33 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​​លើក​សំណើជា​ច្រើន​ចំណុច​​នៅ​ក្នុង ​​ការ​ចរចា​​កែ​ទម្រង់​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងកិច្ច​ប្រជុំ​លើក​ទី​៣​របស់​​គណៈ​កម្ម​ការ​ចម្រុះ​ដើម្បីសិក្សា​ និង​រៀបចំ​ក្រប​ខណ្ឌ​​កំណែ​ទម្រង់​ការ​បោះឆ្នោត​កាល​ពីម្សិល​មិញ គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​​ចំនួន​១៤​ចំណុច​សម្រាប់​ការ​ពិភាក្សា​នា​ពេល​អនាគត​ ប៉ុន្តែ មិន​បាន​ដោះ ស្រា យ​បញ្ហា​សំខាន់​នៃ​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ទេ​។

គណបក្ស​សង្គ្រោះ​ជាតិ​បា​ន​ចូល​តុ​ចរចា​ជា​លើក​ដំបូង​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កាល​ពីដើម​ខែ​នេះ​ជាមួយសំណើ​សុំ​កែទម្រង់​ប្រាំពីរ​ចំណុច​ ហើយ​សំណើ​​របស់​គណបក្ស​នេះ​បាន​កើត​ឡើង​ពីរ​ដង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​គណបក្ស​ទាំង​ពី​រ​នៅ​ព្រឹទ្ធ​សភា​​កាល​ពីម្សិលមិញ​។

លោក​ ប៊ិន ឈិន ឧបនាយក​រដ្ឋ​មន្ត្រី​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ដឹកនាំ​មន្ត្រី​គណបក្សកាន់អំណាច​បាន​មាន​​ប្រសាសន៍​ថា ចំណុច​ទាំង​១៤​ដែល​រួម​ទាំង​កំណែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត​ជាតិ​​ផង​​នោះ​​នឹង​ត្រូវ​លើក​​យក​ទៅ​​ពិភាក្សា​​ក្នុង​កិច្ច​ប្រជុំ​ជា​សាធារណៈ​នៅពេល​អនាគត​​ដើម្បី​សម្រេច​ថា តើ​ត្រូវ​យក​ចំណុច​កែ​ទម្រង់​​មួយ​ណា​ជា​អាទិភាព​។

លោក​ ប៊ិន ឈិន បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ​ថា “ ក្រប​ខណ្ឌ​នៃកំណែ​ទម្រង់ការ​បោះ​ឆ្នោត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ដែល​គណៈកម្ម​ការ​នេះ​បាន​​សិក្សា​ ហើយ​យើង​បាន​ព្រម​ព្រៀង​គ្នា​លើ១៤​ចំណុច​ ដូច្នេះ​ចំណុច​ទាំង​អស់​សុទ្ធ​ តែ​សំខាន់​”។

លោក​បានមាន​ប្រសាសន៍ថា “​ យើង​ត្រូវ​​ពិភាក្សា​​គ្នា​ថា​តើ​​ត្រូវ​មាន​កំណែ​ទម្រង់​​កម្រិ​ត​ណា​។ យើង​មិនទាន់​ដឹង​នៅ​ឡើង​ទេ​ ​ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្តងទៀត​នៅ​សប្តាហ​៍​ក្រោយ​ដើម្បី​រៀបចំសិក្ខា​សាលា​ថ្នាក់​​​ជាតិ​មួ​យ​ស្តី​ពីកំណែទម្រង់​ការ​បោះ​ឆ្នោត​”។

ចំណុច​កែទម្រង់​ទាំង​១៤​នោះ រួម​ទាំង​សំណើ​ដំបូង​ទាំង​ប្រាំពីរ​ចំណុច​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ដូច​ជា​​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​​​ ការ​ចុះ​ឈ្មោះអ្នក​បោះឆ្នោត​ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ការ​បង្កើត​យន្ត​ការ​ដោះស្រាយ​​វិវាទ​បោះឆ្នោត​ ការ​បោះឆ្នោត​ជ្រើ​ស​រើស​មេភូមិ​ និងអព្យាក្រឹត​ភាព​​នៃ​មន្ត្រី​រាជ​ការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​។

សំណើ​កែ​ទម្រង់​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ដាក់​បញ្ចូល​ គឺ​ការ​បង្កើត​ច្បាប់​ស្តី​ពី​​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោ​បាយ​ អព្យាក្រឹត​ភាព និង​សុចរិត​ភាព​នៃ​អង្គការ​សង្គម​សីុវិល​ និង​ក្រុម​សង្កេត​ការណ៍​បោះ​ឆ្នោត​ឯករាជ្យ កាលបរិច្ឆេទ​នៃការ​បោះ​ឆ្នោត​ កែសម្រួល​ និង​ពង្រឹង​ទោស​​ប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​​ និងការ​ស្ទង់​មតិ​។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដឹកនាំ​សមាជិក​គណបក្ស​ប្រឆាំង​នៅក្នុងការ​ចរចា​​ធ្វើ​កំណែទម្រង់​ការ​បោះឆ្នោត​នេះ   ​បា​នមាន​ប្រសាសន៍ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​​ដាក់​សំណើ​កែ​ទម្រង់​បន្ថែមទៀត​ ហើយ​មាន​បំណង​ធ្វើ​ឲ្យ​យឺត​យ៉ាវ​ដល់​ដំណើរ​​ ការ​នៃការ​​អនុវត្ត​កំណែ​ទម្រង់​ពិត​ប្រាកដ​ជា  ថ្មី​ម្តង​ទៀត​។

លោក សុន ឆ័យ បានមាន​ប្រសាសន៍ថា “គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​បន្ត​របៀប​វារៈ​លាក់​បាំង​។ ពួក​​គេ​មិន​ស្មោះ​ត្រង់​អំពី​​ប្រធាន​បទ​សម្រាប់​ការ​កែ​ទម្រង់​នេះ​ទេ​”។​លោក​បាន​បន្ថែមថា កំណែ​ទម្រង់​ដែល​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ស្នើ​ឡើង​មិន​ពាក់​ព័ន្ធ​នឹង​ភាព​មិ​ន​ប្រក្រតី​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​កាល​ពីខែ​កក្កដា​ ដែល​មាន​​ការ​​ចរចា​​អំពី​​កំណែ​​ទម្រង់​​​នោះទេ​​។

លោក​ សុន ឆ័យ​ បានមាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុងផ្តោត​ទៅលើ​ចំណុច​សំខាន់​ពីរ​នៅក្នុងការ​ប្រឹង​ប្រែ​ង​របស់​ខ្លួន​​ដើម្បី​ជំរុញ​ឲ្យមានកំណែទម្រង់ការ​បោះ​ឆ្នោត​ “ ចំណុច​ទី​១ គឺ​សាធារណជន​ដែល​មិន​មាន​ជំនឿ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​​ចំណុច​មួយ​ទៀត​គឺអ្នកការ​ទូត​ដូចជា​សហ​ភាព​​អឺរ៉ុប​ដែល​ហាក់ដូច​ជា​គិតថា ការ​ចរចា​ទាំង​នេះ​​នឹង​បាន​ទទួល​​ផល​ល្អ​”។ លោក​បាន​បន្ថែម​​ថា អំឡុង​កិច្ច​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទា​ម​ទារ​បង្កើត​ក្រប​ខណ្ឌ​សម្រាប់​កំណែទម្រង់​ការ​បោះឆ្នោត​ជាក់​លាក់​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បានព្រមាន​កាល​ពីសប្តាហ៍​មុន​ថា ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​មិន​ទទួល​យក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប.​ដោយ​​ការ​បោះ​ឆ្នោត​សំឡេ​ង​ពីរភាគបី​នៅក្នុង​រដ្ឋ​សភា​ទេ​នោះ​​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អំពាវ​នាវ​ឲ្យអ្នក​គាំទ្រ​របស់​ខ្លួន​ជួប​ជុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ម្តង​ទៀត​។

​តាម​​ឮថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​ព្រម​ព្រៀង​កែ​ទម្រង់​ គ.ជ.ប.ដែល​មាន​សុទ្ធ​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​នោះ​ទេ​ ហើយ​បែ​រជា​ផ្តោត​ទៅ​លើ​ការ​លម្អៀង​របស់​អង្គការ​សង្គម​សីុវិល​ទៅរក​គណបក្ស​ប្រឆាំង​វិញ​។ ការ​ចរចា​គ្រោង​បន្ត​ទៀត​នៅថ្ងៃទី​២៤​ខែ​មីនា​ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​រួម​ដែល​គណបក្ស​ទាំង​ពី​រ​បាន​ចេញ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ​។ គឹម​ហឿន

(រាយការណ៍បន្ថែម​ដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស