ប្រធានសមាគមនិយោជកធំបំផុតនៅក្នុងប្រទេសកម្ពុជា បានលើកឡើងកាលពីម្សិលមិញថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនៅដំណាច់ឆ្នាំនេះ មានបញ្ញតិ្តដែលនឹងអនុញ្ញាតឲ្យមានការព្យួរសហជីព ប្រសិនបើសហជីពទាំងនោះធ្វើសកម្មភាពដែលកំណត់ថា ខុសច្បាប់។
លោក វ៉ាន់ ស៊ូអៀង ប្រធានសហព័ន្ធសមាគមនិយោជក និងអាជីវកម្មកម្ពុជា (Camfeba) បានលើកឡើងថា ច្បាប់សហជីពដែលគេរង់ចាំយូរមកហើយ និងជាសេចក្តីព្រាងច្បាប់ដែលមិនទាន់ចេញសម្រាប់ការពិនិត្យពិច័យសាធារណៈនឹងអាចនាំឲ្យមានសកម្មភាពព្រមានទៅលើសមាគមកម្មករ ដែលមិនគោរពបទបញ្ជារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ូអៀងបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារសូហ្វុីតែលក្នុងរាជធានីភ្នំពេញថា “ ក្នុងច្បាប់សហជីព មានចំពូកណាមួយនោះ មិនមែនសម្រាប់ការមិនចុះឈ្មោះ ក៏ប៉ុន្តែសម្រាប់ការព្យួរប្រសិនបើសហជីពរំលោភនីតិវិធីជាក់លាក់ ឬសេចក្តីជូនដំណឹង…ពីក្រសួងការងារ”។
លោក ស៊ូអៀង ដែលជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាផងដែរនោះ បាននលើកឡើងបន្ថែមទៀតថា សេចក្តីសម្រេចឲ្យមានការព្យួរសហជីពេនះ នឹងត្រូវធ្វើឡើងដោយតុលាការ ឬក្រសួងការងារ។
លោក ស៊ូអៀង បានមានប្រសាសន៍ថា “ នោះត្រូវបានង្កើតឡើង[នៅក្នុងច្បាប់ការងារដែលបានគ្រោងទុក] បើទោះជាអង្គការពលកម្មអន្តរជាតិ (ILO) ណែនាំថា មិនគួរមានការមិនចុះឈ្មោះសម្រាប់សហជីពក្នុងកាលៈទេសៈណាមួយក៏ដោយ”។
លោក ស៊ូអៀង បានមានប្រសាសន៍ក្នុងន័យចំអកថា “ សេរីភាពបង្កើតសមាគមវាអស្ចារ្យហើយ គឺមានសហជីពដល់ទៅ៣.០០០សម្រាប់រោងចក្រចំនួន៦០០”។
លោកបានបន្ថែមថា “ តើយើងបន្តរីកចម្រើនក្នុងសេរីភាពបង្កើតសមាគម និងអាចបង្កើតសហជីពរាប់ពាន់់សម្រាប់រោងចក្រចំនួនពីរបីរយ ឬក៏យើងគួរតែពិនិត្យមើលថាតើយើងអាចរក្សាគោលការណ៍នៃសេរីភាពបង្កើតសមាគម ដែលនឹងមានប្រយោជន៍សម្រាប់ទំនាក់ទំនងឧស្សាហកម្មដែរឬទេ”។
នៅក្នុងអនុស្សរណៈកម្រិតគោលនយោបាយរបស់ខ្លួន នៅក្នុងរបាយការណ៍មួយចេញកាលពីថ្ងៃអង្គារ Camfeba បានស្នើថា “ច្បាប់សហជីពថ្មី គួរតែធានាថា បញ្ញត្តិទាំងឡាយត្រូវបានដាក់បញ្ចូល សម្រាប់ការរុះរើ និងលប់ចោលការចុះឈ្មោះសហជីពដែលមិនអនុវត្តតាមច្បាប់”។
បើទោះជាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់រំសាយចោលសហជីពតាមឆន្ទៈក៏ដោយ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ច្បាប់ថ្មីនឹងអនុវត្តតាមអនុសញ្ញា៨៧ របស់អង្គការពលកម្មអន្តរជាតិស្តីពីសេរីភាពបង្កើតសមាគម ដែលត្រូវបានធ្វើសច្ចាប័នដោយប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដើម្បីទប់ស្កាត់មន្ត្រីសាធារណៈមិនឲ្យជ្រៀតជ្រែកក្នុងសិទ្ធិរៀបចំសហជីពនៅទូទាំងសាកលលោក។
លោក អុិត សំហេង បានមានប្រសាសន៍ក្រោយកម្មវិធីផ្សព្វផ្សាយរបាយការណ៍ដាច់ដោយឡែកពីគ្នារបស់អង្គការពលកម្មអន្តរជាតិ និងសហព័ន្ធ Camfeba នៅសណ្ឋាគារសូហ្វុីតែលថា “ ច្បាប់នេះត្រូវបានបង្កើតឡើងស្របតាមអនុសញ្ញា ILO ៨៧និងស្របតាមបរិបទនៃប្រទេសកម្ពុជា”។លោកបានមានប្រសាសន៍បន្ថែមទៀតថា “កម្មវត្ថុនៃច្បាប់នេះគឺមិនមែនដាក់សម្ពាធលើតែភាគីមួយតែប៉ុណ្ណោះទេ មានន័យថា វានឹងទៅលើទាំងសហជីព ទាំងនិយោជកផងដែរ”។ លោកបានបដិសេធមិនបញ្ជាក់ថា តើច្បាប់នេះនឹងរាប់បញ្ចូលវិធានការជាក់លាក់ដែលអនុញាតឲ្យមានវិធានការព្រមានសហជីពនោះដែរឬយ៉ាងណាទេ។
អំឡុងកិច្ចប្រជុំបិទទ្វារមួយកាលពីខែមុនជាមួយតំណាងមកពីក្រុមហ៊ុនផលិតសម្លៀកបំពាក់អន្តរជាតិសំខាន់ៗ លោក អិុត សំហេងបានលើកឡើងថា ច្បាប់សហជីពនឹងត្រូវបានដាក់ចេញនៅដំណាច់ឆ្នាំ២០១៤។
លោក អុិត សំហេង បានប្រាប់តំណាងក្រុមហ៊ុនទាំងនោះថា “ ច្បាប់សហជីពថ្មីនឹងត្រូវបានដាក់ជូនរដ្ឋាភិបាលពិនិត្យនៅឆមាសទី៣ ហើយនៅឆមាសទី៤នឹងត្រូវបានបញ្ជូនទៅរដ្ឋសភាដើម្បីសម្រេច”។
បច្ចុប្បន្ននេះ រដ្ឋសភាដែលមានសមាជិកសភាតែ៦៨រូបមកពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចអាចអនុម័តច្បាប់ថ្មីនេះបាន។ ទោះជាយ៉ាងណា ដោយមានសំឡេងតិចជាងពីរភាគបីនៅក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ រដ្ឋសភាមិនអាចកែប្រែដោយស្របច្បាប់លើរដ្ឋធម្មនុញ្ញ ដែលចែងថា ពលរដ្ឋទាំងអស់មានសេរីភាពបង្កើតសមាគម។
លោក ម៉ូរីហ្សុីអូ ប៊ូស្សុី (Maurizio Bussi) នាយកអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ច្បាប់ស្តីពីសហជីព គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាល ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងទៅនឹងបញ្ញត្តិសំខាន់ៗដែលអនុញ្ញាតឲ្យមានការព្យួរសហជីពទេ។
លោកមានប្រសាសន៍ថា “នៅពេលដែលយើងមានរឿងត្រូវនិយាយ យើងនឹងរៀបចំសន្និសីទសារព័ត៌មានមួយផ្សេងទៀត”។
លោក ដេវ វែល (Dave Welsh) នាយកមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ដែលជាអង្គការសិទ្ធិការងារមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងថា រាល់បញ្ញត្តិដែលអនុញ្ញាតឲ្យមានការព្យួរឈ្មោះសហជីព នឹងមានយោបល់ច្រើនពីអង្គការ ILO ប្រសិនបើសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តជាច្បាប់”។
លោក វែល បានលើកឡើងបន្ថែមទៀតថា អាទិភាពសម្រាប់មជ្ឈដ្ឋានអន្តរជាតិ គឺចង់ឲ្យច្បាប់ការងារ និងសហជីពពង្រីក និងការពារសេរីភាពក្នុងការបង្កើតសមាគម មិនមែនកំណត់នោះទេ។
លោកមានប្រសាសន៍ថា “លើកឡើងនៅក្នុងបរិបទនៃសំឡេងឮស្ទើតែរាល់សប្ដាហ៍ទាក់ទងនឹងការកាត់បន្ថយសិទ្ធិការងារ ច្បាប់ណាដែលចូលជាធរមានក្នុងន័យព្រមាន គឺជាច្បាប់បង្អាក់វឌ្ឍនភាព និងធ្វើឲ្យខូចប្រយោជន៍យ៉ាងច្រើន”។
កាលពីសប្ដាហ៍មុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបដិសេធមិនចុះឈ្មោះសាខាថ្មីរបស់សហជីពសេរីកម្មករ ដែលមាននិន្នាការគាំទ្រខាងប្រឆាំង ដោយលើកឡើងថា មេដឹកនាំសហ ជីពបច្ចុប្បន្នត្រូវបង្ហាញលិខិតថ្កោលទោសដែលចេញដោយក្រសួងយុត្តិធម៌។
កាលពីសប្ដាហ៍មុនមួយទៀត អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គ្មានសហជីពថ្មីនឹងត្រូវបានចុះបញ្ជីទេ លុះត្រាតែច្បាប់សហជីពត្រូវបានអនុម័ត ដែលនេះជាសេចក្ដីថ្លែងមួយដែលអ្នកនាំពាក្យរូបនោះបានផ្លាស់ប្ដូរនៅថ្ងៃបន្ទាប់ ដោយមិនមានសេចក្ដីពន្យល់។
លោក គង់ អាទិត្យ អគ្គលេខាធិការសហព័ន្ធការងារកម្ពុជា បានលើកឡើងថា អ្នករៀបចំសហជីពម្នាក់ៗមិនមែនស្ថាប័នដែលពួកគេតំណាងឲ្យ គួរតែត្រូវបានដាក់ពិន័យ ប្រសិនបើពួកគេល្មើសច្បាប់។
លោកបានមានប្រសាសន៍ថា “ប្រសិនបើបុគ្គលធ្វើរឿងខុស ច្បាប់គ្រាន់តែអាចដាក់ទណ្ឌកម្មលើបុគ្គលនោះបុណ្ណោះ ប៉ុន្តែមិនអាចបិទស្ថាប័នទាំងមូលបានទេ។ សិទ្ធិសេរីភាពបង្កើតសមាគមមិនត្រូវមានការកំណត់នៅកម្រិតណាមួយទេឡើយ៕ ប៊ុននី