32 C
Phnom Penh

ពុទ្ធ​ប្បដិមា​ធ្វើ​ពី​មាស​ចំនួន​ប្រាំ​ព្រះ​អង្គ​ ភ្លុកដំរី​មួយ​គូ និង​កោដ្ឋមួួយ​​ ត្រូវ​ក្រុម​ចោរ​លួច​ពី​វត្តឧណ្ណាលោម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​តេជគុណ​ សៀរ​ ភារ៉ា ព្រះ​លេខា​វត្ត​ឧណ្ណាលោ​ម​​ បាន​មាន​សង្ឃ​ដីកា​ឲ្យដឹង​​ កាល​ពី​ម្សិល​មិញ​ថា ក្រុម​ចោរ​បាន​លួច​ចូល​វត្ត​ឧណ្ណា​លោម​​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រំលង​អធ្រាត្រ​​​​ថ្ងៃ​​​អង្គារ​​ ហើយ​បាន​លួច​ពុទ្ធ​ប្ប​ដិមា​ធ្វើ​ពី​មាស​ចំនួន​ប្រាំ​ព្រះ​អង្គ​ ដែល​មាន​តម្លៃ​ជាង​២០.០០០​ដុល្លារ​ ក៏​ដូច​ជា​ ភ្លុក​ដំរី​មួយ​គូ​និង​កោដ្ឋមួយ​ដែល​គេ​ប៉ាន់​ប្រមាណ​ថាមាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ផងដែរ​។

ព្រះតេជ​គុណ​មាន​សង្ឃ​ដី​កា​ថា ក្រុម​ចោរ​បាន​ចូល​ទៅ​ក្នុង​វត្ត​​នៅ​ម៉ោង​ប្រហែល​​១រំលង​អធ្រាត្រ​​ដោយ​​ធ្វើ​ឲ្យ​​បង្អួច​ដែល​មាន​ចាក់​សោរបើក​ ហើយ​បាន​កាត់​ចម្រឹង​​​ដែក​​ រួច​បន្ទាប់​មក​វាយ​បំបែក​កញ្ចក់​។ ព្រះ​តេជ​គុណបាន​សង្ឃ​ដីកា​បន្ត​​​​ថា គ្មាន​អ្នក​យាម​នៅ​ក្នុង​វត្ត​ឡើយ​ ហើយ​ព្រះ​​​​​​​​សង្ឃ​ពីរ​​​អង្គ​ដែល​គង់​នៅ​ក្រោម​កុដិ​មិន​បាន​ឮ​អ្វី​ទេ​។

​ព្រះ​តេជ​គុណ​បាន​មាន​សង្ឃ​ដីកា​បន្ថែម​ទៀត​ថា “អាត្មា​មិន​អនុញ្ញាត​ឲ្យ​នរណា​ស្នាក់​នៅ​ទី​នោះ​ទេ​ ព្រោះ​នៅ​កន្លែង​នោះ​អាត្មា​អនុញ្ញាត​ឲ្យ​តែ​ភ្ញៀវ​ពិសេស​ៗ​ចូល​​ថ្វាយ​បង្គំ​ប៉ុណ្ណោះ​”។

ការ​លួច​នេះ​បាន​កើត​ឡើង​ប្រហែល​បី​ខែ​ បន្ទាប់​ពី​ព្រះ​សារីរិកធាតុ​​ដ៏​មាន​តម្លៃ​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​​ត្រូវ​បាន​ចោរ​លួច​ពី​ព្រះ​សក្យមុនីចេតិយ​ នៅ​លើ​ភ្នំឧដុង្គ​ក្នុង​​​ខេត្ត​កណ្តាល​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​​​​​នៅ​ក្នុង​ចំណោម​ព្រះ​សង្ឃ​​មួយ​ចំនួន​ដែល​​​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា គ្មាន​សមត្ថ​​ភាព​។

កាល​ពី​ខែ​កុម្ភៈ​ នគរបាល​បាន​ចាប់​ខ្លួនជន​សង្ស័យ​ឈ្មោះ​ កែវ​ រស្មី​ ជា​​កសិករ​ម្នាក់​នៅ​ក្នុង​ខេត្ត​តាកែវ​ ហើយ​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​រូបនេះ​ពី​បទ​ចោរ​កម្ម​ បន្ទាប់​ពី​រក​ឃើញ​វត្ថុ​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ដែល​លួច​ពី​ភ្នំ​ឧដុង្គ​។

លោក លឹម សុគន្ថា​ ចៅ​ក្រម​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ច្បាស់​ទេ​ ថា​តើ​ពេលណា​ ជន​សង្ស័យ​​​ កែវ​ រស្មី​ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដឹង​ថា តើ​ពេល​ណា​នឹង​ត្រូវ​បើក​សវនាការ​ជំនំុជម្រះ​នៅ​ក្នុង​សំណំុ​រឿង​ភ្នំ​ឧដុង្គ​នោះ​ទេ​ ព្រោះ​យើង​ត្រូវ​ការ​​ស៊ើ​ប​អង្កេត​​បញ្ហា​នេះ​បន្ថែម​​​​ទៀត​” ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស