30 C
Phnom Penh

សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ ប៉ុន្តែ​មិនកាត់​ជំនួយ​ដល់​កម្ពុជា​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​ព្រុច​សែល-បែលហ្ស៊ិក-សហភាព​អឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះ​លែង​​សកម្មជន​​​​និង​អ្នក​តវ៉ា​ជាប់​ឃុំ​ចំនួន​២១​នាក់​ ហើយ​បាន​​ប្រាប់​ក្រុម​​​មន្ត្រី​​​កម្ពុជា​​​​អំឡុង​កិច្ចពិភាក្សា​ជាន់​ខ្ពស់​​ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ព្រុច​សែល ក្នុង​សប្ដាហ៍នេះ​ថា បរា​​​ជ័យ​​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ដំណើរ​ការ​បោះ​ឆ្នោត​​អាច​បង្ក​ផល​លំបាក​​​ធំ​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

យោងតាម​មន្ត្រីជាន់​ខ្ពស់​​សហភាព​អឺរ៉ុប​ម្នាក់​ ដែល​មាន​វត្តមាន​អំឡុងកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ក្នុង​​រដ្ឋ​ធានី​នៃ​ប្រទេស​បែល​ហ្ស៊ិក ដែល​បាន​បញ្ចប់​កាលពីថ្ងៃ​ព្រហស្បតិ៍​នេះបាន​ឲ្យ​ដឹង​ថា សហ​ភាព​​អឺរ៉ុប​បាន​សម្ដែង​ក្ដីកង្វល់​ចំពោះ​បញ្ហា​ជា​ច្រើន​ ប៉ុន្តែ​មិន​បាន​គំរាម​កាត់​បន្ថយ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ និងជំនួយ​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ទេ។

មន្ត្រី​សហភាព​អឺរ៉ុបរូប​នេះ​បាន​​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា“ ពួកគេ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​នៅពេល​នេះ​​​​ព្រោះ​ពួកគេ​មិន​ប្រាកដ​អំពីការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ឡើយ​។ ហើយពួកគេ​ប្រាកដ​ជា​គិត​ថា ខ្លួន​​​អាច​នឹង​​​ចាញ់​​ ដូច្នេះ​ពួកគេ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មើល​ឃើញ​ថា​​​ខ្លួន​ជាអ្នក​ធ្វើការ​អភិវឌ្ឍ​ ជា​គណបក្ស​ដែលដើរ​ទាន់​សង្គម​ ដោយ​ត្រូវ​ពាំនាំ​ភាព​រុង​រឿង​​​​និង​ភាព​រីក​ចម្រើន​សម្រាប់​មនុស្ស​គ្រប់​គ្នា​​​​”។

អំឡុង​កិច្ច​ប្រជុំ​នេះ ក្រុមមន្ត្រីមកពី​កម្ពុជា និង​សហភាព​អឺរ៉ុប​​​បានលើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​ ក្នុង​នោះ​គឺ​មាន​ទាំង​​ការ​ធ្វើ​កំណែ​ទម្រង់​​ប្រព័ន្ធ​រដ្ឋបាល ​តុលាការ​ និង​ពាណិជ្ជកម្ម​ និង​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ​។

នៅ​​ក្រៅ​អគា​រ​គណៈកម្មការ​អឺរ៉ុប​​​កាល​ពី​ថ្ងៃច័ន្ទ ពល​រដ្ឋ​កម្ពុជា​​ប្រហែលជា​​១០០​នាក់​​ ដែល​រស់​នៅ​​ក្នុង​តំបន់​អឺរ៉ុប​បាន​ប្រមូល​ផ្ដុំគ្នា​កាន់​បដា​អំពាវ​នាវ​ឲ្យ​មានការ​បញ្ចប់​របប​គ្រប់​គ្រង​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ហើយ​បាន​បង្ហាញ​រូប​ភាព​​អ្នក​តវ៉ា​មាន​ឈាម​​​ជោគ​ខ្លួន​​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​កាលពីថ្ងៃទី៣​​​ខែ​មករា នៅ​លើ​ផ្លូវ​វេង​ស្រេង​។

​ក្រុម​​​មន្ត្រី​​​​​កម្ពុជា​​​​​​​​​ដឹក​នាំ​​​ដោយ​​​​​​​​លោក​ អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​​​ការ​បរទេស​​​​បាន​​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​នេះនៅ​​​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​ទទួល​នូវ​​​ទំនុក​ចិត្ត​ពី​សមភាគី​អឺរ៉ុប​ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ចំណុច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​មាន​ឆន្ទៈ​ធ្វើ​កំណែ​ទម្រង់​។

មន្ត្រី​សហភាព​អឺរ៉ុប​ដដែល​នោះ​បាន​មាន​​​ប្រសាសន៍​ថា“ ពួកគេ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សូច​នាករ​​ជា​​​ខ្នាត​​​គោល​​​មួយ​​​ចំនួន​​​ដែលអាច​តាម​ដាន​នៅ​ពេល​ក្រោយ​បាន​យ៉ាង​ងា​យ​។ ដូច្នេះវា​គឺ​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​បាន​ឮ​ការ​ធានា​បែប​​​នេះ​​ពីពួកគេ”​។

លោកមាន​ប្រសាសន៍​បន្ត​ដោយ​សំដៅ​លើ​​ឯករាជ​ភាព​នៃ​​​​​​​តុលាការ​ថា“ ពិត​ណាស់​​​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​​ យើងពុំ​​​​​​មាន​​​​សិទ្ធិ​វាយ​តម្លៃ​អំពីការ​វិវឌ្ឍ​ដែល​ពួកគេ​សម្រេច​បាន​ទេ​ ប៉ុន្តែ​ពួកគេ​បាន​ផ្ដល់ឲ្យ​យើង​នូវ​ការ​ធានា​ថា ពួកគេ​នឹង​អនុម័ត​ច្បាប់​ទំាង​អស់​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​”។

យោងតាម​ច្បាប់​ចម្លង​នៃ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ស្ដីអំ​​​ពី​លក្ខន្តិកៈ​ចៅក្រម ​​​និង​ព្រះ​រាជ​អាជ្ញា​​​​ដែល​កាសែត​​​​ខេមបូឌា ដេលី បាន​​​ទទួ​ល​ កាលពីថ្ងៃ​ព្រហស្បតិ៍​​​ កន្លង​​​ទៅ​​​​​​នេះ​​​​​​​​​ បាន​ឲ្យ​ដឹង​ថា ក្រម​​វិជ្ជាជីវៈ​សម្រាប់​ចៅក្រម​គឺគ្មាន​ការ​ហាម​ឃាត់​​មិន​​​ឲ្យ​ពួកគេ​មាន​សមា​​​ជិក​ភាព​ក្នុង​គណ​បក្ស​នយោបាយ​ទេ​។

បច្ចុប្បន្ន​នេះ​​​ មន្ត្រី​តុលាការជាន់​ខ្ពស់​​​​​​មួយ​​​ចំនួន​​​សុទ្ធតែ​​​កាន់​កាប់​តំណែង​​ធំៗ​​​​នៅ​​​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​ ហើយ​តុលា​​​ការ​​​​ត្រូវ​បានគេ​​​​ចោទ​ប្រកាន់​​ជាយូរ​មក​ហើយ​ថា ស្ដាប់​តាម​បង្គាប់​របស់​គណបក្ស​កាន់​អំណាច។

មន្ត្រី​សហភាព​អឺរ៉ុប​ដដែល​នេះ​​​​បាន​មាន​​​ប្រសាសន៍​ថា​​​“ យើង​បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​​​​ការ​​​មាន​​​ប្រព័ន្ធតុលាការ​ [ឯករាជ​្យ​] ក្រោម​​​​ហេតុផល​ផ្សេង​ៗ​គ្នា​ គឺមិន​ថាដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​​​ភិ​​​បាល​​​​ ដើម្បី​ទំនុក​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​លើ​ស្ថាប័ន​ច្បាប់​នេះ​ ឬក៏​​​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​​​នឹង​​​​​អំពើ​ពុក​រលួយ​ដែល​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការ​អភិ​វឌ្ឍប្រទេស​​​ឡើយ​​​​។​​​យើង​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ​នៃ​ការ​ឯក​ភាព​គ្នា​​ក្នុង​ការ​ចរចា​រវាង​គណបក្ស​​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ប្រឆាំង​​ ជុំ​វិញ​​ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​​ហៅកាត់​​​ថា​​​ គ.ជ.ប. ផង​ដែរ​”។

នៅ​ក្នុង​រាជ​ធានីភ្នំពេញ សហភាព​អឺរ៉ុប​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ឲ្យ​ជួយ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​​គ្រួសារ​ដែល​ត្រូវ​បាន​រឹប​អូស​យក​ស្រែ​ចម្ការ​​​និង​ផ្ទះសំបែង​ដោយ​​ក្រុមហ៊ុន​​​​​​​ស្ករ​ស​ដែល​នាំ​ចេញ​ស្ករ​ស​​ទៅ​អឺរ៉ុប​ដោយ​រួច​ពន្ធ​។​​​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​ និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចង់​ឲ្យ​សហ​ភាព​អឺរ៉ុប​ ផ្អាក​ការ​អនុគ្រោះ​ពន្ធ​ ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​លើក​លែង​ពន្ធ​លើ​ទំនិញ​គ្រប់​​យ៉ាង​លើក​លែង​តែ​អាវុធ​នេះ​​​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ ​ដែល​សហ​ភាព​អឺរ៉ុប​ចេញកាលពីថ្ងៃ​ព្រហស្បតិ៍ លោក អ៊ូច បូរិទ្ធ ​ត្រូវ​បាន​​ស្រង់​សម្ដី​ថា  ​​​កម្មវិធី និង​​​គម្រោង​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​សហ​ភាព​អឺរ៉ុប​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​​។

ក្នុង​ចំណោម​អ្នក​តវ៉ា​នៅ​ក្រៅ​​អគារ​គណៈ​​កម្ម​ការ​​អឺរ៉ុប​​​​កាលពីថ្ងៃ​ច័ន្ទ​​​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ ថៃ មករា ជា​តំណាង​ម្នាក់​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​អឺរ៉ុប​​​ដែល​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​​​​​​បោះ​ជំហាន​ឲ្យ​បាន​លឿន​ជាង​មុន ក្នុង​ដំណើរ​ឈាន​​​ទៅ​រក​ការ​ធ្វើ​ឲ្យ​ស្ថាន​​​ភាព​សិទ្ធិមនុស្ស​មាន​ភាព​ប្រសើ​រ​ឡើង​។

លោកថៃ​​​ មករា បាន​និយាយ​​​​​​ថា“ មនុស្ស​គ្រប់​​​រូប​​​​នៅ​ទីនេះគឺ​​​សុទ្ធ​តែ​បង់​ពន្ធ​ [អឺរ៉ុប​]។ ដូច្នេះ​ក្នុង​នាម​ជា​​អ្នក​បង់​ពន្ធ​ យើង​សូម​ស្នើ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុបគិត​គូ​រឡើង​វិញពីការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​​​​​ ពី​​​ព្រោះ​…​ ពេល​កម្មករ​ កម្មការិនី​​ធ្វើ​កូដកម្ម​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ ពួកគេ​ [រដ្ឋាភិបាល​] បាន​បញ្ជូន​កង​កម្លាំង​ទៅ​សម្លាប់​ពួកគេ​”​៕ សេរីវុធ​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស