នៅពេលលោកទទួលតំណែងជាអភិបាលរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៣ លោក ប៉ា សុជាតិវង្ស បានសន្យាថា នឹងធ្វើជាអភិបាលដែលនឹងដោះស្រាយគ្រប់បញ្ហា។
អ្នកកាន់តំណែងមុនលោកគឺលោក កែប ជុតិមា បានមើលការខុសត្រូវចំពោះការបូមខ្សាច់ចាក់បំពេញបឹងកក់ និងការបណ្តេញចេញទ្រង់ទ្រាយធំលើអ្នកភូមិនៅសហគមន៍បឹងកក់នេះ។ ហើយបញ្ហាដែលកើតឡើងស្រដៀងៗគ្នានេះទៀតគឺនៅសហគមន៍បុរីកីឡាក្នុងខណ្ឌ៧មករា និងតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ អំឡុងលោក កែប ជុតិមា ធ្វើជាអភិបាលរាជធានីភ្នំពេញរយៈពេល១០ឆ្នាំ។
បន្ទាប់ពីដំឡើងតំណែងពីតំណែងអភិបាលរងទៅជាអភិបាលរាជធានីភ្នំពេញ លោក បា៉ សុជាតិវង្ស បានសន្យានៅក្នុងពិធីតែងតាំងតំណែងកាលពីឆ្នាំមុនថា នឹងធ្វើជាអភិបាលរាជធានីមួយរូបថ្មីដ៏ល្អ។
លោក បា៉ សុជាតិវង្ស បានសន្យា នៅពេលនោះថា“ លោកនឹងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន ដូចជាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាចរាចរណ៍ បរិស្ថាន និងបញ្ហាទីក្រុងស្អាត ហេដ្ឋារចនាសម័្ពន្ធ ជា ពិសេសដូចជាផ្លូវ ប្រព័ន្ធលូ និងបញ្ហាទឹកស្អាត ព្រមទាំងបញ្ហាវិវាទដីធ្លីដែលនៅសេសសល់មួយចំនួនដូចជា នៅតំបន់បឹងកក់ តំបន់បុរីកីឡា សហគមន៍ថ្មគោល និងបឹងស្តុកទឹកនានា”។
តែទោះជាយ៉ាងណាក៏ដោយ ជាង១០ខែកន្លងទៅហើយ បញ្ហាវិវាទដីធ្លីនៅតែមិនទាន់ថយចុះនិងមិនទាន់ដោះស្រាយ។
កាលពីសប្តាហ៍មុន ការតវ៉ាមួយត្រូវបានធ្វើឡើងនៅខាងក្រៅសាលារាជធានីភ្នំពេញដោយតំណាងអ្នកភូមិមកពីសហគមន៍បុរីកីឡានិងបឹងកក់ដែលបានលើកឡើងម្តងទៀតអំពីការអំពាវនាវជាយូរមកហើយរបស់ពួកគេសុំឲ្យមានការផ្តល់យុត្តិធម៌និងការទទួលស្គាល់ចំពោះសិទ្ធិដីធ្លីរបស់ពួកគេ។
តំណាងសហគមន៍បានលើកឡើងថា នៅមានអ្នកភូមិដែលបដិសេធមិនព្រមចាកចេញពីផ្ទះសំបែងរបស់ខ្លួនជាច្រើនទៀតនៅអតីតតំបន់បឹងកក់ ដែលរដ្ឋាភិបាលត្រូវតែផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់។ រីឯនៅតំបន់បុរីកីឡាវិញ តង់រហែករយ៉េរយៃ៉ជាច្រើននៅខាងក្រោយអគារមួយចំនួនគឺជាទីជម្រករបស់អ្នកភូមិប្រហែល១០០ គ្រួសារដែលមិនដែលទទួលបានផ្ទះថ្មីជំនួសផ្ទះចាស់របស់ពួកគាត់នៅឡើយ បន្ទាប់ពីយល់ព្រមចាកចេញពីផ្ទះសំបែងរបស់ខ្លួន ដើម្បីបើកផ្លូវសម្រាប់គម្រោងសាងសង់របស់ក្រុមហ៊ុនឯកជនមួយ។
អ្នកភូមិមកពីសហគមន៍ទាំងពីរបានបន្តការតវ៉ារបស់ខ្លួននៅតាមផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
អំឡុងពេលដែលលោក ប៉ា សុជាតិវង្ស ត្រូវបានដំឡើងតំណែង លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានជាអង្គការក្រៅរដ្ឋាភិបាលសិទ្ធិដីធ្លីបានលើកឡើងថា លោកមិនសូវជាមានការជឿជាក់លើការសន្យារបស់អភិបាលរាជធានីថ្មីនេះប៉ុន្មានទេ ព្រោះការសន្យារបស់លោកគឺគ្រាន់តែធ្វើឡើងនៅមុនថ្ងៃបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំមុនតែប៉ុណ្ណោះ។
សព្វថ្ងៃលោក សៀ ភារម្យ នៅតែមិនជឿជាក់ថា អភិបាលរាជធានីថ្មីនេះនឹងមានបំណងដោះស្រាយវិវាទដីធ្លីជាយូរមកហើយនេះឡើយ ព្រោះមកទល់នឹងពេលនេះនៅមិនទាន់មានវិវាទដីធ្លីណាមួយត្រូវបានដោះស្រាយឡើយ។
លោក សៀ ភារម្យ មានប្រសាសន៍កាលពីសប្តាហ៍មុនថា “ យើងធ្លាប់ជួបជាមួយគាត់ [លោក បា៉ សុជាតិវង្ស] បីបួនលើកមកហើយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយសហគមន៍បឹងកក់និងបុរីកីឡា ហើយគាត់បានសន្យាថា គាត់នឹងប្តេជ្ញាដោះស្រាយបញ្ហាជាពិសេសបញ្ហាទាំងពីរនេះ”។
លោកបានប្រសាសន៍បន្ថែមថា “ ប៉ុន្តែបញ្ហាទាំងនេះនៅតែពន្យារពេល”។ លោកបានបន្តថា លោក ប៉ា សុជាតិវង្ស ទទួលថ្មបាក់ពីអ្នកកាន់តំណែងមុនលោក គឺលោក កែប ជុតិមា ដែលវាលំបាកនឹងដោះស្រាយ។
លោកមានប្រសាសន៍ទៀតថា “ លោក ជុតិមា បានបន្សល់ទុកនូវបញ្ហាធំៗជាច្រើន ហេតុដូច្នេះវាមានបញ្ហាធំៗជាច្រើនដែលធ្វើឲ្យលោក ប៉ា សុជាតិវង្ស មិនអាចដោះស្រាយបានក្នុងពេលឆាប់ៗ”។
លោក សៀ ភារម្យ បានលើកឡើងថា អ្វីដែលគួរឲ្យកត់សម្គាល់អំឡុងអាណត្តិរបស់អភិបាលរាជធានីថ្មីនេះគឺ ការប្រើវិធីសាស្ត្រយ៉ាងចាស់ដៃលើអ្នកតវ៉ាអហិង្សា។ លោកបានមានប្រសាសន៍ថា “ គាត់មានការរឹតបន្តឹងខ្លាំងលើការជួបជុំជាសាធារណៈនិងការតវ៉ា”។
អំឡុងអាណត្តិរបស់លោក មានកងសន្តិសុខនិងក្រុមស៊ីវិលបានប្រើអំពើហិង្សាវាយដំលើកម្មករ សមាជិកសហជីព សកម្មជនការពារសិទ្ធិមនុស្ស អ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកកាសែត។ពួកគេបានវាយប្រហារទៅលើអ្នកចូលរួមអំឡុងការអុជទៀនរំឭកវិញ្ញាណក្ខន្ធនៅឯវត្តភ្នំកាលពីខែកញ្ញា និងប្រើអំពើហិង្សាបោសសម្អាតព្រះសង្ឃនិងអ្នកគាំទ្ររបស់គណបក្សប្រឆាំង ដែលធ្វើការតវ៉ាដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យកាលពីខែមករា។
នគរបាលបង្ក្រាបបាតុកម្ម និងកងរាជអាវុធហត្ថប្រដាប់អាវុធ បច្ចុប្បន្នត្រូវបានគេឃើញមាននៅតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈមនុស្សចំនួនប្រាំពីរនាក់ត្រូវកងសន្តិសុខបាញ់សម្លាប់នៅក្នុងរាជធានីភ្នំពេញចាប់តាំងពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដាមក។ កាលពីថៃ្ងទី៣ខែមករា អ្នកតវ៉ាដែលធ្វើកូដកម្មចំនួនប្រាំនាក់ត្រូវបានបាញ់សម្លាប់និងជាង៤០នាក់រងរបួស នៅពេលមន្ត្រីកងរាជអាវុធហត្ថរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅលើផ្លូវវេងស្រេង ដើម្បីបង្ក្រាបការធ្វើកូដកម្មរបស់កម្មកររោងចក្រ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីបានខិតខំអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានៃការបណ្តេញចេញពីដីធ្លីនេះក្នុងរយៈពេលជាង១០ខែមកនេះ។
លោកបានមានប្រសាសន៍ថា “ យើងបានចាប់ផ្តើមដោះស្រាយបញ្ហានៅតំបន់បឹងកក់ដោយសន្សឹមៗ ហើយក្រុមការងាររបស់យើងបានបញ្ចប់ការសិក្សាលើតំបន់មួយចំនួនសម្រាប់ពួកគាត់និងវាស់វែងដីធ្លីរួចហើយ។ យើងបានដោះស្រាយបញ្ហាជូនអ្នកភូមិចំនួន១៧គ្រួសារ កាលពីសប្តាហ៍មុន ហើយយើងបន្តដោះស្រាយបញ្ហាបន្តទៀត”។
លោកមានប្រសាសន៍បន្ថែមថា “ សម្រាប់តំបន់បុរីកីឡាវិញ យើងបានបញ្ចប់ការងាររបស់យើងរួចហើយ ហើយយើងកំពុងតែរង់ចាំពេលវេលាសម្រាប់ផ្តល់ជម្រកបណ្តោះអាសន្នដល់ពួកគាត់ ហើយកំពុងរង់ចាំមើលថា តើគ្រួសារណាខ្លះនឹងអាចទទួលនិងមិនអាចទទួលបានជម្រកបណ្តោះអាសន្ននេះ” ។
លោកក៏បានលើកឡើងដែរថា ការបង្ក្រាបចាំបាច់ត្រូវតែធ្វើឡើង ព្រោះមានការកើនឡើងនូវអ្នកតវ៉ាអនាធិបតេយ្យដែលបង្ហិនបង្ហោចទ្រព្យសម្បត្តិនៅតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា “ ភាពអនាធិបតេយ្យនេះគឺកើតចេញពីអ្នកតវ៉ាជ្រុលនិយមដែលបង្កើតភាពអនាធិបតេយ្យ និងកើតចេញពីជនបង្កជម្លោះទី៣ ដែលបណ្តាលឲ្យមានមនុស្សស្លាប់នោះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ការបង្ក្រាបនានាមិនមែនចាប់ផ្តើមនៅពេលគាត់ឡើងកាន់អំណាចនោះទេ វាគឺដោយសារតែចាប់តាំងពីលោកឡើងកាន់តំណែងមក ភាពអនាធិបតេយ្យនេះបានកើតឡើងដំណាលគ្នា”៕ ស៊ុយឈាង