33 C
Phnom Penh

នគរ​បាល​បង្ក្រាប​បាតុ​​កម្ម​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទប់​ទល់​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​កាត់​ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ នគរបាល​បង្ក្រាបបាតុ​​កម្ម​​ ខណ្ឌ​ដូនពេញ​ ប្រហែល​១០០​នាក់​បាន​ហ្វឹក​​ហាត់​នៅ​ក្នុង​ទី​លាន​ប្រជា​ធិបតេយ្យ​​ ដើម្បី​​ត្រៀម​សម្រាប់​​ទប់​ទល់​ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ដែល​អាច​កើត​មាន​នៅ​ក្នុង​សប្តាហ៍​ ដែល​សហជីព​កម្ម​​ករ​រោងចក្រ​កាត់​ដេរ​ បាន​អំពាវនា​វ​ឲ្យ​មាន​កា​រ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​។

សហ​ជីព​បាន​ប្តូរ​ផែន​ការ​​ពី​ការ​តវ៉ា​តាម​ផ្លូវ​មក​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​វិញ​ ដែល​គ្រោង​​​ធ្វើ​​​​​កាល​ពី​ម្សិល​មិញ​​​ ប៉ុន្តែ​​កាល​ពី​ថ្ងៃ​អង្គារ​មិន​មាន​ការ​ព្រម​ព្រៀង​គ្នា​ ថា​តើ​ត្រូវ​ធ្វើកូដកម្ម​នេះ​ឬ​ក៏​អត់​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្វី​លេច​ចេញ​ជា​រូប​រាង​ដែរ​ កាល​ពី​ម្សិល​មិញ​។ ប៉ុន្តែ​មន្ត្រី​ខណ្ឌ​ដូន​ពេញ​បាន​ឲ្យដឹង​ថា ខ្លួន​នៅ​តែ​បន្ត​ការ​ត្រៀម​ដើម្បី​រក្សា​សន្តិ​សុខ​ ព្រោះ​​​ខ្លាច​ក្រែង​មាន​អ្វី​ផ្លាស់​ប្តូរ​។

អនុ​សេនីយ៍​ទោ ​ នុត វិចិត្រ បាន​មាន​ប្រសា​​សន៍​ថា “យើង​មិន​ដឹង​ទេ​ថា តើ​សហ​ជីព​ពិត​ជា​ផ្អាក​ការ​តវ៉ា​របស់​ខ្លួនមែន​ឬយ៉ាង​ណា​នោះ​ ហេតុ​ដូច្នេះ​យើង​​នៅ​តែ​ហ្វឹក​ហាត់​​ព្រោះ​ខ្លាច​មាន​អ្វី​កើត​ឡើង​​ ហើយ​ប្រសិន​បើ​​ពិត​ជា​មាន​អ្វី​កើត​ឡើង​មែន​នោះ​ ​យើង​នឹង​បង្ក្រាប​”។

លោកបាន​បន្ថែម​ថា ការ​ហ្វឹក​ហាត់​ក៏​មាន​គោល​បំណង​ដើម្បី​ឲ្យ​នគរ​បាល​ត្រៀម​សម្រាប់​ទប់​ទល់​នឹង​ការ​តវ៉ា​ទ្រង់​ទ្រាយ​តូច​​ដែល​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​សកម្មជន​មក​ពីសហ​គម​ន៍​បឹង​កក់​ ជុំវិញ​បញ្ហា​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ផង​ដែរ​។

លោក អនុសេនីយ៍​ទោ​ នុត​ វិចិត្រ​ បាន​មាន​ប្រសាសន៍បន្ត​ទៀត​ថា “យើង​ក៏​កំពុង​ហ្វឹក​ហាត់​ដើម្បី​រង់​ចាំ​មើល​ថា ​តើអ្នក​តវ៉ា​មក​ពី​សហ​​​​​​គមន៍​​បឹង​កក់​នឹង​ធ្វើ​អ្វី​។ នៅ​ពេល​ពួក​គេ​បញ្ឈប់​ការ​តវ៉ា​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ យើង​នឹង​បញ្ឈប់​ការ​ហ្វឹក​ហាត់​”។

ឧត្តម​សេនីយ៍​ទោ​ នុត​ វិចិត្រ​ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​ណា​មួយ​ដែល​ការ​ធ្វើ​បាតុកម្ម​អនាធិបតេយ្យ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចំនួន​មនុស្ស​រហូត​ដល់​ទៅ​១០.០០០​នាក់​ នគរ​បាល​នឹង​ត្រូវ​ដាក់​ពង្រាយ​និង​ដាក់​ឲ្យ​ឈរ​ជើង​​នៅ​ស្ថានីយរថ​ភ្លើងក្នុង​​រាជ​ធានី​ភ្នំពេញ ជា​ផ្នែក​នៃ​ប្រតិបត្តិការ​​រក្សា​សន្តិសុខ​ទ្រង់​ទ្រាយ​ធំ​ក្នុង​គោល​បំណង​រក្សា​ស្ថិរភាព​ក្នុ​ង​រាជ​ធានី​។ លោក​បាន​មាន​ប្រសាសន៍​ថា “នគរបាល​រាប់​រយ​នាក់​កំពុង​ត្រូវ​បាន​បញ្ជូន​ពី​បណ្តា​ខេត្ត​នានា​​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​មក​ធ្វើ​ការ​ហ្វឹក​ហាត់​ក្នុ​ង​រាជ​ធានី​ភ្នំពេញ។

ការ​ហ្វឹក​ហាត់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​​​​ពី​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​​​សម្រេច​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​៥៤.០០០​ ដុល្លារ​ដល់​មន្ត្រី​នគរបាល​​សម្រាប់​ការ​ខិត​ខំ​របស់​ពួក​គេ​នៅ​ក្នុង​ការ​បង្ក្រាប​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ធ្វើ​កូដ​កម្ម​ កាល​ពី​ដើម​ខែ​មករា ដែល​បណ្តាល​ឲ្យ​​​​មនុស្ស​ប្រាំ​នាក់​ត្រូវ​គ្រាប់កាំ​​ភ្លើង​ស្លាប់​និង​រាប់​សិប​នាក់​ទៀត​រង​របួស​ដោយ​សារ​ស្នា​ដៃ​របស់​កង​រាជ​អាវុធ​ហត្ថ​និង​នគរ​​បាល​បង្ក្រាប​បាតុ​​កម្ម​នោះ​។

លោក​ គៀត​ ច័ន្ទ​ថារិទ្ធ​​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​​​ការ​នគរបាល​ជាតិ​ បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា នគរបាល​រាប់​ពាន់​នាក់​ បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ នៅ​ក្នុង​ករណី​ណា​ដែល​រដ្ឋាភិបាល​ត្រូ​វ​ការ​ពួក​គេ​ឲ្យ​ទៅ​ “ស្តារ​សណ្តាប់​ធ្នាប់​សាធារណៈ​ឡើង​វិញ​” ។ លោកបាន​មាន​ប្រសាសន៍​ថា “នេះ​មិន​​មែន​ជា​ការ​បង្ក្រាប​ទេ​ យើង​បាន​ស្នើ​ឲ្យ​ពួក​គេ​ផ្អាក​ការ​ធ្វើ​បាតុកម្ម​​ ដោយ​ត្រូវ​អនុលោម​ទៅ​តាម​ការ​សម្រេច​របស់​សាលា​រាជ​ធានី​ និង​ក្រសួង​មហា​ផ្ទៃ​”៕ ស៊ុយ​ឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស