33 C
Phnom Penh

អ្នកភូមិ​ជន​ជាតិ​ភាគតិច​ជង​​បិទ​ផ្លូវ​​មិន​ឲ្យ​វិស្វករចិន​ចូលទៅ​​​​​​កន្លែងគ្រោង​​​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ និង​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​​បាន​​​ឲ្យដឹង​ថា អ្ន​កភូមិ​ជន​ជាតិ​ភាគ​តិច​ជងរាប់​​​សិប​​​​នាក់​នៅ​ឆាយ​​​​អារ៉ែង ក្នុង​​​ខេត្ត​កោះ​កុង​បាន​បន្ត​បិទ​ផ្លូវ​​​​​ដែល​​​បាន​​​ឈាន​​​ចូល​​​ដល់​​​​ថ្ងៃ​​​ទី​៣ កាល​ពី​ម្សិល​មិញដើម្បី​តវ៉ា​នឹង​គម្រោង​​​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដែល​នឹងឈាន​​​ដល់​​​​​ការ​បណ្តេញ​ប្រជាពលរដ្ឋ​​​ចេញ​ក្នុង​ទ្រង់​ទ្រាយ​ធំ​។

ចាប់តាំង​ពី​ថ្ងៃ​សុក្រ​មក​​​​​ ក្រុម​អ្នក​ភូមិ​បាន​បិទ​​ផ្លូវ​​ចូលទៅកាន់​​ដី​ដែល​ក្រុម​ហ៊ុន​ចិន​​បាន​​ជួល​សម្រាប់​ស្តុក​គ្រឿង​ចក្រធុន​ធ្ងន់​ និង​សម្ភារ ​សំណង់​សម្រាប់​ការ​សាង​សង់​​ទំនប់វារីអគ្គិ សនី​​ស្ទឹង​ឆាយ​អារ៉ែង​។

ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​​​ដឹង​​​ថា ពួក​​គាត់​កំពុង​ព្យាយាម​រារាំង​ក្រុមហ៊ុន​ Sinohydro ពីការ​​​​សាងសង់​កន្លែង​ស្តុក​គ្រឿង​​​​ចក្រ​នៅ​លើ​ដី​ដែលក្រុម​ហ៊ុន​នេះ​បាន​​​ជួល​ក្នុងស្រុក​ថ្មបាំាង​កាលពី​ពេល​ថ្មី​ៗនេះ​។

លោក នាង​ បូរ៉ា​ទីណូ អ្នក​សម្រប​សម្រួល​​របស់​​​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដ​ហុក​​ប្រចាំ​ខេត្ត​នេះ​បាន​មាន​​ប្រសា​សន៍​ថា “កាល​ពី​ថ្ងៃ​សុក្រ​ អ្នក​ភូមិ​ជាង​១០០​នាក់​បាន​បិទ​ផ្លូវ​ ហើយ​​​គិត​ត្រឹម​​​ថ្ងៃ​អាទិត្យ អ្នក​ភូមិ​ជាង​​៦០​​​នាក់​បាន​ធ្វើ​​​ការ​​​ផ្លាស់​​​​​​ប្តូរ​​វេន​​​​គ្នា​​​​បិទ​​ផ្លូវ​​ដដែល​ ដោយ​នាំគ្នា​​​ដេក​នៅ​ក្នុង​តង់​ដែលពួក​​​​គាត់​​បានបោះ​នៅក្នុង​ព្រៃ​ក្បែរ​នោះ”។ លោក បូរ៉ាទីណូ បានមាន​ប្រសាសន៍​ថា ក្រុម​អ្នកភូមិ​បាន​ប្តេជ្ញាបន្ត​ធ្វើ​ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​រហូតទាល់តែ​​​​​​​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះត្រូវ​បាន​លុបចោល​។

តំណាង​អ្នក​ភូមិ​ជន​ជាតិភាគតិច​ជង មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពីម្សិលមិញ​ ពី​ព្រោះ​ពួក​គាត់​ស្ថិត​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល​ ប៉ុន្តែ បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​សុក្រ​ថា ពួកគាត់​ក៏​​​កំពុង​រា​រាំង​វិស្វករ​ជន​ជាតិ​ចិន​ពីរ​នាក់មិន​ឲ្យ​ធ្វើ​​ដំណើ​រទៅកាន់​តំបន់​ដែល​​គេ​​​គ្រោង​​​សាង​សង់​ទំនប់​​​វារី​អគ្គិ​សនី​នេះ​​​ផងដែរ​​​។

លោក សិុន វ៉ារី អធិការ​នគរបាល​ស្រុក​ថ្ម​បាំង​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​​មិញ​ថា នគរបាល​បាន​សម្រេច​ហាមឃាត់​​​​ជន​ជាតិ​ចិន​​ទាំ​ង​ពីរ​នាក់​នេះ​ពុំ​​​​ឲ្យ​ធ្វើ​ដំណើ​រទៅ​កាន់​តំបន់​ នោះទេ​​​ដើម្បី​ការ​ពារ​​សុវត្ថិ​ភាព​របស់​ពួក​គេ​ និង​​​បាន​​​ឲ្យ​​​​​​​ពួកគេ​​​ផ្អាក​ការ​ដឹ​ក​ជញ្ជូន​សម្ភារ​សំណង់​ចូល​ទៅកាន់​ដី​ដែល ក្រុម ហ៊ុន​នេះ​​បាន​ជួល​សិន​​​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​មិន​បាន​អនុញ្ញាត​ឲ្យ​វិស្វ​ករ​ជន​ជាតិ​ចិន​ចូល​ទៅ​ក្នុង​តំបន់​នោះ​ដើម្បី​សិក្សា​អំពី​គម្រោង​សាង​សង់​ទំនប់​​​វារី​អគ្គិសនី​​​​​នេះ​​​ទេ​”។

លោក​បាន​បន្ថែម​ថា វិស្វករ​ជន​ជាតិ​ចិន​​នឹងមិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​បាន​ទេ រហូតទាល់តែ​​​ក្រុម​ហ៊ុន និងអាជ្ញាធរ​​ធ្វើ​ការ​ចរចា​ជា​មួយ​អ្នកភូមិ​ដែ​លកំពុងធ្វើការ​​តវ៉ា​​រួច​រាល់​សិន​។ លោក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បាន​ស្នើ​ឲ្យ​ក្រុមអ្នក​ភូមិ​បញ្ឈប់​ការ​បិទ​ផ្លូវ តែ​គ្មាន​ប្រយោជន៍​ឡើយ​។ លោក​បានមាន​ប្រសាសន៍​ថា“ កាល​ពី​ថ្ងៃ​សៅ​រ៍​ ខ្ញុំរួម​​​ជាមួយ​​​នឹង​​​​អភិបាល​ខេត្ត​​​​និង​អភិ​បាល​ស្រុក​បាន​ព្យាយាម​អប់​រំ​អ្នក​ភូមិ​ឲ្យ​ឈប់​ធ្វើ​ការ​តវ៉ានិង​​បិទ​ផ្លូវ​ដែរ​​​ ក៏​​​ប៉ុន្តែ​ពួក​គាត់​​មិន​​ស្តាប់​​អាជ្ញាធរ​ឡើយ​”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស