កាលពីថ្ងៃសុក្រ អ្នកភូមិប្រហែល១០០នាក់នៅក្បែរជ្រលង អារ៉ែង ក្នុងខេត្តកោះកុងបានបិទផ្លូវឆ្ពោះទៅកាន់ដីធ្លីមួយកន្លែងដែលក្រុមហ៊ុនចិនបានជួល ដើម្បីស្តុកគ្រឿងសំណង់និងគ្រឿងចក្រសម្រាប់សាងសង់ទំនប់វារីអគ្គិសនី ស្ទឹងឆាយ អារ៉ែង ដែលនឹងអាចធ្វើឲ្យអ្នកភូមិរាប់រយគ្រួសារត្រូវបណ្តេញចេញពីតំបន់នេះ។
លោក សុខ រស្មី អាយុ២៥ឆ្នាំជាតំណាងឲ្យជនជាតិភាគតិចជង ដែលរស់នៅក្នុងតំបន់ក្បែរជ្រលង អារ៉ែង បាននិយាយកាលពីថ្ងៃសុក្រថា “ យើងបិទផ្លូវ ព្រោះយើងមិនចង់ឲ្យក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈទៅកាន់ការដ្ឋានសាងសង់នោះទេ ហើយយើងចង់ឲ្យវិស្វករជនជាតិចិនពីរនាក់ចាកចេញពីតំបន់នេះ”។
លោក សុខ រស្មី បានឲ្យដឹងថា សហគមន៍នៅក្នុងស្រុកថ្មបាំង បានត្រៀមបិទផ្លូវបន្ថែមទៀតរួចហើយ ប្រសិនបើពួកគាត់ឃើញមានគ្រឿងចក្រត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ទំនប់វារីអគ្គិសនីដែលគេគ្រោងនឹងសាងសង់ឡើងនោះ។
លោក អាឡិច ហ្គនហ្សាលេហ្ស ដេវីដសុន (Alex Gonzalez-Davidson) សហស្ថាបនិកអង្គការមាតាធម្មជាតិបានលើកឡើងថា នគរបាលនិងមន្ត្រីកងរាជអាវុធហត្ថប្រហែល១០នាក់ត្រូវបានបញ្ជូនឲ្យទៅឈរជើងនៅតំបន់នោះចាប់តាំងពីល្ងាចថ្ងៃសុក្រមកម្លេ៉ះ ពោលគឺ ប៉ុន្មានម៉ោងបន្ទាប់ពីការបិទផ្លូវដោយសន្តិវិធីដែលមានរយៈពេល៨ម៉ោងត្រូវបានបញ្ចប់។
លោក ហ្គនហ្សាលេហ្សដេវីដសុន បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសុក្រថា “អ្នកភូមិបានគំរាមដុតប៉ុស្តិ៍នគរបាល ប្រសិនបើបុរសជនជាតិចិនទាំងពីរនាក់នោះមិនចាកចេញពីតំបន់នោះទេ។ ហេតុដូច្នេះ ឥឡូវនេះយើងបានឃើញរថយន្តមួយបាំងកន្លះចំនួនពីរគ្រឿងដឹកនគរបាលនិងកងរាជអាវុធហត្ថទៅកាន់តំបន់នោះ”។
កាលពីដើមខែនេះ ក្រុមហ៊ុន Sinohydro (Cambodia) United Ltd. បានជួលដីនៅក្នុងឃុំជំនាប់ ស្រុកថ្មបាំងនេះដើម្បីធ្វើឃ្លាំងមួយសម្រាប់ដាក់គ្រឿងចក្រ និងសម្ភារផ្សេងៗប្រើសម្រាប់សាងសង់ទំនប់វារីអគ្គិសនីកម្លាំង១០៨មេហ្គាវា៉ត់។
លោក អុិន គង់ចិត្រ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ ប្រចាំខេត្តកោះកុងបានលើកឡើងថា ទាំងរដ្ឋាភិបាលនិងក្រុមហ៊ុន Sinohydro United Ltd.ដែលកាលពីដើមឆ្នាំនេះ ទទួលបានសិទ្ធិកាន់កាប់ដីសម្បទានដើម្បីសាងសង់ទំនប់វារីអគ្គិសនីពីក្រុមហ៊ុនមួយផ្សេងទៀត មិនមានបំណងធ្វើការពិភាក្សាណាមួយជាមួយអ្នកភូមិសហគមន៍ដែលនឹងរងផលប៉ះពាល់ខ្លាំងនោះឡើយ។
លោក អុិន គង់ចិត្រ បានមានប្រសាសន៍ ថា “អាជ្ញាធរបានត្រឹមតែផ្តល់ដំណឹងដល់ពលរដ្ឋអំពីការអភិវឌ្ឍទំនប់វារីអគ្គិសនី ស្ទឹងឆាយ អារ៉ែងប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលបានពិភាក្សាជាសាធារណៈ ឬក៏ជាមួយសហគមន៍ឡើយ”។
ទោះបីជាការសាងសង់ទំនប់នេះមិនដឹងថាត្រូវចាប់ផ្តើមនៅពេលណានោះក៏ដោយ ក៏ការចុះទៅត្រួតពិនិត្យក្នុងពេលថ្មីនេះរបស់វិស្វករជនជាតិចិននិងការសាងសង់ឃ្លាំងសម្រាប់ផ្ទុកសម្ភារផ្សេងៗ បានធ្វើឲ្យអ្នកភូមិ ព្រួយបារម្ភថា ការសាងសង់ទំនប់វារីអគ្គិសនី ដែលនឹងធ្វើឲ្យជន់លិចដីទំហំ២.០០០ហិកតានឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។
ដីដែលនឹងត្រូវជន់លិចរួមមានព្រៃនៅ តំបន់ព្រៃការពារភ្នំក្រវាញ ដែលត្រូវបានគេចាត់ទុកថា ជាតំបន់ស័ក្តិសិទិ្ធសម្រាប់ជនជាតិភាគតិចជង ហើយអ្នកបរិស្ថានបានសម្តែងក្តីព្រួយបារម្ភចំពោះអនាគតនៃប្រភេទរុក្ខជាតិកម្រនិងសត្វជិតផុតពូជដូចជាក្រពើភ្នំជាដើម។
លោក កែវ នីបូរា៉ អភិបាលរងស្រុកថ្មបាំង បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Sinohydro United Ltd. ទទួលបានការអនុញ្ញាតពីក្រសួងថាមពលនិងធនធានរ៉ែដើម្បីកាន់កាប់ដីមានជម្លោះ។
លោក នីបូរា៉ បានមានប្រសាសន៍ថា “ ពួកគេ [វិស្វករជនជាតិចិន] បានមកទីនេះបីបួនថ្ងៃកន្លងមកហើយ ដើម្បីប្រមូលទិន្នន័យនិងរៀបចំកន្លែងមួយដើម្បីផ្ទុកសម្ភាររបស់ពួកគេ។វិស្វករជនជាតិចិនទទួលបានការអនុញ្ញាតពីក្រសួងឲ្យមកស្នាក់នៅទីនេះ ចាប់ពីថ្ងៃទី១៤ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើម្បីធ្វើការសិក្សាបន្ថែមលើគម្រោងទំនប់វារីអគ្គិសនីនេះ”៕ស៊ុយឈាង