កាលពីម្សិលមិញ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីប្រទេសកម្ពុជា បានឲ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង នៅក្នុងភាគខាងត្បូងប្រទេសឡាវមិនគួរបន្តទៀតឡើយ ព្រោះវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មច្ឆាគ្រប់ប្រភេទ ជីវចម្រុះ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិដែលរស់នៅខ្សែទឹកខាងក្រោមក្នុងប្រទេសកម្ពុជានិងប្រទេសវៀតណាម ទោះបីជារដ្ឋាភិបាលឡាវបានអះអាងផ្ទុយពីនេះក៏ដោយ។
គណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃអង្គារនិងថ្ងៃពុធ បានចុះទៅត្រួតពិនិត្យជាលើកទី២នៅក្នុងតំបន់ ដែលទំនប់វារីអគ្គិសនីកម្លាំង២៥៦មេហ្គាវ៉ាត់ កំពុងត្រូវបានសាងសង់នៅដៃទន្លេ ដន សាហុង នៃទន្លេមេគង្គ ដែលមាន ចម្ងាយត្រឹមតែ១,៥គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសកម្ពុជា ជាមួយវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាល ដែលជាលេខាធិការដ្ឋាននៃអង្គការសម្ព័ន្ធទន្លេនៅក្នុងប្រទេសកម្ពុជា ជាអង្គការក្នុងស្រុកតែមួយគត់ដែលត្រូវបានអញ្ជើញឲ្យចុះទៅត្រួតពិនិត្យក្នុងតំបន់នោះ។
នៅក្នុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ អង្គការនេះបានលើកឡើងថា ប្រទេសឡាវមិនបានបង្ហាញពីវិធានការដ៏សមហេតុផលតាមបែបវិទ្យាសាស្ត្រដែលនឹងធានាថា មច្ឆានៅតែអាចបម្លាស់ទីរវាងខ្សែទឹកខាងក្រោមនិងខ្សែខាងលើនៃទន្លេមេគង្គនៅពេលទំនប់វារីអគិ្គសនីត្រូវបានបញ្ចប់ឡើយ ហើយអង្គការនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលឡាវបញ្ឈប់ការសាងសង់នេះផងដែរ។
លោក តេក វណ្ណារ៉ានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល មានប្រសាសន៍ថា “យើងបានស្នើឲ្យរដ្ឋាភិបាលឡាវបញ្ឈប់គម្រោងវារីអគ្គិសនី ដន សាហុង ព្រោះពួកគេមិនបានធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានឆ្លងកាត់ព្រំដែនស្តីអំពីផលប៉ះពាល់ដល់ធនធានមច្ឆាគ្រប់ប្រភេទឡើយ”។
លោក វណ្ណារ៉ា លើកឡើងថា អំឡុងពេលចុះទៅត្រួតពិនិត្យនោះ អ្នកបង្កើតគម្រោងរបស់ក្រុមហ៊ុន Mega First Berhad ជាក្រុមហ៊ុន ម៉ាឡេស៊ី ដែលនឹងសាងសង់ទំនប់វារីអគ្គិសនីនេះមិនអាចផ្តល់ភ័ស្តុតាងវិទ្យាសាស្ត្រស្តីអំពីថា តើមច្ឆាអាចបម្លាស់ទីឆ្លងកាត់ច្រកទ្វារទឹកដ៏ចង្អៀតនិងរាក់នៅក្នុងទន្លេ បានដោយរបៀបណានោះទេ។
លោកមានប្រសាសន៍ថា “ពួកគេមិនបានផ្តល់ចម្លើយវិទ្យាសាស្ត្រឡើយ។ពួកគេគ្រាន់តែនិយាយថា ខ្លួននឹងព្យាយាមធ្វើឲ្យមច្ឆាអាចបម្លាស់ទីបានស្រួលតាមច្រកទ្វារទឹកទាំងនេះ ប៉ុន្តែពួកគេមិនបានសម្រេចថា បញ្ហានេះនឹងត្រូវធ្វើឲ្យជោគជ័យតាមរបៀបណានោះទេ ហើយនេះគឺជាក្តីព្រួយបារម្ភ”។
ការចុះទៅត្រួតពិនិត្យនៅតំបន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការឃ្លាំមើលបរិស្ថាន WWF កាលពីសប្តាហ៍មុនបានរិះគន់យ៉ាងខ្លាំងចំពោះការវាយតម្លៃពីផលប៉ះពាល់បរិស្ថានដែលបានធ្វើឡើងដោយក្រុមហ៊ុន ម៉ាឡេស៊ី ដែលរដ្ឋាភិបាលឡាវ បានចាត់ទុកថា ជាភ្លើងខៀវមួយដែលអាចបន្តគម្រោងនេះបាន។ អង្គការនេះបានរិះគន់ដូច្នេះដោយអះអាងថា ការសិក្សាររបស់ក្រុមហ៊ុនម៉ាឡេស៊ីខ្វះភ័ស្តុតាងនិងខ្វះការបញ្ជាក់បែបវិទ្យាសាស្ត្រ។
លោក វីរ៉ាផុន វីរ៉ាវង្ស (Viraphone Viravong) អនុរដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានរ៉ែរបស់ប្រទេសឡាវ ដែលមានវត្តមាននៅក្នុងសន្និសីទកាសែត បានលើកឡើងម្តងទៀតថា ទំនប់វារីអគិ្គសនីនេះមានផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ។
ដោយសង្កត់ធ្ងន់ថា មច្ឆាគ្រប់ប្រភេទបានថយចុះរួចទៅហើយដោយសារការនេសាទហួសហេតុនិងការឡើងកម្តៅនៃភពផែនដីនោះ លោកបានមានប្រសាសន៍ថា “ទំនប់វារីអគ្គិសនី ដន សាហុង គឺជាទំនប់ដែលមានផលប៉ះពាល់តិចបំផុតក្នុងចំណោមគម្រោងទំនប់វារីអគ្គិសនី [ដែលគ្រោងនឹងសាងសង់ចំនួន១២]។ ប្រសិនបើយើងទុកឲ្យត្រីធ្វើបម្លាស់ទី ប្រសិនបើយើងធ្វើឲ្យល្បប់ហូរហើយយើងមិនផ្លាប់ប្តូរទឹកឬក៏ចរន្តទឹកនោះ វាយ៉ាងម៉េចទៅវិញ។ ខ្ញុំមិនមែនជាអ្នកជំនាញខាងមច្ឆាទេ ខ្ញុំគឺជាអ្នកជំនាញខាងវិស្វកម្ម ប៉ុន្តែខ្ញុំប្រើការយល់ដឹងជាទូទៅ” ។ លោកបានបន្ថែមថា តាមពិតទៅទំនប់វារីអគ្គិសនីនេះនឹងធ្វើមច្ឆាមានកាន់តែច្រើនទៅវិញទេក្នុងទន្លេមេគង្គ។
លោក យុក សេងឡុង អ្នកគ្រប់គ្រងកម្មវិធីសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានឲ្យដឹងកាលពីម្សិលមិញថា នឹងមានការតវ៉ាចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ ថ្ងៃទី៣០ នៅក្នុងខេត្តកំពង់ចាម ស្ទឹងត្រែង និងក្រចេះ ដើម្បីប្រឆាំងនឹងទំនប់វារីអគ្គិសនីនេះ។ លោកបានមានប្រសាសន៍ថា “សាររបស់យើងគឺដើម្បីអំពាវនាវកុំឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងទន្លេមេគង្គ”៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Simon Henderson )