31 C
Phnom Penh

សេដ្ឋី​ក្រុមហ៊ុន​សំណង់​ ខូវ​ ផល្លា​បុត្រ​ បដិសេធ​ថា បង​ថ្លៃ​របស់​លោក​មិន​បាន​ដាក់​សម្ពាធលើ​លោក​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ខូវ​ ផល្លាបុត្រ​ មហា​សេដ្ឋី​ក្រុមហ៊ុន​​​សំណង់​ ​បាន​សរ​សេរ​លិខិត​ជា​សា​ធារណៈ​មួយ​ ដោយ​បដិសេធ​ថា លោក​ ស៊ុន ចាន់ថុល​រដ្ឋ​មន្ត្រី​​​ក្រសួង​ពាណិជ្ជ​កម្ម​ដែល​ជា​បង​ថ្លៃ​របស់​លោក​ មិន​បាន​ដាក់​សម្ពាធ​​​លោក​ឲ្យ​សរ​សេរ​លិខិត​មួយ​ច្បាប់​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ដើម្បី​សូមទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​​លោក​​​​​បាន​ចោទ​ទៅ​លើ​លោក​ ស៊ុន​ ចាន់​ថុល​ ថាបាន​ប្រឌិត​​ករណី​ព្រហ្មទណ្ឌ​ដ៏​ធំ​​មួយ​​ដើម្បី​ទទួល​បាន​ចំណែកភាគ​ច្រើន​នៃ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​​ ខូវ​ នោះ​ទេ។

នៅ​ក្នុង​សំណុំ​រឿងរបស់​​តុលា​ការ​ដ៏​អូស​បន្លាយ​មួយ​ ដែល​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០១២  លោក​ ស៊ុន​ ចាន់​ថុល​ បាន​ចោទ​ប្រកាន់​​លោក​ស្រី​ ខូ​វ​ សេង​ចិន្តា​ ដែល​ជា​ម្តាយ​ចុង​របស់​លោក ខូវ​ ផល្លាបុត្រ​ ពី​បទ​រៀប​ផែន​ការ​​រំលោភ​និង​ធ្វើ​ឃាតប្រពន្ធ​និង​កូន​ស្រី​របស់​លោក​ ស៊ុន​ ចាន់ថុល​។​

លោក​ ខូវ​ ផល្លា​បុត្រ​ បាន​លើក​ឡើង​នៅ​ពេល​នោះ​ថា លោក​ ស៊ុន​ ចាន់​ថុល​ បាន​ប្រឌិត​​​ករណី​ព្រហ្មទណ្ឌ​ ហើយ​បាន​ប្រើ​តុលា​ការ​ជា​ឈ្នាន់​ដើម្បី​ “កាន់​កាប់​អចលន​ទ្រព្យ​របស់​គ្រួសារ​ត្រកូល​ ខូវ​”។ ទោះ​បី​ជា​ខ្វះ​ភ័ស្តុតាង​ក៏​ដោយ​ ក៏​លោក​ស្រី សេង​ ចិន្តា​ នៅ​តែ​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ជាប់​ពិរុទ្ធភាព ហើយ​កំពុង​តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគា​រ​រយៈពេល​២០​ឆ្នាំ​។

លោក​ ផល្លាបុត្រ​ បាន​សរសេរ​លិខិត​កាល​ពី​លើក​ដំបូង​មួយ​ សូមអភ័យ​ទោស​លោក​ ចាន់​ថុល​ កាល​ពី​ខែ​វិច្ឆិកា​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លិខិត​នោះ​ កញ្ញា​ ហ៊ុយ សុខលាភ​ ដែល​​ជា​កូន​ស្រី​របស់​លោក​ស្រី​ សេង​ ចិន្តា​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ បាន​និយាយ​ថា នាង​​ជឿ​ជាក់​ថា លោក​ ផល្លា​បុត្រ​ ពិត​ជាត្រូវ​បាន​គេ​ដាក់​សម្ពាធ​ឲ្យ​សរសេរ​លិខិត​នេះ​មែន។

នៅ​ក្នុង​លិខិត​មួយ​ផ្សេង​ទៀត​ចុះ​ថ្ងៃ​ទី​១៣​ ខែ​មីនា លោក​ ផល្លា​បុត្រ បាន​បដិសេធ​ការលើ​ក​ឡើង​​​របស់​កញ្ញា​ សុខ​លាភ ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ ខេម​បូឌា​ ដេលី​។ លោក​ ផល្លា​បុត្រ​ បាន​សរសេរ​ថា “ខ្ញុំ​សូម​​បញ្ជាក់​ថា លិខិតចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ គឺ​ជា​ការ​សម្រេចចិត្ត​របស់​​​ខ្ញុំ​ផ្ទាល់​ដោយគ្មាន​ការ​បង្ខំ​ណា​មួយ​ពី​បង​ថ្លៃ​របស់​ខ្ញុំ​ ស៊ុន ចាន់​ថុល ឡើយ​” ។ លោក​បាន​បន្ថែមថា លោក​​ ​​និង​លោក​ ចាន់​ថុល​ មិន​បាន​ជួប​គ្នា​ចាប់​តាំង​ពី​​ការ​បើក​សវនាកា​រ​ជំនុំ​ជម្រះ​ក្តី​មក​ម៉្លេះ​។

លោក ផល្លា​បុត្រ​ ក៏​សុំ​ឲ្យ​ឪពុក​របស់​លោក​ដែល​ក៏​អះ​អាង​ថា លោក​ ចាន់ថុល​ បាន​​ប្រឌិត​រឿង​ដើម្បី​​ចោទ​ប្រកាន់​​មក​លើ​ប្រពន្ធ​របស់​គាត់​​ ទទួល​ស្គាល់​ជា​សាធារណៈ​ថា ប្រពន្ធ​ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​របស់​គាត់​ពិត​ជា​បាន​រៀប​ផែន​ការ​ធ្វើ​ឃាត​កូន​ស្រី​និង​ចៅ​ស្រី​របស់​គាត់​ពិត​មែន​។

លោក​ ផល្លា​បុត្រ​ បាន​សរសេរ​ថា “ខ្ញុំ​ព្រួយ​​​បារម្ភ​អំពី​ឪពុក​ ខូវ ជឺលី។ ប្រហែល​ជា​គាត់​ទទួល​រង​សម្ពាធ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​ហ៊ាន​ជួប​ជា​មួយ​កូន​ៗ​និង​ចៅ​ៗ​របស់​គាត់​ ហើយ​បញ្ជាក់​ពី​ការ​ពិត​”។

នៅ​ក្នុង​លិខិត​របស់​លោក​ កាល​ពី​ខែ​វិច្ឆិកា​​និង​លិខិត​ចុង​ក្រោយ​ នៅ​ក្នុង​សប្តាហ៍​នេះ​ លោក​ ផល្លា​បុត្រ​ បាន​សរសេរ​ថា ចាប់​តាំង​ពី​ការ​​​បើក​សវនាការ​ជំនុំជម្រះ​ក្តី​ កាល​ពី​ឆ្នាំ​២០១២​មក​ លោក​បាន​ដឹង​ថា លោក​ស្រី​​ សេង​ ចិន្តា​ រួម​ជាមួយ​ ឡាយ ហួង​ ប្រពន្ធ​ចុង​របស់​លោក​ បាន​រៀប​ផែនការ​ចូល​ទៅ​ក្នុង​ភូមិ​គ្រឹះ​របស់​លោក​ ចាន់​ថុល​ ដើម្បី​សម្លាប់​ប្រពន្ធ​និង​កូន​របស់​គាត់​។ លោក​ ផល្លាបុត្រ​ បាន​សរ​សេរ​​ថា “ខ្ញុំ​សុំ​ឲ្យ​ឪពុក​ ខូវ ជឺ​លី​ មេត្តា​និយាយ​ការ​ពិតទាំង​អស់​ប្រាប់​ដល់​សាធារ​ណ​ជន​ ហើយ​សូម​លោក​ពុក​កុំ​ស្វែង​រក​នរណា​ឲ្យ​ជួយ​ដោះ​លែង​ សេង​ ចិន្តា​ [ប្រពន្ធ​របស់​លោក​ពុក​] អី​”។

តាមការ​​ប៉ាន់​ប្រមាណ​ថា ​​ទាំង​លោក​ ផល្លា​​​​បុត្រ​ និង​លោក ជឺលី​ សុទ្ធ​​តែ​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​បំផុត​​​ទាំង​១០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​សារទូលេខ​ពី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​​ ដែល​ចេញ​ផ្សាយ​ដោយ​វីគី​លីក​ (Wikileaks) កាល​ពី​ឆ្នាំ​២០១១។

លោក​ ចាន់​ថុល​ គឺ​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​​រូប​មក​ពី​គណ​បក្ស​កាន់​អំណាច​ ដែល​ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិ​​​ជ្ជកម្ម​ ជំនួស​លោក​ ចម​ ប្រសិទ្ធ​ ក្រោយ​កាល​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស