37 C
Phnom Penh

រូប​ថត​ដែល​​​ព្រីនចេញ​នៅ​លើ​ផ្ទាំង​សំពត់​គំនូរ​ប្រៀប​បាន​​​នឹង​ផ្ទាំង​គំនូរ​ដែល​មាន​ពន្លឺ​ភ្លឺ​ដ៏​ស្រស់​ស្អាត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ដេវីដ ហូលីដេ (David Holliday) គឺ​ជា​វិចិត្រ​មួយ​រូប​ដែល​ប្រើ​ប្រាស់​ជំនាញ​ថត​រូប​ធ្វើ​ជា​ចំណុច​ចាប់​ផ្តើម​ដើម្បី​បង្កើត​នៅ​ទស្សនវិស័យ​ផ្ទាល់​ខ្លួន​ស្តី​ពី​ទេស​ភាព​ក្នុង​ទីក្រុង​ ដែល​ស្ថិត​នៅ​ជុំ​វិញ​ខ្លួន​លោក​។

ស្នាដៃ​រូប​ថត​ដែល​មាន​ឈ្មោះ​ថា Church Arch នៅ​លើ​ភ្នំបូក​គោ ​ថត​ដោយ​លោក ដេវីដ ហូលីដេ។ David Holliday
ស្នាដៃ​រូប​ថត​ដែល​មាន​ឈ្មោះ​ថា Church Arch នៅ​លើ​ភ្នំបូក​គោ ​ថត​ដោយ​លោក ដេវីដ ហូលីដេ។ David Holliday

ស្នាដៃ​រូប​ថត​ក្រាហ្វិកចុង​ក្រោយ​​របស់​លោក​​ដែល​ត្រូវ​បាន​តំាង​ពិព័រណ៍​នៅ​វិចិត្រ សាល​ Insider Gallery នៅ​សណ្ឋាគារ​អាំង​ទែ​កង់​ទីណង់​តាល់ គឺ​ត្រូវ​បានព្រីន​ចេញ​នៅ​លើ​ផ្ទាំង​សំពត់​គំនូរ​ ដោយ​រូប​ភាព​ទាំង​អស់​នោះ​ឆ្លង​កាត់​ការ​ផលិត​​កែច្នៃ​ជាច្រើន​ដំណាក់​​កាល​ចាប់​តាំង​ពី​លោក​បាន​សម្លឹង​មើល​​ផ្ទាំង​ទស្ស​នីយ​ភាព​ទាំង​នេះ​តាម​កញ្ចក់​ឡែន​ម៉ាសីុន​ថត​របស់​លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ប្រៀប​បាន​ទៅ​នឹង​ផ្ទាំង​គំនូ​រ​អប​ដោយ​ពន្លឺ​ មើល​ទៅ​វា​លែង​ដូច​ជា​រូប​ថត​ទៀត​ហើយ​”។ រូប​ភាព​​ដែល​មាន​ឈ្មោះ​ថា “ Structures” ទាំង​នេះ​បង្ហាញ​ពី​អគារ​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក្រុង​កំពត និង​ក្រុង​សៀមរាប ព្រម​ទាំង​បង្ហាញ​ពី​ផ្ទាំង​ទស្សនីយ​ភាព​ប្រាសាទ​អង្គរវត្ត​ផង​ដែរ។

នៅ​ពេល​លោក​ ដេវីដ ហូលីដេ ​​រក​ឃើញ​ប្រធាន​បទ​មួយ​ដែល​លោក​ចូល​ចិត្ត​ លោក​នឹងថតរូប​រាប់​រយ​សន្លឹកពាក់​ព័ន្ធ​នឹង​ប្រធាន​បទនោះ​ ហើយ​ជ្រើស​រើស​រូប​ថត​ដែល​ល្អ​បំផុត​ប្រហែល​៣០​សន្លឹក​ ហើយ​បន្ទាប់​មក​ដាក់​វា​តំាង​នៅ​លើ​ក្តារ​ខៀន​ពណ៌ស​ រួច​ចាប់​ផ្តើម​បង្កើត​​រូប​ភាព​ចុង​ក្រោយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ​្ញុំ​បញ្ចូល​​គំនូរព្រាង​​ និង​ខ្មៅ​ដៃ​ផាត់​ពណ៌​ជា​មួយ​គ្នា​។ ខ្ញុំ​បង្កើត​ការ​ផ្គុំ​បញ្ចូល​គ្នា​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​ស្រស់​ស្អាត​​​ជាមួយ​នឹង​ខ្មៅ​ដៃ​ផាត់​ពណ៌​និង​ក្រដាស​រហែក​”។

ស្នាដៃ​របស់​លោកដែល​មាន​ឈ្មោះ​ថា “White Building” មាន​រូប​ភាព​កាំ​ជណ្តើរ​​ពណ៌​ត្នោត​ ពណ៌ខៀវ និង​ឥដ្ឋ​ពណ៌​ក្រហម​ដែល​បង្ហាញ​ពី​ភាព​មមាញឹក​នៅ​កន្លែង​នោះ។ ស្នាដៃ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា “ Te​m​ple Green” ក៏​មាន​រូប​ភាព​ជា​ច្រើន​ដែល​បង្ហាញ​​ពី​ប្រាង្គ​ប្រាសាទនានា​នៅ​ក្នុង​ឧស្យាន​បុរាណ​អង្គររំលេច​​​ចេញ​ជា​ពណ៌​ប្រផេះ​ ពណ៌​​បៃតង និង​ពណ៌​មាសឆ្អិន​ឆ្អៅ​។

ប៉ុន្តែ ស្នាដៃ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា “ Church Arch” មាន​រូប​ភាព​តែ​មួយ​គត់​ដែល​បង្ហាញ​ពី​ព្រះ​វិហារ​គ្រិស្ត​នៅ​លើ​ភ្នំ​បូក​គោ​ ​រំលេច​ចេញ​ជា​ពណ៌​ខៀវស្រាល និង​ពណ៌​ត្នោត​។

ដោយ​ចាប់​កំណើត​នៅក្នុង​គ្រួសារ​វិចិត្រ​ករ​ក្នុង​ប្រទេស​អង់គ្លេស​ លោក ដេរីដ ហូលីដេ​ បាន​​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អស់​រយៈ​ពេល​១៥​ឆ្នាំ ហើយ​នៅ​ទីនោះ​លោក​​បាន​ចូល​​​រួម​ពាក់​ព័ន្ធ​ជាមួយ​សហគមន៍​វិចិត្រ​ករ​ ដោយ​លោក​បាន​រួម​គ្នា​បង្កើត​វិចិត្រ​សាល​មួយ​ឡើង​​ ហើយ​ធ្វើការ​ជា​ប្រចាំ​ជា​មួយ​​អង្គការ​ Sculptors ​Scociety នៅ​ក្នុង​ទីក្រុង​ស៊ីដនី​។​

លោក​ ដេវីដ ហូលីដេ បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយ​។ ការ​តាំង​ពិព័រណ៍​របស់​លោក​នៅ  Insider Gallery ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​១១ ខែ​មេសា៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស