29 C
Phnom Penh

តុលា​ការ​ចោទ​​​ប្រកាន់​​​បុរស​ម្នាក់​ពី​បទ​បំផ្លាញ​ទ្រព្យ​​សម្បត្តិឯក​ជន​​​​​​ក្នុង​​​​វិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សៅរ៍ សាលា​ដំបូង​ខេត្ត​រតន​គិរី​បាន​ចោទ​ប្រកាន់​បុរស​ជន​ជាតិ​ភាគ​តិច​គ្រឹង​ម្នាក់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជនចំពោះ​​​​ការ​​​​ដុត​បំផ្លាញ​ឈើ​មួយ​គំនរ​​​​​ដែល​​​ជា​កម្ម​សិទ្ធិ​របស់​ពាណិជ្ជករ​ម្នាក់​ដែល​អ្នក​ស្រុក​ចោទ​​ថា បាន​ទិញដី​របស់​​​​ពួក​​​គាត់​​ ប៉ុន្តែមិនព្រម​​​​​ផ្តល់​ប្រាក់​ដល់​​​ពួក​គាត់​​​​។

លោក ម៉ម វ៉ាន់ដា ព្រះរាជ​អាជ្ញា​អម​សាលា​ ដំបូង​ខេត្ត​នេះ​​​បានឲ្យ​​​ដឹង​​​​ថា លោក ហាំង​ នឿ អាយុ​៥០​ឆ្នាំ​ បាន​ដឹក​នាំ​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​គ្រឹង​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៥០​នាក់​ទៅ​កន្លែង​នោះ​កាល​​ពីថ្ងៃ​សុក្រ​ ហើយ​បាន​ដុតបំផ្លាញ​ឈើ​មួយ​គំនរ​ដែល​ប្រមូល​ទុក​សម្រាប់​​​សាង​សង់​អគារ​ការិយាល័យ​នៅ​លើ​ដី​​មាន​វិវាទ​​នោះ។

លោក ម៉ម វ៉ាន់​ដា បានមាន​ប្រសាសន៍​ថា “យើង​បាន​ចោទ​ប្រកាន់​គាត់​​​​​​រួច​ហើយ​​​​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្ន​កដ​ទៃ​…​ហើយ​ឥឡូវ​នេះ​គាត់​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ ​អាសន្ន​នៅក្នុង​​ពន្ធនាគារ​ខេត្ត​”។

លោក​ ជា ប៊ុនធឿន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បានមាន​ប្រសាសន៍​ថា លោក ហាំង​ នឿ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​សុក្រ​ពីបទ​ដឹក នាំក្រុម​អ្នក​ភូមិ​ទៅ​ដុត​បំផ្លាញ​​ឈើ​នោះ​ ប៉ុន្តែ បាន​បដិសេធមិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ដី​ដែល​មាន​វិវាទ​នោះ​ទេ​។

លោក ដាំង​ ង៉ាន អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិដែល​បាន​​ធ្វើ​ដំណើរ​​ទៅ​កាន់​កន្លែង​កើត​ហេតុកាល​ពីថ្ងៃ​​សុក្រ​​​នោះ​​​​បាន​​​​​​និយាយ​ថា ក្រុមអ្នក​ភូមិ​បាន​លក់​ដី​ទំហំ​ប្រហែលជា​​​ ​៤០០ហិកតា​ទៅ​ឲ្យ​ពាណិ​ជ្ជករ​ម្នាក់​ឈ្មោះ សេង វិសិដ្ឋ​ កាល​ពីឆ្នាំ​២០០៧​ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ​ ប៉ុន្តែ ​​ពួកគាត់​មិន​ទាន់​ទទួលបាន​ប្រាក់​២០.០០០​ដុល្លារ​ដូច​ដែល​គេ​បាន​សន្យា​នៅ​​ឡើយ​ទេ​។

គាត់​បាន​និយាយ​ថា ក្រុម​អ្នកភូមិ​បាន​​ទៅ​កាន់​ដី​នោះ​​​កាល​ពីថ្ងៃ​សុក្រ​ និង​​​​​​​បាន​ឃើញ​​​​គេ​​​រាន​ដី​នោះ​ជា​លើក​ដំបូង​ ហើយ​បាន​បញ្ជាក់​​​​ថាគាត់​និង​លោក ហាំង​ នឿ​​​ស្ថិត​​​​ក្នុង​ចំណោម​​​​បុរស​ប្រហែល​១០​នាក់​ដែល​បាន​ដុត​ឈើ​មួយ​គំនរ​នោះ​ ​ពេល​កម្មករ​​​បាន​បដិ​សេធ​មិន​ព្រមបញ្ឈប់ការ​​រាន​ដី​។ គាត់​បាន​និយាយ​ថា “យើង​​បាន​ដុត​ឈើ​ទាំង​​​នោះពីព្រោះក្រុម​អ្ន​ក​ភូមិ​ខឹង​​ក្រុម​ហ៊ុន​ដែល​​​​មិន​​​​ព្រម​​​ស្តាប់​ពួក​យើង​ឲ្យបញ្ឈប់ការ​រាន​ដី​នេះ”។

លោក ដាំង​ ង៉ាន បាន​​​​អះអាងបន្ត​​​​​​ថា ក្រុម​​​​អ្នក​​​ភូមិបាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​លក់​ដីនេះ​​​ជាមួយ​លោក វិសិដ្ឋ ​ប៉ុន្តែមិន​បាន​ទុក​ឯកសា​រ​មួយ​ច្បាប់​សម្រាប់​​ខ្លួន​ឯង​ឡើយ​ ហើយ​ថា​​​លោក វិសិដ្ឋ​ បាន​លក់​ដី​នេះ​បន្ត​​​​​​​ឲ្យ​​​ស្ត្រី​ម្នាក់​ឈ្មោះ លី​ សុខនីម ​នៅ​​​​ខែ​មុន​​​នេះ​​​ប៉ុណ្ណោះ​។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​​របស់​​​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​​​​ប្រចាំខេត្ត​នេះ​បាន​ឲ្យ​​​ដ​​​ឹង​​​​ថា លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ផ្លូវ​ការ​ពី​អ្នកភូមិ​ហើយ​កាល​ពីថ្ងៃ​សុក្រ​។

លោកបានថ្លែង​​​​​ថា“ ក្រុម​អ្នក​ភូមិបាន​ផ្តិត​ មេដៃពេល​​ពួកគាត់​​លក់​ដី​នេះ​ទៅ​ឲ្យ​លោក វិសិដ្ឋ​ ក្នុង​តម្លៃ​​​​២០.០០០ដុល្លារ ប៉ុន្តែ​​​លោក​ វិសិដ្ឋ មិន​​​ទាន់​​​បាន​ប្រគល់​​​​ប្រាក់​​​ទេ”។ ទាំង​លោក វិសិដ្ឋ និង​អ្នកស្រី សុខ​នីម គឺពុំអាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បាន​ឡើយ​​​កាលពី​​​ម្សិលមិញ​​​នេះ​​​​៕​សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស