33.3 C
Phnom Penh

រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​គ្រោង​នឹង​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ ហ្គ្រេន ធ្វីន អីុន​ធើ​ណេសិន​ណល​​ (ខេមបូឌា) ខូអិល​ធីឌី [Grand Twins International (Cambodia)  Co., Ltd.] ដែល​ជា​ក្រុ​ម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​កីឡា​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្រកាស កាលពី​ម្សិល​មិញ​​ថា ខ្លួន​នឹង​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ជា​ហេតុនាំ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ក្លាយ​ជា​ក្រុម​ហ៊ុន​​ជួញ​ដូរ​ភាគ​ហ៊ុន​ឯក​ជន​ដំបូង​គេ​បង្អស់​ ដែល​មាន​វត្តមាន​លើ​ផ្សារ​មូល​បត្រ​កម្ពុជា និង​ជាក្រុម​ហ៊ុន​ទី​២​ដែល​ធ្វើ​ប្រតិបត្តិការ​បែប​នេះ។

នៅ​ពេល​ចុះ​បញ្ជីនៅ​ថ្ងៃ​ទី៨ ខែ​ឧសភា ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​ប្រកាស​លក់​ជា​សាធារណៈ​លើក​ដំបូង​នូវ​ប័ណ្ណ​ភាគ​ហ៊ុន​ចំនួន​៨.០០០​.០០០ហ៊ុន​ក្នុង​តម្លៃ​ចាប់​ពី​៧.៤០០​រៀល​​ ឬ​១,៨៥ដុល្លារ​ទៅ​១៤.០០០រៀល​ ឬ​ប្រហែល​៣,៥០​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិក្រុម​ហ៊ុន​ ហ្គ្រេន ធ្វីន ដែល​បាន​បង្ហាញ​ផែនការ​នេះ​កាលពី​ម្សិល​មិញ ក្នុង​ពិធី​មួយ​នៅ​សណ្ឋាគារ​សូហ្វី​តែល​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ លាវ ជុងតេ (Liao Chung Te) ប្រធាន​​នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន បាន​ប្រាប់​អ្នក​ជំនួញ​ប្រុ​ស​ស្រី​ជាង​២០០នាក់​ថា “ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន គឺ​ជា​ក្រុម​ហ៊ុន​ឯក​ជន​ដំបូង​គេ​ដែល​បាន​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ដោយ​មាន​ការ​គាំទ្រ​របស់​លោក លោកស្រី​​ចំពោះ​ភាគ​ហ៊ុន​ប្រកាស​លក់​ជា​សាធារណៈ​លើក​ដំបូង​របស់​យើង​ខ្ញុំ​ ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន នឹង​គ្រាន់​តែ​ប្រើ​ប្រាស់​វិនិយោគ​ទុន​របស់​យើង​ឲ្យ​បាន​កាន់​តែ​ច្រើន​​ និង​កាន់​តែ​រឹង​មាំប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ ថែម​ទាំង​ពង្រឹង​​ប្រតិបត្តិការ​គ្រប់​គ្រង​​ផ្ទៃ​ក្នុង​របស់​យើង​ និង​ការ​អនុវត្ត​ច្បាប់​ ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​សម្រាប់​​វិនិយោគិន​ទាំង​អស់​​”។

ក្នុង​ពេល​បច្ចុប្បន្ន ​មាន​តែ​រដា្ឋករទឹកស្វយ័ត​​ក្រុង​ភ្នំពេញដែល​ជា​​សហ​គ្រាស​រដ្ឋ​ប៉ុណ្ណោះ​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការជួញ​ដូរ​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា។ គួរ​បញ្ជាក់​ថា ក្រុម​ហ៊ុន​រដ្ឋ​មួយ​នេះ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​ពេល​ផ្សារ​មូល​បត្រ​​ចាប់​ផ្តើម​ដំណើរ​ការ​កាលពី​ខែមេសាឆ្នាំ​២០១២។

យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​កាលពី​ម្សិល​មិញ ដោយ​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន​ បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​នេះ​រំពឹង​ថា ប្រាក់​ចំណូ​ល​របស់​ខ្លួន​នឹង​កើន​ឡើង​១២,៥ភាគ​រយ​ដល់​៤០លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ពោល​គឺ​កើន​ឡើង​ពី​៣០លាន​ដុល្លារ​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ព្យាករ​ថា ខ្លួន​នឹង​សម្រេច​បាន​ក្នុង​ឆ្នាំ​នេះ​។ របាយការណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា ប្រាក់​ចំណេញ​​សុទ្ធ​របស់​ក្រុមហ៊ុន ហ្គ្រេន ធ្វីន បាន​កើន​ឡើង​ដល់​៨,៧លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ ដោយ​មាន​ប្រាក់​ចំណូល​ចំនួន​២៥​លាន​ដុល្លារ។

ក៏​ប៉ុន្តែ មុន​ពេល​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន​ អាច​ចុះ​បញ្ជី​បាន​ ក្រុ​ម​ហ៊ុន​នេះ​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​ប៊ុក​បៀលឌីងជាមុន​សិន ពោល​គឺ​ក្រុម​ហ៊ុន​នេះ​នឹង​ចាប់​ផ្តើម​កត់​ត្រា​តម្រូវ​ការ​វិនិយោគិន​ ដើម្បី​កំណត់​តម្លៃ​ភាគ​ហ៊ុន​សម្រាប់​ប្រកាស​លក់​ជា​សាធារណៈ​លើក​ដំបូង​។

​​សេចក្តី​​​ប្រ​​កា​ស​​​ព័ត៌​មា​ន​មួយ​នៅ​លើ​​គេ​​ហ​ទំព័​រ​​របស់​ក្រុមហ៊ុន​មូលបត្រ​​ភ្នំ​​ពេញ​​​ បាន​បង្ហាញ​​ថា ក្រុមហ៊ុន ហ្គ្រេន ធ្វីន ​​​​នឹ​ង​​​​ចាប់​ផ្តើម​​​ដំ​ណើរ​​កា​រ​​នេះ​​​​នៅ​ថ្ងៃ​​​​ច័ន្ទ​ ​និ​ង​បញ្ជប់​​​នៅ​​ថ្ងៃ​​​ទី​​២៥ ​ខែ​​​​មី​នា ហើយ​លទ្ធ​​ផលនឹងត្រូវ​បាន​​​ប្រ​កាស​​​នៅ​ថ្ងៃ​​​ទី​​៣ ខែ​មេសា។ ដំណើរ​ការ​ប៊ុកបៀលឌីងមួយទៀត​គ្រោង​​នឹង​​​​​ចាប់​​​ផ្តើម​​ពី​​​ថ្ងៃ​​​ទី​២១​ខែ​​មេសា ​ដល់​ថ្ងៃ​​​ទី​​២៥ ខែ​មេសា​។

ក្រុមហ៊ុន ហ្គ្រេន ធ្វីន ជា​ក្រុម​ហ៊ុន​ផលិត​សម្លៀក​​​បំ​ពាក់​​សម្រាប់​​​ផ្គត់​ផ្គង់​ឲ្យ​ក្រុ​ម​​ហ៊ុន​​សម្ភារកីឡា​​​​​​​​អា​មេរិកដូចជា​ ​អា​​ឌី​ដាស (Adidas) ​និ​ង ​រី​បុក (Reebok)។

លោក ​​ហុង សុខ​ហួ​រ ​​​​ប្រធាននាយក​​ប្រតិ​បត្តិ​ផ្សារ​មូល​បត្រ​កម្ពុជា ​​​បា​ន​​ប្រាប់​​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុ​ង​​​ពិ​​ធ​ី​នេះ​កា​ល​​ពី​ម​្សិល​​មិញ​ថា មា​ន​​ក្រុម​​​ហ៊ុន​​​ជា​ច្រើន​​ទៀត​​​ដែល​​មាន​​ផែ​ន​កា​រ​​ចុ​ះបញ្ជី​​​នៅ​​លើ​ផ្សារមូលបត្រ​កម្ពុជា បន្ទាប់​​ពី​ក្រុមហ៊ុន​ ហ្គ្រេន​ ធ្វីន ​​​ក៏ប៉ុន្តែ​​​លោក​បា​ន​​​​​បដិ​សេធ​មិ​ន​​​ប្រាប់​​ឈ្មោះក្រុម​ហ៊ុន​ទាំង​នោះ​​ ​​ឬ​​មិននិ​យា​យ​ថា​ ​តើ​​​ក្រុមហ៊ុន​ទាំង​នោះ​ជា​ក្រុម​ហ៊ុន​ឯក​​​​ជ​ន​ ​ឬ​រដ្ឋ​​​ទេ។

​​លោ​ក​​បា​ន​មាន​​ប្រ​សាស​​ន៍​ថា “មា​ន​​​ក្រុ​ម​​​ហ៊ុ​ន​ពីរ ​ឬ​​បី​​​ដែល​​កំ​ពុ​ងខិត​ខំរៀប​​​ចំ​​​ឯក​​​​សារ​[ដើម្បី​ចុះ​​​បញ្ជី​] ​​ប៉ុន្តែ​​ខ្ញុំ​​មិ​ន​​ដឹង​ថា ​​តើ​​ក្រុ​ម​​​ហ៊ុន​មួយ​​​ឬ​​ពី​រ​​​ក្នុង​ចំ​​ណោមទាំង​​​នោះ​​​ត្រៀមរួច​រាល់​ឬយ៉ាងណា​​​​ទេ​​​”។

​​គេ​ហ​​​​ទំ​ព័រ​​​​​​របស់​ផ្សារមូលបត្រ​កម្ពុជាផ្តល់​​​​​រយៈពេល​​កំ​​​ណត់​​​យ៉ាង​តិច​​​មួ​យ​​ឆ្នាំ​​​​បន្ទាប់ពី​ដាក់សំណុំឯកសារ​ជូន​​គ​ណៈ​​​កម្ម​​​​កា​រ​​​មូល​​​បត្រ​កម្ពុជា។ ​​កា​ល​​​ពី​ឆ្នាំមុ​ន​ ​លើក​លែ​ងតែ​​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន ​​​​ភាគ​​​ច្រើន​​​​​ជា​​​ក្រុម​ហ៊ុន​​​​របស់​​រដ្ឋ ​​ដូចជា ​​​កំ​ពង់​​ផែ​​​ស្វយ័​ត​​​ព្រះ​សី​ហនុ ​​និ​ង ​​ទូរ​គម​នាគមន៍​កម្ពុជា ជាដើម ​​បានសម្តែ​ង​កា​រ​​​​​ចាប់​​អា​​រម្ម​ណ៍​​​របស់​ខ្លួន​ក្នុង​កា​រ​ចុះ​​បញ្ជី​​​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា៕ សុធា​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស