មន្ត្រីរដ្ឋាភិបាលកំពុងពិចារណាអំពីសំណើដ៏ចម្រូងចម្រាសមួយដែលស្នើឲ្យប្រទេសកម្ពុជាជាប្រទេសដែលមានប្រវត្តិមិនល្អទាក់ទិននឹងការដោះស្រាយជាមួយជនភៀសខ្លួនជួយទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួនពីប្រទេសអូស្ត្រាលី។
លោកស្រី ជូលី ប៊ីសប់ (Julie Bishop) រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានដាក់សំណើនេះជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងការបំពេញទស្សនកិច្ចរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជា កាលពីខែមុន ហើយរដ្ឋាភិបាលបានលើកឡើងថា ខ្លួននឹងពិចារណាអំពីសំណើនេះឲ្យបានហ្មត់ចត់ជាមុនសិន។
កាលពីម្សិលមិញ ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាអំពីសំណើនេះបន្ថែម ហើយលោកបានលើកឡើងថា សមាជិកនៃគណៈកម្មការនេះបានជួបពិភាក្សាគ្នាយ៉ាងហោចណាស់ម្តងរួចមកហើយ។
លោក សុភ័គ បានមានប្រសាសន៍ថា “រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយរួចហើយ ហើយត្រូវបានដឹកនាំដោយលោក ឡុង វីសាលោ [រដ្ឋលេខាធិការក្រសួងការបរទេស] ដើម្បីសិក្សាអំពីបញ្ហានេះ”។ ប៉ុន្តែឧត្តមសេនីយ៍ សុភ័គ បានឲ្យដឹងថា លោកមិនដឹងថា តើគណៈកម្មការថ្មីនេះបានវិវឌ្ឍដល់ណាហើយនោះឡើយ។ លោក ឡុង វីសាលោ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
លោក អៀង សុផាល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងបន្ទាប់ពីបានជួបពិភាក្សាជាមួយលោកស្រី ជូលី ប៊ីសប់ រួចថា ប្រទេសអូស្ត្រាលីបានស្នើឲ្យប្រទេសកម្ពុជាជួយទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់មួយចំនួនតូចដែលគេមិនបញ្ជាក់ពីចំនួនច្បាស់លាស់។
រដ្ឋាភិបាលអូស្ត្រាលីសឹងតែមិនបង្ហើបឲ្យដឹងដោយបដិសេធមិនបញ្ជាក់ ឬក៏បដិសេធថា លោកស្រី ជូលី ប៊ីសប់ មិនបានធ្វើសំណើដូច្នេះនោះឡើយ។
អ្នកនាំពាក្យរបស់ស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយឡើយ។ ព័ត៌មានទាក់ទិននឹងសំណើនេះទទួលបានការរិះគន់មួយចំនួន។
អង្គការសិទិ្ធមនុស្សបានលើកឡើងថា ប្រទេសកម្ពុជាមិនបានត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាទាក់ទិនអ្នកស្វែងរកសិទ្ធិជ្រកកោននេះឡើយ ព្រោះរដ្ឋាភិបាលធ្លាប់បានរំលោភសិទ្ធិជនភៀសខ្លួនដែលបានធ្វើដំណើរពីប្រទេសចិននិងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
រដ្ឋាភិបាលអូស្ត្រាលីក៏ទទួលរងការរិះគន់ទាក់ទិននឹងសំណើនេះផងដែរ ពីសំណាក់សមាជិកសភាមកពីគណបក្សប្រឆាំងនៅក្នុងប្រទេសរបស់ខ្លួនដែលបានចោទប្រកាន់ថា រដ្ឋាភិបាលបានធ្វើការស្នើនេះដោយមិនបានសិក្សាពីស្ថានភាពសិទ្ធិមនុស្ស និងការលួចបន្លំសន្លឹកឆ្នោតនៅក្នុងប្រទេសកម្ពុជា៕ ស៊ុយឈាង