31 C
Phnom Penh

អ្នក​នេសាទ​រួចពីហេតុការណ៍​ទូក​បុក​គ្នានៅ​​កោះ​កុង​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នេសាទ​ម្នាក់​​រួច​ជីវិត​ពី​ហេតុ​ការ​ណ៍​ទូក​បុក​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ បន្ទាប់​ពី​ទូក​របស់​គាត់​បាន​បុក​ជាមួយ​ទូក​សណ្តោង​មួយ​គ្រឿង​នៅ​សមុទ្រ​ កាល​ពី​ដើម​ឆ្នាំ​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​អង្គារ​ ទៅ​កាន់​អង្គ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ចោទ​ប្រកាន់​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​កោះ​កុង​និង​ក្រឡា​បញ្ជី​របស់​លោក​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​ចៅ​ក្រម​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ទូក​សណ្តោង​ចាក​ចេញ​ពី​ពន្ធនាគារ​ ក្រោយ​ពេល​បង់​ប្រាក់​ចំនួន ១០.​០០០​ដុល្លារ​។

លោន ជួន​ ម៉េង​ អាយុ​ ៥២​ឆ្នាំ​បាន​និយាយ​ថា “ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក​ មីន មករា​ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​កោះ​កុង​ លោក សឿន​ សៀ​ ក្រឡា​បញ្ជី​ និង​​លោក​ ចេង​ មុន្នីរិទ្ធ​ មេធាវី​ចុង​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​”។ លោក​​និយាយ​បន្ត​ថា “ទូក​របស់​ខ្ញុំ​ត្រូវ​ខ្ទេច​ខ្ទី​អស់​ ហើយ​ខ្ញុំ​មិន​អាច​ប្រក​ប​ការ​ងារ​អ្វី​​​បាន​ឡើយ​។ ខ្ញុំ​ចង់​បាន​សំណង​ជំងឺ​ចិត្ត​ ៣០.០០០​ដុល្លារ”។

កាល​ពី​ខែ​មករា​ លោក ម៉េង​ បាន​ធ្វើ​ដំណើរ​​​តាម​ទូក​ជា​មួយ​បុរស​បួន​នាក់​ផ្សេង​ទៀត​នៅ​ពេល​យប់​ក្នុង​ដែន​សមុទ្រ​ដែល​ស្ថិត​នៅ​ចន្លោះ​ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​កោះ​កុង​​ នៅ​ពេល​នោះ​ទូក​របស់​ពួក​គេ​បាន​បុក​ជាមួយ​ទូក​សណ្តោង​​ដែល​ជា​កម្មសិទិ្ធ​​របស់​ជន​ជាតិ​ថៃ​ម្នាក់​។ បុរស​​បីនាក់​បាន​បាត់​បង់​ជីវិត​ ប៉ុន្តែ​លោក​ ម៉េង​ និង​បុរស​ម្នាក់​ផ្សេង​ទៀត​បាន​រួច​ជីវិត​។

ទូក​សណ្តោង​មិន​បាន​ឈប់​ទេ​ ប៉ុន្តែ​ក្រោយ​​​​មក​ត្រូវ​អាជ្ញាធរ​ចាប់​បាន​ ហើយ​ជន​ជាតិ​ថៃ​ចំនួន​ពីរ​នាក់​ដែល​គេ​មិន​បាន​បញ្ចេញ​ឈ្មោះ​ត្រូវ​បាន​ចាប់​ខ្លួន​។ ​ក្រោយ​មកពួក​គេ​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​គាត់​​ដែល​ប្តឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ម៉េង​ បាន​ចោទ​ប្រកាន់​ថា ចៅ​ក្រម​​ មករា​ បាន​ដោះ​លែង​ម្ចាស់​ទូក​សណ្តោង​​ឲ្យ​ចាក​ចេញ​ពី​ពន្ធនាគារ​​ ហើយ​បាន​ប្រគល់​ទូក​សណ្តោង​ឲ្យ​ទៅ​ជន​ជាតិ​ថៃ​រូប​នេះ​វិញ​ បន្ទាប់​ពី​ជនជាតិ​ថៃ​រូប​នេះ​បាន​បង់​ប្រាក់​ចំនួន​១០.០០០​ដុល្លារ​។

នៅ​ពេល​ទាក់​ទង​ កាល​ពី​ម្សិល​មិញ​​ចៅ​ក្រម​ មករា​ បាន​លើក​ឡើង​ថា ប្រាក់​ចំនួន​១០.០០០​ដុល្លារ​នោះ​គឺ​ជា​ផ្នែក​នៃ​ការ​សុំ​ឲ្យ​មាន​ការ​ដោះ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាតិ​ថៃ​រូប​នេះ​។ លោកបាន​មាន​ប្រសាសន៍​ “ពួក​គេ​គ្រាន់​តែ​បង់​ប្រាក់​ដើម្បីស្នើ​ឲ្យ​តុលា​ការ​ដោះ​លែង​​​ឲ្យ​នៅ​ក្រៅ​ឃុំ​ប៉ុណ្ណោះ​”។

លោក ម៉េង បាន​និយាយថា លោក​បាន​និយាយ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​កាល​ពី​ថ្ងៃ​អង្គារ​។ លោក​បាន​និយាយ​បន្ត​ថា “មន្ត្រី​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​សាក​សួរ​ខ្ញុំ​ប្រហែល​មួយម៉ោង​។​ពួក​គេ​បាន​និយាយ​ថា ពួកគេ​​នឹង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​”។

លោក​ កែវ​ រ៉េមី អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​រលួយ​ ក៏​ដូច​ជា​លោក​ ឱម​ យិុន​​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សំណុំ​រឿង​នេះ​ឡើយ​៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស