32 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​​៖ លោក​ កឹម​ សុខា​ ព្យាយាម​ផ្តួល​រំលំ​​​រាជ​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ​ ក្រសួង​មហា​ផ្ទៃ​បាន​ចោទ​ប្រកាន់​លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​បទ​​ព្យាយាម​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​សារ​បាន​បង្ហោះសុន្ទ រក​ថា​មួយ​ចំនួន​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​​​​ ដែល​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំ​ង​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​បរទេស​​​ ដែល​ជា​ភ័ស្តុ​តាង​នៃ​ផែន​ការ​ក្បត់​របស់​លោក​។

ការ​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​ដែល​ទំនង​ជា​មាន​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​លិខិត​ដែល​ដក​ស្រង់​ចេញ​ពី​សម្តី​របស់លោក​ កឹម​ សុខា​ ដែល​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​ថា លោក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​កាល​ពី​ខែ​វិច្ឆិកា​ និងនៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ខែ​ធ្នូ​​។

ក្រសួង​មហា​ផ្ទៃ​​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ថា លោក​ កឹម​ សុខា​  បាន​​​និយាយ​អួតដោយ​លើក​ឡើង​អំ​ពី​ការ​ស្នេ​ហា​​ជាតិ​ដោយ​ឥត​អៀន​​​ខ្មាស​​ថា លោក​ទទួល​បាន​​​​​ការ​ផ្តល់​យោ​បល់​ពី​សាស្ត្រា ចារ្យ​​នៅ​ក្នុង​សហ​​​​រដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា​​ព្រម​ទាំង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ផង​ដែរ ​“នៅ​ក្នុង​ការ​បង្កើត​យុទ្ធ​សាស្ត្រ ដើម្បី​ប្តូរ​មេ​ដឹក​នាំ​ផ្តាច់​ការ​​នៅ​ក្នុង​ប្រទេស​កម្ពុជា”។

អត្ថបទ​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហ​​​ទំព័រ​ក្រសួង​មហា​ផ្ទៃ​បាន​ មាន​ខ្លឹម​សារ​បន្ត​ដូច្នេះ​ថា “លើស​ពី​នេះ​ទៀត​ លោក​ កឹម​សុខា​ បាន​បង្ហាញ​ពី​អាថ៌កំបាំ​ង​មួយ​ចំនួន​អំ​ពី​ការ​គាំ​ទ្រ​របស់​​បរទេស​​នៅ​ក្នុង​ការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​អះ​អាង​ថា ‘រដ្ឋា​​​​ភិបាល​អាមេរិក​បាន​អញ្ជើ​ញ​ខ្ញុំ​ឲ្យ​ទៅ​សហ​រដ្ឋ​អាមេរិក​មុន​អ្នក​ណា​ៗ​ទាំ​ងអស់​”។

អត្ថ​បទ​ដែ​ល​មិន​មាន​ការ​ចុះ​ហត្ថលេខា​នេះ​បាន​បន្ត​ទៀត​ថា “បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ លោក​ កឹម​ សុខា​ ជា​ចុង​ក្រោយ​បាន​បង្ហាញ​​​​​​​​​​​​​​ឲ្យ​ឃើញ​ពី​ប្រាក់​ដែល​លោក​​ទទួល​បាន​​ពី​​បរទេស​​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​ ដោយ​លោក​បាន​លើក​ឡើង​ថា លោក​បាន​ផ្តល់​ប្រាក​​់​ចំនួន​ ៥០.០០០​ដុល្លារ​ ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អ្នក​គាំ​ទ្រ​ជន​ជាតិ​អាមេរិក​ទៅ​ឲ្យ​លោក​ ម៉ម​ សូណង់​ដូ​ ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ ដើម្បីធ្វើ​​ឲ្យស្ថានីយវិទ្យុ​នេះ​កាន់​តែ​រឹង​មាំ​​ឡើង​ ហើយ​​​​​​​ចាក់​ផ្សាយ​​សម្តី​របស់​ខ្ញុំ​រៀង​រាល់​ថ្ងៃ​”។

ឧត្តម​សេនីយ៍​ឯក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ឲ្យ​ដឹងថា​​អត្ថបទ​នេះ​គឺ​ដើម្បី​ចែក​រំលែក​ការ​បក​ស្រាយ​នៃ​ពាក្យ​សម្តី​របស់​លោក​ កឹម​ សុខា​។​ លោក​បាន​មាន​ប្រសាសន៍​ថា “ពលរដ្ឋ​អាច​យល់​ឃើញ​និង​វាយ​តម្លៃ​អំពី​ការ​លើក​ឡើង​របស់​លោក​ កឹម​ សុខា​ នេះ​ដោយ​ខ្លួន​ឯង​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ មុន​ពេល​​ ឈប់​និយាយ​ទូរស័ព្ទ​ជា​មួយ​អ្នក​ព័ត៌មានម្នាក់​​ថា “យើង​ចង់​ចែក​រំលែក​ជា​មួយ​ពលរដ្ឋ​ឲ្យ​ដឹង​ថា គាត់​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ប្រើ​វិធី​​ខុស​ច្បាស់​មិន​ដោយសំឡេង​​​គាំទ្រ​ឡើយ​។​ពល​រដ្ឋ​​អាច​អាន​រឿង​នេះ​បាន​ ហើយ​​​​បន្ទាប់​មក​នឹង​យល់​ហើយ​​”។

ឧត្ត​សេនីយ៍​ឯក សុភ័គ​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដេញ​ដោល​​ស្តី​អំពី​លក្ខខណ្ឌ​ច្បាប់​ដែល​តម្រូ​វ​ឲ្យ​​មន្ត្រី​រាជ​ការ​រួម​ទាំង​មន្ត្រី​នៅ​ក្រសួង​មហា​ផ្ទៃ​​​ផង​នោះ​​ឲ្យ​មាន​អាព្យា​ក្រឹត​ភាព​​ផ្នែក​នយោបាយ​​នៅ​ក្នុង​ការ​អនុ​វត្ត​តួនាទី​របស់​ខ្លួន​ឡើយ​។

លោក កឹម​ សុខា​ មិន​អា​ច​ទាក់​ទង​បាន​ទេ​ប៉ុន្តែ​កូន​ស្រី​របស់​លោក គឺ​កញ្ញា​ កឹម​ មនោវិទ្យា​​អនុ​ប្រធាន​​ផ្នែក​កិច្ចការ​សាធារណៈ​នៅ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហា​ផ្ទៃ​មក​លើ​ឪពុក​របស់​នាង​ គឺ​គ្មាន​មូលដ្ឋាន​ឡើយ​។

​នាង​បាន​និយាយ​ថា “វា​មិន​មែន​ជា​ការ​ចោទ​ប្រកាន់​លើក​ដំបូង​នោះ​ទេ​។ ធ្លាប់​មាន​ស្ថាប័ន​រដ្ឋាភិបាល​ជា​ច្រើនបាន​ចោទ​ប្រកាន់​គាត់​ពី​​បទ​ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល​។ការ​ចោទ​ប្រកាន់​បែ​បនេះ​គ្មាន​មូល​ដ្ឋាន​ឡើយ​។​ វាមិន​មែន​ជា​រឿង​ចៃ​ដន្យ​នោះ​ទេ​។ ការ​ចោទ​​ប្រកាន់​ចុង​ក្រោយ​នេះ​មា​ន​បំណង​បំភិត​បំភ័យ​និង​លាប​ពណ៌​គាត់​” ។​ កញ្ញា​ មនោ​វិទ្យា​ បាន​បន្ថែម​ថា​ ក្រសួង​មហា​​​​​ផ្ទៃ​​បង្កើត​ឡើង​សម្រាប់​បម្រើ​ពល​រដ្ឋ​មិន​មែន​សម្រាប់​បម្រើ​គណ​បក្ស​កាន់​អំណាច​នោះ​ឡើយ​៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស