វើកូដកម្មសម្រាប់កម្មករ បន្ទាប់ពីសហជីពប្រាំមួយផ្សេងទៀត ដែលស្ថិតនៅក្រោមសម្ពាធរបស់រដ្ឋាភិបាល និងម្ចាស់រោងចក្រ បានដកខ្លួនចេញពីសកម្មភាពតាមផែនការធ្វើកូដកម្មនេះកាលពីថ្ងៃអង្គារ។
មេដឹកនាំសហជីពនានាដែលបានជំរុញឲ្យមានសកម្មភាពបែបនេះ បានឲ្យដឹងថា សមាជិករបស់ខ្លួននៅរោងចក្រចំនួន១៤ បានចូលរួមធ្វើកូដកម្មនេះ ក៏ប៉ុន្តែ កម្មករមួយចំនួនបានត្រឡប់ទៅធ្វើការរៀងៗខ្លួនវិញនៅក្បាលព្រលប់ ដោយសារតែខ្លាចបាត់បង់ការងារ។ កម្មករនៅរោងចក្រមួយបានបញ្ជាក់ថា ពួកគេបានធ្វើកូដកម្មដោយជោគជ័យកាលពីម្សិលមិញ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា GMAC បានរាយការណ៍ថា គ្មានរោងចក្រណាមួយនៅក្នុងចំណោមរោងចក្រជាង៤០០ដែលជាសមា ជិករបស់ខ្លួន រងផលប៉ះពាល់ដោយសារកូដកម្មទាំងនេះទេ។ គួរបញ្ជាក់ថា ពីដំបូង សហជីពបានលើកឡើងថា កូដកម្មទាំងនេះ នឹងមានការចូលរួមពីកម្មកររាប់សែននាក់នៅទូទាំងប្រទេស។
លោក កែន លូ អគ្គលេខាធិការសមាគម GMAC បានមានប្រសាសន៍ថា “មានសកម្មភាពកូដកម្មខ្លះៗដែរ ប៉ុន្តែ មិនមានករណីគួរឲ្យកត់សម្គាល់ទេ”។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានលើកឡើងថា សហជីពនៅរោងចក្រកាត់ដេរចំនួន១៤បានអំពាវនាវឲ្យចូលរួមធ្វើកូដកម្ម។ អ្នកស្រីបានមានប្រសាសន៍ថា “កម្មករមួយចំនួនបានទៅរោងចក្រ ប៉ុន្តែ ពួកគេមិនធ្វើការទេ ខណៈដែលកម្មករជាច្រើនទៀតនៅផ្ទះ និងមិនទៅធ្វើការទេ”។ អ្នកស្រីក៏បានអះអាងផងដែរថា កម្មករប្រហែលជា១០.០០០នាក់បានចូលរួមកូដកម្ម។
វិស័យកាត់ដេរបានស្រូបយកកម្លាំងកម្មករប្រហែល៥០០.០០០នាក់ដែលភាគច្រើនជាស្ត្រីវ័យក្មេងដែលបច្ចុប្បន្នទទួលបានប្រាក់ឈ្នួលអប្បបរមា១០០ ដុល្លារក្នុងមួយខែ។
អ្នកស្រី សុភ័ណ្ឌ បានឲ្យដឹងបន្តទៀតថា ទោះបីជាមានការចូលរួមតិចជាងកម្រិតរំពឹងទុកក៏ដោយ សហជីពរបស់អ្នកស្រីនិងសហព័ន្ធសហជីពជាតិ នឹងជំរុញឲ្យមានការចូលរួមបន្ថែមដើម្បីអំពាវនាវឲ្យមានការដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារក្នុងមួយខែ។
អ្នកស្រីបានមានប្រសាសន៍ថា “យើងនៅតែបន្តធ្វើកូដកម្ម ទោះបីជាមានសហជីពមួយចំនួនតូចចូលរួមក៏ដោយ។ យើងនឹងបន្តធ្វើកូដកម្មពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងទណ្ឌិតទាំង២១នាក់ដែលបានចូលរួមសកម្មភាពតវ៉ា ហើយត្រូវបានចាប់ដាក់ពន្ធនាគារ ហើយទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលរបស់កម្មករ និងដកពាក្យបណ្តឹងទាំងអស់ដែលប្រឆាំងសហជីពរបស់យើង”។
អ្នកស្រី ជាង ធីតា អ្នករៀបចំសហជីពនៅរោងចក្រកាត់ដេរ គិន តៃ (Kin Tai) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា កម្មករប្រហែល៦០០នាក់បានដើរចេញពីរោងចក្រ បន្ទាប់ពីបានចូលទៅកន្លែងធ្វើការកាលពីម្សិល មិញ។
អ្នកស្រីបានមានប្រសាសន៍ថា “បន្ទាប់ពីយើងបានពន្យល់កម្មករអំពីចំណុចទាមទាររបស់យើង និងបានប្រាប់ពួកគេថា យើងត្រូវតែលះបង់ពេលវេលារបស់យើងកម្មករទាំងអស់សប្បាយចិត្តនឹងចូលរួមជាមួយយើង”។ អ្នក ស្រីបានឲ្យដឹងបន្ថែមទៀតថា កម្មករទាំងនោះនឹងបន្តធ្វើកូដកម្មស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី១៧ ខែមីនា។ មេដឹកនាំសហជីពនៅរោងចក្រផ្សេងៗទៀតដែលមានផែនការចូលរួមធ្វើកូដកម្មផងដែរនោះ បានលើកឡើងថា ពួកគេទទួលបានជោគជ័យបន្តិចបន្តួច។
អ្នកស្រី សឹុម សុថា មេដឹកនាំសហជីពនៅរោងចក្រកាត់ដេរ Terratex Knitting & Garment ដែលស្ថិតនៅខណ្ឌមានជ័យ បានលើកឡើងថា អ្នកស្រី និងកម្មករបួននាក់ផ្សេងទៀតមានផែនការធ្វើកូដកម្មដោយបិទភ្លើងនៅក្នុងរោងចក្រ ក៏ប៉ុន្តែ ត្រូវបានទប់ស្កាត់ពីសំណាក់គណៈគ្រប់គ្រងរបស់រោងចក្រ។
អ្នកស្រីបានមានប្រសាសន៍ថា “អ្នកគ្រប់គ្រងចិន និងបុគ្គលិករដ្ឋបាលបានសួរយើង បន្ទាប់ពីយើងព្យាយាមបិទភ្លើង និងចង់ចាកចេញពីរោងចក្រត្រឡប់ទៅផ្ទះយើងវិញ”។
អ្នកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “កម្មករអាចធ្វើកូដកម្មបាន តែ កន្លះម៉ោងប៉ុណ្ណោះ ដោយសារពួកគេខ្លាចបាត់បង់ការងារ ពីព្រោះពួកគេមានកិច្ចសន្យាការងាររយៈពេលខ្លីជាមួយរោងចក្រ”។
អ្នកស្រី ខន ហ៊ាន អាយុ៣៣ឆ្នាំ កម្មករនៅរោងចក្រកាត់ដេរ Shimano Cambodia ក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្មករបានបាត់បង់សុទិដ្ឋិនិយមក្នុងការធ្វើកូដកម្ម បន្ទាប់ពីបុគ្គលិករដ្ឋបាល និងសន្តិសុខចាប់ផ្តើមដើរល្បាតនៅតាមរោងចក្រ និងថតរូបកម្មករដែលមិនធ្វើការ។
អ្នកស្រី ហ៊ាន បាននិយាយថា “កម្មករចង់ធ្វើកូដកម្ម ក៏ប៉ុន្តែ សន្តិសុខរោងចក្របានដើរចុះដើរឡើង និងថតរូបដោយប្រើកាំមេរ៉ា។ កន្លះម៉ោងក្រោយមក កម្មករយល់ឃើញថា ខ្លួនត្រូវបានគំរាមកំហែងថា ប្រាក់ខែរបស់ពួកគេនឹងត្រូវបានកាត់ ហើយបន្ទាប់មកក៏ត្រឡប់ទៅធ្វើការវិញ”។ មន្ត្រីគ្រប់គ្រងនៅរោងចក្រ Kin Tai Terratex និងរោងចក្រ Shimano មិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
សហជីពប្រាំមួយដែលបានដកខ្លួនចេញនៅដំណាក់នៃកូដកម្មនេះ បានអះអាងថា ខ្លួននឹងសម្របសម្រួលកូដកម្មទូទាំងប្រទេស បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរដែលចាប់ផ្តើមនៅថ្ងៃទី១៤ខែក្រោយ។
បន្ទាប់ពីដំណាក់ដំបូងនៃសកម្មភាពកូដកម្មនិងបាតុកម្មទាមទារប្រាក់ឈ្នួលអប្បបរមាកាលពីចុងខែធ្នូ និងដើមខែមករា ដែលត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់កម្លាំងទាហាន និងកម្លាំងកងរាជអាវុធហត្ថ ដែលបានបាញ់សម្លាប់កម្មករប្រាំនាក់ និងធ្វើឲ្យកម្មករយ៉ាងតិច៤០នាក់ផ្សេងទៀតរងរបួស ហើយអ្នកតវ៉ា២៣នាក់ត្រូវបានចាប់ដាក់ពន្ធនាគារនៅខេត្តកំពង់ចាម។ ក្រោយមក ទណ្ឌិតពីរនាក់ក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ ម្ចាស់រោងចក្រប្រហែល១៥០នាក់បានដាក់ពាក្យប្តឹងមេដឹកនាំសហជីពប្រាំមួយដែលនៅពីក្រោយសកម្មភាពកូដកម្មទាំងនោះ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសគោលការណ៍គ្មានការអត់ឱន សម្រាប់សហជីពទាំាងឡាយណាដែលធ្វើកូដកម្មដោយមិនគោរព និងអនុវត្តតាមនីតិវិធីច្បាប់៕ សុធា
(រាយការណ៍បន្ថែមដោយ Colin Meyn)