កងរាជអាវុធហត្ថបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀនមេតំហ្វេ តាមីនជិត១៤.០០០គ្រាប់និងមេតំហ្វេតាមីនគ្រីស្តាល់ទម្ងន់៣ក្រាមទៀតក្នុងក្រុងស្ទឹងត្រែងកាលពីម្សិលមិញ។
យោងតាមលោក អឹុង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឲ្យដឹងថា សាយ ម៉ៃ អាយុ៤៥ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់តែម្តងបន្ទាប់ពីមានការសើុបអង្កេតរយៈពេលពីរខែមក។
លោកវរសេនីយ៍ឯក អឹុង វណ្ឌី បានមានប្រសាសន៍ថា អំឡុងការចាប់ខ្លួន កងរាជអាវុធ ហត្ថរឹបអូសបានថ្នាំញៀនចំនួន១៣.៩៨៧គ្រាប់ និងថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ទម្ងន់២,៩៧៣ក្រាមពីផ្ទះបុរសម្នាក់នៅក្នុងសង្កាត់ស្ទឹងត្រែង។
លោកបានមានប្រសាសន៍បន្ថែមថា ជនសង្ស័យរូបនេះគ្រាន់តែជាអ្នកចែកចាយថ្នាំញៀនម្នាក់ក្នុងចំណោមអ្នកចែកចាយថ្នាំញៀនជាច្រើននៅតាមខេត្តជាប់ព្រំប្រទល់ ដោយជួញដូរថ្នាំមេតំហ្វេ តាមីនពីប្រទេសឡាវចូលមករាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក វណ្ឌី មានប្រសាសន៍ ថា “ រហូតមកទល់ពេលនេះនៅឆ្នាំនេះកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះប្រតិបត្តិ ការចាប់ថ្នាំញៀនបួនលើកហើយ ដោយចាប់ខ្លួនបានទាំងជនជាតិខ្មែរ និងជនជាតិឡាវ”។ លោកបានមានប្រសាសន៍ថា “មានអ្នកជួញដូរថ្នាំញៀនជាច្រើននៅក្នុងខេត្តស្ទឹងត្រែង ហើយយើងកំពុងបន្តសើុបអង្កេតអ្នកផ្សេងទៀតដែលសង្ស័យថា ជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរថ្នាំញៀន”។
លោកបានបន្ថែមថា កងរាជអាវុធហត្ថជឿថា សាយ ម៉ៃ ធ្វើសកម្មភាពឲ្យអ្នកចែកចាយថ្នាំញៀនទ្រង់ទ្រាយធំ ដែលពួកគេកំពុងស្វែងរកចាប់ខ្លួនផងដែរ។ លោកវរសេនីយ៍ឯក អឹុង វណ្ឌី បានមានប្រសាសន៍ថា “ជននេះមិនទាន់បានសារភាពប្រាប់ពីកន្លែងលាក់ខ្លួនរបស់ជនជាមេខ្លោងនៅឡើយទេ”។ សាយ ម៉ៃ គ្រោងនឹងបង្ហាញខ្លួននៅសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីប្រឈមនឹងការចោទប្រកាន់៕សារុន