27.5 C
Phnom Penh

លោក សម រង្ស៊ី អះ​អាង​ថា លោក​ ហ៊ុន សែន ចង់បាន​ច្បាប់​អភ័យ​ឯកសិទ្ធិសម្រាប់​មេដឹក​នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មួយ​រូប​មក​ពី​គណ​បក្ស​គ្រប់​គ្រង​អំណាច​បាន​ច្រាន​ចោល​សេចក្តី​អះ​អាង​របស់​លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង ​ក្នុង​កាសែត​មួយ​នៅ​ទីក្រុង​បាងកក​ក្នុង​សប្តាហ៍​នេះ​ថា លោកនា យករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​ច្បាប់​អភ័យ​ឯកសិទ្ធិ​ ដែល​អាច​ការពារ​អ្នក​នយោបាយ​ជាន់​ខ្ពស់​ រួម​ទាំង​នាយករដ្ឋមន្ត្រី​ផង​ដែរ ពី​ការ​ផ្តន្ទាទោស​ប្រសិន​បើ​អ្នក​នយោ​បាយ​ទាំង​នោះ​ចុះ​ចេញ​ពី​មុខ​តំណែង​​​។

លោក ជាម យៀប ​តំណាង​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​បាន​ដឹង​ពី​សំណើ​ឲ្យ​មានច្បាប់​អភ័យ​ឯកសិទ្ធិ​​​​ ក៏​ប៉ុន្តែ លោក​បាន​អះ​អាង​ថា គំនិត​និទណ្ឌ​ភាព​ស្រប​ច្បាប់​​គឺ​ជា​គំនិត​ស្នើ​ឡើង​ដោយ​លោក សម រង្ស៊ី ទៅ​លោក ហ៊ុន សែន មិន​មែន​លោក​ ហ៊ុន សែន​​​​ទេ។ លោកបាន​មាន​ប្រសាសន៍​ថា “គឺ​លោក សម រង្ស៊ី ជា​អ្នក​ស្នើ​ច្បាប់​និទណ្ឌ​ភាព​នេះ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “គាត់​ [លោក សម រង្ស៊ី] បាន​ស្នើ​មាន​ច្បាប់​នេះ​​ពីព្រោះ​គាត់​ចង់​​បាន​​ការ​ផ្លាស់​ប្តូរ​ ហើយ​គាត់​បាន​អះ​អាង​ថា ច្បាប់​នេះ​អាច​ការពារ​មេដឹក​នាំ​ទាំង​បី​បាន”។

នៅ​ក្នុង​បទ​សម្ភាស​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សា​យ​នៅ​លើ​ទំព័រ​កាសែត ឌឹ​ ណេសិន (The Nation) កាលពី​ថ្ងៃ​អង្គារ​ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា អំឡុង​ពេល​ចរចា​កាលពី​ខែ​កញ្ញាឆ្នាំ​មុន លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​ច្បាប់​និទណ្ឌ​ភាព​ ដែ​ល​នឹង​ផ្តល់​ការ​រួចខ្លួន​​​ពី​​ ការ​ផ្តន្ទាទោស​ ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា​ ស៊ីម ប្រធាន​ព្រឹទ្ធសភា​​ និង​លោក ហេង​ សំរិន ប្រធាន​រដ្ឋ​សភា ប្រសិន​បើ​មេដឹក​នាំ​ទាំង​នេះ​ចុះ​ចេញ​ពី​តំណែង​។

នៅ​ពេល​សួរ​អំពី​ជំហរ​របស់​គណបក្ស​​ប្រជា​ជន​​កម្ពុជា​លើ​សំណើ​នេះ លោក ជាម យៀប បាន​លើក​ឡើង​ថា​ ច្បាប់​បែប​នេះ​មិន​ចាំ​បាច់​មាន​ទេ​ ក៏​ប៉ុន្តែ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​របស់​លោក​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “សម្តេច​ទាំង​បី [លោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន] មិន​ត្រូវ​ការ​ច្បាប់​នោះ​ដើម្បី​ការពារ​ខ្លួន​ទេ​ ក៏​ប៉ុន្តែ ប្រសិន​បើ​ច្បាប់​ថ្មីបែប​នេះត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ នោះ​វា​ជា​រឿង​ល្អ​សម្រាប់​សុវត្ថិភាព​របស់​មេដឹក​នាំ​ទាំង​នេះ”។

នៅ​ពេល​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក សម រង្ស៊ី បាន​លើក​ឡើង​សារ​ជា​ថ្មី​ពី​សេចក្តី​អះ​អាង​របស់​លោក​ដែល​ថា គំនិត​នេះ​គឺ​ជា​គំនិត​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​និយាយ​អំឡុង​ពេល​ចរចា​កាល​ពី​ខែ​កញ្ញា ក្រោយ​​ពេល​បោះ​ឆ្នោត​ថា ​​​ “ដោយ​​​សារ​តែ​យើង​ជា​​មនុស្ស​ជំនិត​របស់​គាត់” ដែល​នេះធ្វើ​ឲ្យ​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ភ្ញាក់​អារម្មណ៍​។

លោក សម រង្ស៊ី បានមាន​ប្រសា​សន៍​ទាក់​ទង​នឹង​ច្បាប់​អភ័យ​ឯកសិទ្ធិ​នេះ​ថា “លោក ហ៊ុន សែន បាន​និយាយ​ថា ប្រសិន​បើ​គណបក្ស​ប្រ​ឆាំង​លើក​សំណើ​នេះ​ ហើយ​ធ្វើ​សេចក្តី​ព្រាង​​ច្បាប់​​មួយ​សម្រាប់​ដាក់​ជូន​រដ្ឋ​សភា​​ពិនិត្យ​នោះ គណ​បក្ស​ប្រជាជន​កម្ពុជា​ នឹង​គាំទ្រ​ច្បាប់​នោះ”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​អំពី​ច្បាប់​និទណ្ឌ​ភាព​នេះ​ថា “[លោក ហ៊ុន សែន] បាន​និយាយ​ថា វា​មិន​មែន​ជា​រឿង​សម​ស្រប​ទេ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់​អំណាច​ ទៅ​ស្នើ​ឲ្យ​មាន​ច្បាប់​អភ័យ​ឯកសិទ្ធិ​​បែប​នេះ​ ក៏​ប៉ុន្តែ លោក​បាន​និយាយ​ទៀត​ថា ក៏​ប៉ុន្តែ ច្បាប់​នេះ​នឹង​មាន​លក្ខណៈ​សម​ស្រប​នៅ​ក្នុង​បរិបទ​នៃកិច្ច​ព្រម​ព្រៀង​នយោបាយ​ស៊ីជម្រៅ។ ចំណុច​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់”។

លោកបាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “លោក ហ៊ុន សែន បាន​និយាយ​ថា គួរ​តែ​មាន​ករណី​លើក​លែង​ទោស​មានបី​សម្រាប់​ប្រធាន​រដ្ឋ​សភា​ ប្រធាន​ព្រឹទ្ធ​សភា និង​នាយក​រដ្ឋមន្ត្រី​។ លោក​មិន​បាន​និយាយ​បញ្ជាក់​ឈ្មោះ​​មេដឹក​នាំ​ទាំង​នេះ​ទេ​ ប៉ុន្តែ លោក​បាន​លើក​ឡើង​មុខ​តំណែង​របស់មេដឹក​នាំ​ទាំង​នេះ​ ហើយ​បន្ទាប់​មក​លោក​បាន​លើក​ឡើង​ថាច្បាប់​អភ័យ​ឯកសិទ្ធិ​​គួរ​តែ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​អ្នក​ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ច្បាប់​បែប​នេះ​គួរ​តែ​អាច​ការពារ​អ្នក​នយោបាយ​ “ ពី​ការ​ផ្តន្ទា​ទោស​ពី​បទ​ល្មើស និង​កំហុស​ក្នុង​ពេល​កន្លង​មក”។

លោក ជាម យៀប បាន​លើក​ឡើង​បន្ត​ទៀត​ថា ប្រសាសន៍​បច្ចុប្បន្ន​របស់​លោក សម រង្ស៊ី ទាក់​ទង​​នឹង​កិច្ច​ពិភាក្សា​អំពី​ច្បាប់​និទណ្ឌ​ភាព​កាល​ពី​ខែ​កញ្ញាឆ្នាំ​មុន ​មាន​គោល​បំណង​បង្អាប់​បង្អោន​លោក​ ហ៊ុន សែន ដែល​លោក​បាន​លើក​ឡើង​ថា ជា​អ្នក​ទទួល​​​ជ័យជម្នះ​​ស្រប​​ច្បាប់​ក្នុង​ការ​បោះ​ឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍​ថា “ អ្វី​ក៏​ដោយ​ដែល​លោក រង្ស៊ី បាន​​ធ្វើ ឬក៏​កំពុង​ធ្វើ​គឺ​ចង់​បានតែ​​ផល​ប្រយោជន​៍​​នយោបាយ​​ ពី​ព្រោះ​គាត់​​គ្រាន់​តែ​ចង់​ផ្លាស់​ប្តូ​រ​មេដឹក​នាំ”៕ សុធា​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស