អ្នកភូមិជនជាតិភាគតិចគ្រឹងជាច្រើននាក់បានតវ៉ានៅខាងក្រៅសាលាដំបូងខេត្តរតនគិរីកាលពីម្សិលមិញ ដើម្បីទាមទារឲ្យដោះលែងបុរសជនជាតិគ្រឹងម្នាក់ដែលកំពុងជាប់ ឃំុបណ្តោះអាសន្នពីបទលួចដុតគំនរឈើនៅលើដីដែលសហគមន៍នោះបានលក់កាលពីឆ្នាំ២០០៧ ប៉ុន្តែ អះអាងថា ខ្លួនមិនដែលទទួលបានលុយទេ។
លោក ហាំង នឿ អាយុ៥០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ចំពោះការដឹកនាំអ្នកភូមិមួយក្រុមទៅកាន់កន្លែងមានវិវាទដីធ្លីនោះ និងបានជួយដុតគំនរឈើដែលគេទុកសម្រាប់សាងសង់ការិយាល័យរបស់ម្ចាស់ដីថ្មី ។គាត់ត្រូវបានចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិឯកជនមួយថ្ងៃក្រោយមក និងកំពុងជាប់ឃុំនៅពន្ធនាគារខេត្ត។
លោក កាវីដ ពឿង បាននិយាយថា គាត់និងអ្នកភូមិជនជាតិគ្រឹង៥១នាក់ទៀតបានជួបជុំគ្នានៅសាលាដំបូងខេត្តអស់រយៈពេល៦ម៉ោង ស្រែកទាមទារឲ្យដោះលែងលោក ហាំង នឿ ដែលពួកគេអះអាងថា បានការពារផលប្រយោជន៍របស់សហគមន៍នេះដោយត្រឹមត្រូវ។ គាត់បាននិយាយថា “ យើងតវ៉ានៅថ្ងៃនេះដើម្បីទាមទារឲ្យដោះលែង លោក នឿ ពីព្រោះគាត់គ្រាន់តែការពារសិទ្ធិរបស់អ្នកភូមិប៉ុណ្ណោះ”។
លោក សួស ឡា ប្រធានតុលាការខេត្តបានមានប្រសាសន៍ថា អ្នកតវ៉ាមិនអាចជួយបានទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនចង់ជ្រៀតជ្រែកទេពីព្រោះនេះគឺជារឿងរបស់តុលាការ ប៉ុន្តែ ពួកគេគួររកមេធាវីឲ្យធ្វើការជាមួយតុលាការដើម្បីដោះស្រាយបញ្ហានេះជំនួសឲ្យការតវ៉ាវិញ”។
អ្នកភូមិនិយាយថា ពួកគាត់បានលក់ដីរបស់ខ្លួនទំហំ៤០០ហិកតាទៅឲ្យពាណិជ្ជករឈ្មោះ សឹុង វិសិដ្ឋ កាលពីឆ្នាំ២០០៧សម្រាប់ធ្វើចម្ការកៅស៊ូ ប៉ុន្តែ មិនទាន់បានទទួលលុយចំនួន២០.០០០ដុល្លារដែលពួកគេសន្យាបង់ឲ្យនោះទេ។
លោកប្រធានតុលាការរូបនេះបានមានប្រសាសន៍ថា លោកមិនដឹងអំពីដំណើររឿងនៃជម្លោះនេះទេ ពីព្រោះអ្នកភូមិមិនដែលធ្វើពាក្យបណ្តឹងឡើយ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនដឹងអំពីការលក់ដីនេះទេ ហើយយើងមិនអាចសើុបអង្កេតបានទេលុះត្រាតែពួកគាត់ធ្វើពាក្យបណ្តឹងមកតុលាការសិន។ តើតុលាការសើុបអង្កេតដោយគ្មានពាក្យបណ្តឹងយ៉ាងម៉េចទៅ?”។
អ្នកភូមិទើបតែធ្វើពាក្យបណ្តឹងទៅអង្គការអាដហុកកាលពីថ្ងៃសុក្រ ពីព្រោះនេះគឺជាលើកទី ១ហើយ ដែលពួកគាត់បានឃើញគេព្យាយាមរានដីនេះ។ លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តរតនគិរីបានមានប្រសាសន៍ថា អង្គការរបស់លោកនឹងធ្វើពាក្យបណ្តឹងទៅតុលាការនៅពេលឆាប់ៗនេះ។ លោក វិសិដ្ឋ ដែលជាពាណិជ្ជករបានអះអាងថា អ្នកភូមិបានទទួលលុយអស់ហើយ។ លោកបាននិយាយថា “ ខ្ញុំបានបង់លុយចំនួន២០.០០០ដុល្លារទៅ ឲ្យម្ចាស់ដីរួចហើយ បន្ទាប់ពីខ្ញុំបានទិញដីនោះពីពួកគាត់កាលពីឆ្នាំ២០០៧”។
លោក វិសិដ្ឋ បានបន្ថែមថា ចាប់តាំងពីពេលនោះមកតុលាការបានប្រគល់ដីនោះទៅឲ្យអ្នកស្រី លី សុខនីម ពាណិជ្ជករដែលបានទទួលសិទ្ធិកាន់កាប់ដីនេះដោយសារកម្ចីដែលគាត់បានខ្ចីពីអ្នកស្រីកាលពីឆ្នាំ២០១០ និងមិនអាចសងវិញបាន៕គឹមហឿន