កាលពីម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានប្រកាសប្រឡូកក្នុងឆាកនយោបាយថ្មីក្នុងអាជីពជាអ្នកនយោបាយរបស់ព្រះអង្គដោយ ដាក់ឈ្មោះគណបក្សថ្មីនេះថា គណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ ដោយព្រមានថា កំណើននៃសំឡេងគាំទ្រគណបក្សសង្គ្រោះ ជាតិបានគំរាមកំហែងដល់រាជានិយម។

ដោយអះអាងថា អវត្តមានរបស់ព្រះអង្គពីឆាកនយោបាយបានជំរុញឲ្យគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រកាន់តែច្រើនឡើងៗ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះបន្ទូលថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាក្រឡាប់ចាក់ ប្រសិនបើអ្នកដឹកនាំទាំងពីរនេះត្រូវបានបោះឆ្នោតឲ្យគ្រប់គ្រងអំណាច។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះបន្ទូលទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមស្តាប់ប្រហែល២០០នាក់ ក្នុងសាលបិទទ្វារនៅសណ្ឋាគារ សាន់វេ ក្នុងរាជធានីភ្នំពេញថា “វា គឺជាសិទ្ធិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ដែលស្រឡាញ់របបមួយផ្សេងទៀត ក៏ប៉ុន្តែ ប្រជាជនខ្មែរភាគច្រើនស្រឡាញ់ របបរាជានិយមខ្លាំងណាស់”។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះរាជបន្ទូលទៀតថា “ខ្ញុំហ៊ាននិយាយថា នៅពេលនេះរបបរាជានិយមនឹងបញ្ចប់ប្រសិនបើ [លោក រង្ស៊ី និង លោក សុខា] ដឹកនាំប្រទេស”។ ក៏ប៉ុន្តែ ព្រះអង្គមិនបានបញ្ជាក់ច្បាស់ថា តើរឿងនេះនឹងអាចកើតមានដោយរបៀបណាទេ។
ព្រះអង្គម្ចាស់បានមានព្រះរាជបន្ទូលទៀតថា “អ្នកទាំងនោះមិនដែលនិយាយអំពីរាជានិយមទេ ក៏ប៉ុន្តែ ដើម្បី ទាក់ទាញសំឡេងគាំទ្រពីប្រជាជនដែលគាំទ្ររាជានិយម ពួកគេនិយាយថា ពួកគេសន្យាថានឹងរក្សារបបរាជានិយម”។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ជន្មាយុ៧០ព្រះវស្សាដែលបានចូលប្រឡូកក្នុងឆាកនយោបាយជាលើកទី៣តាំងពីត្រូវបានបណ្តេញចេញពីមុខតំណែងជាមេដឹកនាំគណបក្សហ៊្វុនសិុនបិុចកាលពីឆ្នាំ២០០៦នោះបានបដិសេធថា ព្រះអង្គមិនបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត ដើម្បីទាក់ទាញសំឡេងគាំទ្រពីគណបក្សប្រឆាំងដែលប្រើកិត្តិស័ព្ទរបស់រាជានិយមរបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានសារភាពថា “មិនមែនតែប្រជាជនប៉ុណ្ណោះទេ ឯកឧត្តម សម រង្ស៊ី ក៏បានលើកឡើងថា ខ្ញុំកំពុងចូលប្រឡូកក្នុងឆាកនយោបាយនាពេលនេះ ដើម្បីបំបែកសំឡេងរបស់គណបក្សប្រឆាំងផងដែរ” ។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែលពីមុនបានកាន់មុខតំណែងជានាយករដ្ឋមន្ត្រីទី១មកពីគណបក្សហ៊្វុនសិុនបិុច ក្នុងចន្លោះពីឆ្នាំ ១៩៩៣ដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក្លាយជាប្រធានរដ្ឋសភាក្នុងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦ បានធ្វើឲ្យមានការភ្ញាក់ផ្អើលបន្តិចបន្តួចដោយមិនបានរិះគន់លោក ហ៊ុន សែន និងមន្ត្រីរបស់គណបក្សកាន់អំណាចទេកាលពីម្សិលមិញ។ ព្រះអង្គម្ចាស់បានបដិសេធថា ព្រះអង្គមិនមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាចទេ។
ព្រះអង្គបានមានព្រះរាជបន្ទូលថា “ទី១ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាសូម្បីតែបន្តិច។ ទី២ ខ្ញុំសូមនិយាយថា វាមិនសំខាន់ទេប្រសិនបើខ្ញុំគ្រាន់តែចង់បំបែកសំឡេងគណបក្សប្រឆាំង”។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះរាជបន្ទូលទៀតថា គោលបំណងរបស់ព្រះអង្គក្នុងការវិលត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញនេះ គឺដើម្បីបង្រួបបង្រួមអ្នករាជានិយមដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជា ដែលនេះជាភារកិច្ចមួយដែលព្រះអង្គបញ្ជាក់ថា ហួសពីសមត្ថភាពរបស់មេដឹកនាំបច្ចុប្បន្នរបស់គណបក្សហ៊្វុនសុុិនបិុច។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្តទៀតថា “ញឹក ប៊ុនឆៃ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មិនមានសមត្ថភាពប្រមូលអ្នកគាំទ្រដើម្បីបង្កើតក្រុមរាជានិយមពិត សម្រាប់ដោះស្រាយបញ្ហាជាតិទេ”។
ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី ដែលជាព្រះអានុជមានព្រះមាតាទីទៃ ព្រះបិតាតែមួយអង្គ ត្រូវបានតែងតាំងជាប្រធានគណបក្សហ៊្វុនសិុនបិុចមុនព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា។ គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នោះគណបក្សនេះមិនទទួលបានអាសនៈក្នុងរដ្ឋសភាទេ។
លោក ញឹក ប៊ុនឆៃ អតីតអគ្គលេខាធិការគណបក្សហ្វ៊ុសិុនបិុច បានជំរុញឲ្យមានការបណ្តេញព្រះអង្គ រណប្ញទ្ធិ ពីគណបក្សរាជានិយាម ហើយបច្ចុប្បន្ននៅតែជាអគ្គលេខាធិការរបស់គណបក្សនេះ និងជាឧបនាយករដ្ឋមន្ត្រីនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នៅក្នុងពិធីក្នុងសណ្ឋាគារសាន់វេ កាលពីម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានបង្ហាញរូបសញ្ញាគណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ ដែលមានអក្សរកាត់ “នរ” នៅកណ្តាលរង្វង់មូលខៀវ។ រូបសញ្ញានេះ ក៏មានលេខ៩ដែលតំណាងឲ្យអំណាចព្រាហ្មណ៍ និងព័ទ្ធជំុវិញដោយពណ៌លឿងតំណាងឲ្យរាជានិយម ពណ៌សតំណាងឲ្យសន្តិភាព និងពណ៌បៃតងតំណាងឲ្យទឹក។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះរាជបន្ទូលថា គណបក្សថ្មីរបស់ព្រះអង្គនឹងមិនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឬក៏គណបក្សសង្គ្រោះជាតិទេ ក៏ប៉ុន្តែ ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមយ៉ាងលឿនថា “ខ្ញុំនឹងមិនស្ទាក់ស្ទើរចងសម្ព័ន្ធភាពជាមួយគណបក្សដែលការពារឧត្តមប្រយោជន៍របស់ប្រទេសជាតិជាមួយខ្ញុំទេ”។
ព្រះអង្គសីុសុវត្ថិ ធម្មិកោ ដែលជាលេខាដ៏យូររបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា សេចក្តីអះអាងរបស់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ចំពោះគណបក្សសង្គ្រោះជាតិ មិនមានមូលដ្ឋានទេ។ គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ ធមិ្មកោបានឈរឈ្មោះជាបេក្ខជនមកពីគណបក្សសង្គ្រោះជាតិសម្រាប់រដ្ឋសភានៅក្នុងព្រឹត្តិការណ៍បោះឆ្នោតកាលពីខែកក្កដា។
ព្រះអង្គម្ចាស់ ធមិ្មកោ បានមានព្រះរាជបន្ទូលថា “គ្មាននរណានៅគណបក្សសង្គ្រោះជាតិប្រជែងជាមួយខាងរាជានិយមទេ និងប្រឆាំងរាជានិយមទេ”។ព្រះអង្គម្ចាស់បានមានព្រះរាជបន្ទូលបន្តទៀតថា ការលើកឡើងរបស់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែលថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យរាជានិយមក្រឡាប់ចក្រនោះ គឺជាការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា”។
ព្រះអង្គម្ចាស់ ធម្មិកោ បានមានព្រះរាជបន្ទូលទៀតថា “យើងកំពុងតែប្រឆាំងនឹងរបៀបដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែមិនមានន័យថា យើងប្រឆាំង នឹងរាជានិយម ឬរដ្ឋធម្មនុញ្ញទេ”។
នៅចុងបញ្ចប់នៃកម្មវិធីកាលពីម្សិលមិញអ្នកគាំទ្រគណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ ទើបនឹងបង្កើតថ្មី ដែលត្រូវបានដឹកមករាជធានីភ្នំពេញពីទូទាំងប្រទេស ត្រូវបានផ្តល់ឲ្យនូវស្រោមសំបុត្រដែលមានប្រាក់នៅខាងក្នុង ហើយបន្ទាប់មកត្រូវបានផ្តល់ជួននៅអាហារថ្ងៃត្រង់ប៊ូហ្វេនៅក្នុងសណ្ឋាគារនោះ។
លោក នរាណាប្ញទ្ធិ អានន្ទដាយ៉ាត ប្រធានខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ បានឲ្យដឹងថា កម្មវិធីជួបជុំគ្នានេះគឺជាបន្ទុកចំណាយរបស់ព្រះអង្គផ្ទាល់ ក៏ប៉ុន្តែ លោកបានលើកឡើងបន្តថា លោកមិនដឹងថា កម្មពិធីនេះត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ។ លោក អិុន ស អាយុ៦៦ឆ្នាំបានលើកឡើងថា លោកជឿថា វត្តមានថ្មីរបស់ព្រះអង្គ ម្ចាស់ នរោត្តម រណប្ញទ្ធិ នៅក្នុងឆាកនយោបាយឆ្លុះបញ្ចាំងឲ្យឃើញការផ្លាស់ប្តូរព្រះទ័យនៅក្នុងអាជីពជាអ្នកនយោបាយដែលធ្លាប់បានទោទន់តាមគណបក្សប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ថា “ព្រះអង្គបានផ្លាស់ប្តូរយ៉ាងច្រើន ដើម្បីបង្កើតគណបក្សនយោបាយ ថ្មីនេះ ក្នុងគោលបំណងរួបរួមកម្លាំងអ្នកគាំទ្រអ្នករាជានិយម បម្រើ និងការពារប្រជាជាតិយើង។ ខ្ញុំទុកចិត្តព្រះអង្គមួយរយភាគរយ”។
កញ្ញា ប៉ុន ចន្ថា អាយុ២១ឆ្នាំដែលជាអ្នកគាំទ្រវ័យក្មេងម្នាក់ក្នុងចំណោមអ្នកគាំទ្រវ័យក្មេងពីរបីនាក់នៅក្នុងក្រុមអ្នកស្តាប់វ័យកណ្តាលភាគច្រើនបាននិយាយថា កញ្ញាជឿថា ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ នៅតែអាចទាក់ទាញអ្នកគាំទ្រដែលខកចិត្តដោយសារជម្លោះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ កញ្ញាបាននិយាយថា “មានភាពជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសយើង ដូច្នេះ ប្រសិនបើគណបក្សប្រជាជន និងគណបក្សប្រឆាំងមិនអាចដោះស្រាយបញ្ហានេះបានទេ នោះប្រជាជនប្រហែលជាបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅព្រះអង្គវិញ”៕សុធា