29.3 C
Phnom Penh

កុមារអាយុ​២ឆ្នាំ​ម្នាក់ទៀត​ហើយ​ស្លាប់​ដោយ​សារជំងឺ​គ្រុន​ផ្តាសាយ​បក្សី​​​នៅ​​​បន្ទាយ​​​មាស​​​ខេត្ត​​​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គ​ការ​សុខ​ភាព​ពិភព​លោកនិង​ក្រសួង​​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​​​មិញ​ថា កុមារី​​​អាយុ​២​ឆ្នាំម្នាក់​​បាន​ក្លាយ​​​ជា​មនុស្សថ្មី​បំផុត​​​ដែល​​បាន​ស្លាប់​ដោយ​​សារ​ជំងឺគ្រុន​ផ្ដាសាយ​បក្សីនៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ​។

ការ​ស្លាប់​កុមារី​​រូប​នេះ​ធ្វើ​ឲ្យ​​មនុស្ស​​សរុ​ប​​៥៦​នាក់​ ដែល​បាន​ស្លាប់​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ដោយ​សារមេរោគ​គ្រុន​ផ្ដា​សា​យ​បក្សី H5N1 ចាប់​តាំងពី​ឆ្នាំ​២០០៥​មក​។ សេចក្ដី​ថ្លែង​ការណ៍រួម​មួយ​បាន​ឲ្យ​ដឹងថា កុមារី​រូប​នេះ​មកពី​ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត មាន​ជំងឺ​​គ្រុន​ក្ដៅ​កាលពី​ថ្ងៃ​ទី​៨ ខែមីនា ហើយ​បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​គ្រូពេទ្យ​ឯកជន​មក​ព្យាបាល​​ ហើយ​បន្ទាប់មក​យក​ទៅ​គ្លីនិក​ឯក​ជន​ ហើយ​​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ក្នុង​រាជធានីភ្នំពេញ កាល​​​ពី​ថ្ងៃ​ទី​១៣  ខែ​មីនា។

សេចក្ដីថ្លែង​ការណ៍ ​ដដែល​នេះ​ឲ្យ​ដឹងទៀត​ថា ​​​“ កុមារី​នេះ​មាន​រោគ​សញ្ញា​​គ្រុន​ក្ដៅ​​​​​​​ ក្អក និង​ដក​ដង្ហើម​ខ្លី​ៗ ហើយ​ត្រូវបាន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ Tamiflu នៅ​ថ្ងៃ​ដដែល​នោះ។ កុមារីនេះ​បាន​ស្លាប់​កាល​​​ពី​​​​​ថ្ងៃ​ទី​១៤ ខែមីនា”។  ការ​ស្លាប់​កុមារីនេះ គឺ​ជា​មនុស្ស​​ទី​៩​ហើយដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក។ សំណាក​ជាលិកា​ដែល​គេ​យ​កពី​មន្ទីរ​ពេទ្យ​នេះ​ត្រូវបាន​បញ្ជាក់​ដោយ​​វិទ្យាស្ថាន​បា៉ស្ទ័រថា ពិត​ជាបា​ន​ឆ្លង​មេរោគ​H5N1​មែន។

យោង​តាម​សេចក្ដីថ្លែង​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ឲ្យ​ដឹង​ថា សត្វ​មាន់​ទា​បាន​​ចាប​់​ផ្ដើម​ងាប់​នៅ​ក្នុង​ភូមិ​ដែល​កុមារី​នេះ​រស់​នៅ និង​នៅផ្ទះ​របស់​នាង​ចាប់​ពីដើម​ខែ​កុម្ភៈ​មក​។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​បន្ត​ថា “នៅ​​​​ចុង​ខែ​​កុម្ភៈ និង​ដើម​ខែមីនា​​​គេ​បា៉ន់​ប្រមាណ​​​​​ថា សត្វ​មាន់​ទា​៩០​ភាគ​រយ​នៅ​ក្នុង​ភូមិន​នេះ​បាន​ងាប់​។ កុមារី​នេះ​ បាន​ប៉ះ​ពាល់​សត្វ​មាន់​ងាប់​ដោយ​ផ្ទាល់ ចំណែក​សាច់​ញាតិ​របស់​នាង​បាន​យក​វា​ទៅ​ចម្អិន​ធ្វើ​ម្ហូប​ ហើយ​នាង​បាន​ហូប​ទៀត”។

យោង​តាម​លោកស្រី Vicky Houssiere មន្ត្រី​ទំនាក់​ទំនង​នៅ​អង្គការ​សុខ​ភាព​​​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា  កុមារ​ី​តូចរូប​​នេះ​គឺ​ជា​​​មនុស្ស​​​​​​​ទី​២ហើយ​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ស្រុក​បន្ទាយ​មាសចាប់​តាំង​ពី​ឆ្នាំមុន​មក បន្ទាប់ពី​ក្មេង​ស្រី​ម្នាក់​ទៀត​ក៏​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដា​សាយ​បក្សី​ដែរ​។

លោកស្រី Houssiere បាន​ឲ្យ​ដឹង​ថា “  មាន​មួយ​ករណី​នៅ​ឆ្នាំ​នេះ និង​ក្នុង​ឆ្នាំ​២០១៣​មាន​​​​មួយ​ករណី​ទៀត​ក្នុង​ស្រុក​បន្ទាយ​​មាស។ ប៉ុន្តែ​វា​មិន​នៅ​ក្នុង​ភូមិ​ ឬ​ឃុំ​តែ​មួយ​ទេ។ មាន​​​ជំងឺគ្រុន​ផ្តាសាយ​បក្សី​១២​ករណី​នៅ​ក្នុង​ខេត្ត​កំពត ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក”។

កាលពីឆ្នាំ​២០០៥ បុរស​អាយុ​២៧​ឆ្នាំ​ម្នាក​​​់​ក៏​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដា​សាយ​បក្សី​ដែរ​ក្នុង​ស្រុក​បន្ទាយ​មាស​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល ក៏​បាន​ជំរុញ​ឲ្យប្រជា​ពលរដ្ឋ​ធ្វើ​ឲ្យ​​ប្រាកដ​ថា​​​ កុំ​បរិភោគ​សត្វ​មាន​់​ទា​ ដែល​ឈឺ​ឬងាប់​ឲ្យ​សោះ​ ហើយ​ថា​​​ ត្រូវ​លាង​ដៃ​ឲ្យ​បាន​​​​ស្អាត​បន្ទាប់​ពីបាន​ប៉ះពាល់​សត្វ​មាន់​ទា។ លោក​បាន​​​​លើក​​​ឡើង​​​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍រួ​ម​ថា “ ខ្ញុំជំរុញ​ឲ្យ​មាតា​បិតា និង​អាណាព្យាបាល​ណែនាំកូន​ៗ​របស់​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​សត្វ​មាន់​​ទាដែល​​ឈឺ​ឬងាប់ ហើ​យ​ហាម​ពួកគេ​កុំ​ឲ្យ​លេង​ជាមួយ​សត្វ​មាន់​ទា​ឲ្យ​សោះ”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស