35 C
Phnom Penh

កម្ពុជានិង​​​សហភាព​​​អឺរ៉ុប​​​បញ្ចប់​​​កិច្ច​​​ពិភាក្សា​​​ទ្វេភាគី​​​នៅ​​​ក្នុង​​​ទីក្រុង​​​ព្រុចសែល ប្រទេស​​​បែលហ្ស៊ិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​​សេចក្ដីថ្លែងការណ៍រួម​​​មួយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្ពុជា និង​​​សហភាព​​​អឺរ៉ុប​​​បាន​​​បញ្ចប់​​​កិច្ច​​​ប្រជុំ​​​គណៈកម្មាធិការ​​​ចម្រុះលើក​​​ទី​​​៨ របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ព្រុច​​​សែល កាលពី​​​ម្សិលមិញ បន្ទាប់ពីការ​​​ពិភាក្សា​​​ “ស្មោះ​​​ត្រង់​​​ និង​​​ស៊ីជម្រៅ​​​” លើ​​​ប្រធាន​​​បទ​​​គ្រប់​​​យ៉ាង​​​ចាប់​​​ពី​​​ពាណិជ្ជកម្ម​​​​​​ និង​​​ជំនួយ​​​រហូត​​​ដល់​​ស្ថាន​​​ភាព​​​​​​​​​វិវឌ្ឍ​​​នយោបាយ​​​​​​ថ្មីៗ​​​នេះ​​​នៅ​​​​​​កម្ពុជា​​​។

សេចក្ដីថ្លែងការណ៍​​​ខ្លីនេះ​​​លើក​​​ឡើង​​​ពី​​​ទំនាក់​​​ទំនង​​​រឹង​​​មាំ​​​រវាង​​​ភាគីទាំង​​​ពីរ​​​ ប៉ុន្តែ​​​មិន​​​បាន​​​បញ្ជាក់​​​លម្អិត​​​ថា ភាគីទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​គ្នា​​​រឿង​​​អ្វីខ្លះនោះទេ​​​។ កិច្ច​​​ប្រជុំនេះ​​​កើត​​​មាន​​​ឡើង​​​ស្រប​​​ពេល​​​ដែល​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​​​រង​​​ការ​​​រិះគន់​​​យ៉ាង​​​​​​ខ្លាំង​​​ពី​​​អន្តរជាតិ​​​ចំពោះ​​​​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ឆ្នាំមុន ការ​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ហួស​​​ហេតុ​​​ដើម្បី​​​បង្ក្រាប​​​កូដ​​​កម្ម​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​ ដែល​​​ទាម​​​ទារ​​​ដំឡើង​​​​​​​​​ប្រាក់​​​ខែគោល​​​កាលពីខែ​​​មករា និង​​​ការ​​​ដាក់​​​បម្រាម​​​ដែ​​​ល​​​មិន​​​ស្រប​​​តាម​​​​​​រដ្ឋធម្មនុញ្ញ​​​លើ​​​បាតុកម្ម​​​។

ដោយ​គណបក្ស​​​ប្រឆាំង​​​នៅតែ​​​បដិសេធ​​​មិន​​​ព្រម​​​ទទួល​​​យក​​​អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​​​​ដើម្បីជា​​​ការ​​​តវ៉ា​​​ និង​​​កា​​​រចរចា​​​របស់​​​ខ្លួន​​​ជាមួយ​​​​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ស្ថានភាព​​​ជាប់​​​គាំង​​​ជិត​​​នឹង​​​ទទួល​​​បរាជ័យ​​​នោះ ប្រទេស​​​កម្ពុជា​​​កំពុង​​​តែ​​​ប្រឈម​​​នឹង​​​វិបត្តិ​​​នយោបាយ​​​ធ្ងន់​​​ធ្ងរ​​​បំផុត​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ទសវត្សរ៍​​​មក​​​នេះ​​​។

យោងតាម​​​សេចក្ដីថ្លែង​​​ការណ៍​​​របស់​​​សហ​​​​​​​​​ភាព​​​អឺរ៉ុប​​​បាន​​​ឲ្យ​​​ដឹង​​​ថា ភាគីកម្ពុជា​​​និង​​​ភាគី​​​សហ​​​ភាព​​​អឺរ៉ុប “បាន​​​ផ្លាស់​​​ប្ដូរ​​​ទស្សនគ្នា​​​លើ​​​​​​របៀ​​​បវារៈ​​​កំណែទម្រង់​​​របស់​​​កម្ពុជា និង​​​បញ្ហា​​​អាទិភាព​​​នានា​​​នៅ​​​ក្នុង​​​បរិបទ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ ការ​​​សង្កត់​​​ធ្ងន់​​​លើ​​​កំណែទម្រង់​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ អភិបាល​​​កិច្ច និង​​​ការ​​​គោរព​​​​​​​​​សិទ្ធិមនុស្ស​​​ដែល​​​ជា​​​កម្លាំង​​​ចលករ​​​ដ៏​​​សំខាន់​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​ស្រប​​​តាម​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​របស់​​​កម្ពុជា​​​។ ការ​​​គ្រប់​​​គ្រង​​​ក៏​​​ត្រូវ​​​បាន​​​លើក​​​ឡើង​​​​​​ក្នុង​​​របៀប​​​​​​វារៈ​​​នេះ​​​ដែរ​​​”។

នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ សហភាព​​​អឺរ៉ុប​​​នា​​​ពេល​​​បច្ចុប្បន្ន​​​កំពុង​​​តែ​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​រដ្ឋាភិបាល​​​កម្ពុជា​​​ឲ្យជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​ពាន់​​​គ្រួសារ​​​ ដែល​​​ផ្ទះ​​​សំបែង​​​និង​​​ដីស្រែ​​​ចម្ការ​​​របស់ពួកគាត់​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ពីសំណាក់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​នានា​​​ដែល​​​នាំចេញ​​​ស្ករ​​​ស​​​ទៅ​​​​​​កាន់អឺរ៉ុប​​​​​​ ដោយ​​​មិនជា​​​ប់​​​កាតព្វកិច្ច​​​ពន្ធ​​​។ គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ និង​​​បណ្ដាអង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​ចង់​​​ឲ្យ​​​អឺរ៉ុប​​​ផ្អាក​​​អត្ថ​​​ប្រយោជន៍ពាណិជ្ជកម្ម​​​ទាំង​​​នោះ​​​ ដែល​​​ស្ថិត​​​ក្រោម​​​គម្រោង​​​ពាណិជ្ជកម្មទំនិញ​​​គ្រប់​​​យ៉ាង​​​ លើ​​​ក​​​លែង​​​តែ​​​អាវុធ (EBA) របស់​​​សហភាព​​​អឺរ៉ុប​​​។

យោងតាម​​​សេចក្ដី​​​ថ្លែងការណ៍​​​ចេញពី​​​ទីក្រុង​​​ព្រុច​​​សែល បាន​​​ឲ្យ​​​ដឹង​​ថា ភាគីទាំងពី​​​រ​​​បាន​​​ពិភាក្សា​​​គ្នា​​​អំពី​​​គម្រោង​​​ EBA ហើយ​​​“ បាន​​​ព្រម​​​ព្រៀង​​​បន្ត​​​ធ្វើការ​​​ជាមួយ​​​គ្នា​​​ឆ្ពោះ​ទៅ​​​​​​រក​​​ការ​​​កែលម្អ​​​បរិយាកាស​​​ពាណិជ្ជកម្ម និង​​​វិនិ​​​យោគ​​​ទុន​​​​​​របស់​​​កម្ពុជា​​​”។

សេចក្ដីថ្លែងការណ៍ដដែល​​​នេះ​​​បាន​​​បញ្ជាក់​​​ថា សហភាព​​​អឺរ៉ុប​​​បាន​​​ក្លាយជា​​​​​​គោល​​​ដៅ​​​ដ៏​​​សំខាន់​​​សម្រាប់​​​ការ​​​នាំចេញ​​​របស់​​​កម្ពុជា​​​ ហើយ​​​​​​​​​ថា ពេល​​​នេះសហភាព​​​អឺរ៉ុប​​​គឺ​​​ជា​​​ម្ចាស់​​​ជំនួយ​​​ធំបំផុត​​​របស់​​​ប្រទេសកម្ពុជា​​​ ដោយកាលពីឆ្នាំ​​​២០១២​​​បានផ្ដល់​​​​​​ជំនួយ​​​ចំនួន​​​២១០​​​លាន​​​ដុល្លារ​​​។

កាលពីថ្ងៃ​​​ច័ន្ទ ដែលជា​​​ថ្ងៃដំបូង​​​នៃ​​​កិច្ច​​​ប្រជុំ​​​​​​គណៈកម្មាធិការ​​​​​​ចម្រុះ​​​នេះ​​​​​​មាន​​​ជន​​​រួម​​​ជាតិ​​​ខ្មែរ​​​ប្រហែល​​​​​​១០០​​​នាក់​​​មកពីទូទាំង​​​អឺរ៉ុប​​​​​​​​​ បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​ការិយាល័យ​​​ក្រុម​​​ប្រឹក្សា​​​​​​របស់​​​សហភាព​​​អឺរ៉ុប​​​ក្នុង​​​ទីក្រុង​​​ព្រុច​​​សែល ដើម្បីទាម​​​ទារ​​​ឲ្យ​​​​​​អឺរ៉ុប​​​ផ្ដាច់​​​ជំនួយ​​​ជួយ​​​ដល់​​​រដ្ឋា​​​ភិបាល​​​របស់​​​លោក ហ៊ុន សែន ហើយ​​​បាន​​​​​​អំ​​​ពាវ​​​នាវ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​​​​លាលែង​​​ពី​​​តំណែង​​។

កិច្ច​​​ប្រជុំ​​​គណៈកម្មាធិការ​​​ចម្រុះ​​​នេះ​​​​​​ដឹក​​​នាំ​​​ដោយ​​​លោក អ៊ួច បូរិទ្ធ រដ្ឋលេខាធិការ​​​ក្រសួង​​​​​​​​​ការបរទេស​​​កម្ពុជា​​​ និង​​​លោក យូហ្គោ អាស្ទូតូ (Ugo Astuto) រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​សហ​​​​​​​​​​​​​​​ភាព​​​អឺរ៉ុប​​​ (European External Action Secvice) ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​នៅ​​​អាស៊ីបូពា៌​​​ និង​​​អាស៊ី​​​អាគ្នេយ៍​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស