កាលពីថ្ងៃសុក្រ ក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិចំនួន៣០បានសរសេរលិខិតមួយច្បាប់ផ្ញើជូនឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដើម្បីសម្ដែងការព្រួយបារម្ភរបស់ខ្លួនចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលអាចនឹងអនុញ្ញាតឲ្យផ្អាកភ្លាមៗ ឬរម្សាយសហជីពចោល។
លិខិតដែលចុះហត្ថលេខាដោយក្រុមហ៊ុនសម្លៀកបំពាក់ធំៗ ដូចជា H&M ក្រុមហ៊ុន Gapក្រុមហ៊ុន Adidas និងក្រុមហ៊ុន Nike ព្រមទាំងសហជីព IndustriALL Global Union សហជីព Uni Global Union និងសម្ព័ន្ធសហជីពកម្មករអន្តរ ជាតិ (International Trade Union Confederation) នេះធ្វើឡើងបន្ទាប់ពីការពិភាក្សារវាងក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ទាំងនេះ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីដោះស្រាយបញ្ហាអស្ថិរភាពនៅក្នុងវិស័យកាត់ដេរ បន្ទាប់ពីមានការបង្ក្រាបដ៏បង្ហូរឈាមលើកូដកម្មកាលពីខែមករា។
នៅក្នុងលិខិតរបស់ពួកគេកាលពីថ្ងៃសុក្រ ក្រុមហ៊ុនសម្លៀកបំពាក់ទាំងនេះបានលើកឡើងពីសេចក្ដីរាយការណ៍នានាដែលថា សហជីពត្រូវបានរារាំងមិនឲ្យចុះបញ្ជីនៅក្រសួងការងារ ហើយថា រដ្ឋាភិបាលនឹងមិនទទួលស្គាល់សហជីពថ្មីណាមួយឡើយរហូតទាល់តែខ្លួនអនុម័តច្បាប់ថ្មីស្ដីពីសហជីព ដែលដាក់ការរឹតបន្តឹងថ្មីៗលើសហជីព។
លិខិតនេះបញ្ជាក់ថា “ អនុម័តច្បាប់ស្ដីអំពីសហជីពកម្មករ [ត្រូវតែ] ស្របទៅនឹងអនុសញ្ញា ៨៧ និង៩៨ របស់អង្គការពលកម្មអន្តរជាតិ ILO ដើម្បីបង្កើតទំនាក់ទំនងខាងឧស្សាហកម្មឲ្យមានប្រសិទ្ធភាព”។ លិខិតេនះបានបន្តថា ក្រុមហ៊ុនទាំងនេះសង្ឃឹមថា ការធ្វើសេចក្ដីព្រាងច្បាប់នេះក៏ជា “ ដំណើរការគ្រប់ជ្រុងជ្រោយ” ផងដែរ។
នៅដើមសប្ដាហ៍នេះ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានធានាថា ច្បាប់នេះនឹងអនុវត្តតាមអនុសញ្ញា ៨៧ របស់អង្គការ ILO ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសេរីភាពនៃការបង្កើតអង្គការសមាគម និងការការពារសិទ្ធិរៀបចំ និងដែលកម្ពុជាបានផ្ដល់សច្ចានុម័តនៅក្នុងឆ្នាំ១៩៩៩។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានធ្វើឲ្យមានមន្ទិល ដោយសារតែការបន្ថែមឃ្លាមួយថា “ នៅក្នុងបរិបទកម្ពុជា” នៅពេលសំដៅដល់អនុសញ្ញានេះ។ លោកក៏មិនបានលើកឡើងពីអនុសញ្ញា៨៩របស់អង្គការ ILO ដែលជាប់ពាក់ព័ន្ធនឹងសិទ្ធិរៀបចំ និងការតវា៉ជាសមូហភាព។
ក្រុមហ៊ុនទាំងនេះលើកឡើងថា “នៅក្នុងបរិបទនេះយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍ថ្មីដែលថា ការចុះឈ្មោះបង្កើតសហជីពថ្មី ដែលត្រូវបានផ្សាយកាលពីឆ្នាំ២០១៤ ហើយនឹងគ្មានការចុះបញ្ជីថ្មីៗនោះទេមុនពេលអនុវត្តច្បាប់ថ្មីនេះ”។
ក្រុមហ៊ុនទាំងេនះលើកឡើងទៀតថា “យើងយល់ថា វិធានការនេះមិនស្របតាមដំណើរការដែលយើងបានយល់ដឹងពីកិច្ចប្រជុំនោះទេ ហើយវាហាក់ដូចជាយើងមិនជំរុញដំណើរការេនះឲ្យដំណើរការទៅមុខនៅក្នុងលក្ខណៈស្ថាបនានោះទេ”។
ក្រុមហ៊ុនទាំងនេះក៏បានអំពាវនាវឲ្យរាប់បញ្ចូលការពិភាក្សាអំពីការដំឡើងប្រាក់ខែគោល១០០ដុល្លារនាពេលបច្ចុប្បន្នផងដែរ ហើយថា ពួកគេមានការព្រួយបារម្ភថា ពាក្យបណ្ដឹងដែលម្ចាស់រោងចក្រដាក់ប្ដឹងសហជីពកម្មករចំពោះការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈកាលពីខែមករា ប្រហែលជាធ្វើឲ្យមានភាពតានតឹងខ្លាំងឡើងទៅវិញទេ។
លិខិតអមដែលផ្ញើជូនលោក អុិត សំហេង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គឺជាសេចក្ដីថ្លែងការណ៍ផ្ដល់ដោយតំណាងមកពីសហជីពអន្តរជាតិចំនួនបី។
លោក សារ៉ាន់ បួរ៉ូវ (Sharan Burrow) អគ្គលេខាធិការរបស់ ITUC បានមានប្រសាសន៍ថា “សេរីភាពនៃ ការបង្កើតអង្កការសមាគមនៅក្នុងប្រទេសកម្ពុជានៅពេលនេះកំពុងជួបការគាបសង្កត់យ៉ាងខ្លាំង”។
លោកបានបន្តទៀតថា “យើងទាំងអស់គ្នាចង់មើលឃើញឧស្សាហកម្មកាត់ដេរមាននិរន្តរភាព ហើយរដ្ឋាភិបាល និងនយោជកចាំបាច់ត្រូវតែគោរពសេរីភាពនៃការបង្កើតអង្គការសមាគម។ សហជីពនានានៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក នឹងធ្វើយុទ្ធនាការដើម្បីធ្វើឲ្យប្រាកដថា កម្មករកម្ពុជាអាចប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួនបាន”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ច្បាប់ស្ដីពីសហជីពនឹងបម្រើផលប្រយោជន៍របស់កម្មករ និងនិយោជក ហើយបានចាត់ទុកសហជីពនានាថា ជាក្រុមគ្រោះ ថ្នាក់។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំរំពឹងថា ច្បាប់នេះនឹងបម្រើផលប្រយោជន៍របស់កម្មករ ព្រមទាំងផលប្រយោជន៍របស់និយោជកផងដែរ។ យើងចង់មើលឃើញកម្មករក្លាយជាបុគ្គលដ៏សំខាន់របស់និយោជក។ ប្រសិនបើអ្នកសម្លឹងមើលទៅសហជីពរហូតមកទល់ពេលនេះពួកគេទំនេរអាចធ្វើអ្វីដែលពួកគេចង់ ទោះបីជាពួកគេរំលោភបំពានច្បាប់ក៏ដោយ ក៏ពួកគេនៅតែមិនអីដដែល។ ប្រសិនបើ [ក្រុមហ៊ុនសម្លៀកបំបាក់ទាំងនេះ] ព្រួយបារម្ភ យើងក៏គោរពតាមនោះដែរ”៕ សុខុម